អង្គការឃ្លុំមើលសិទ្ធិមនុស្សចេញរបាយការណ៏ស្តីពីយួនរំលោភសិទ្ធិខ្មែរក្រោម

ដោយៈ VOKK
អង្គការឃ្លំាមើលសិទ្ធិមនុស្សពិភពលោក យូមិនរ៉ាយវ៉ច ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីពាក់កណ្តាលខែមករានេះ ដោយរៀបរាប់ពីសកម្មភាព ដែលរដ្ឋាភិបាលកុម្មុយនិស្តយួនបានរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងជនជាតិភាគតិចកុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ដែលកំពុងក្រោមអាណានិគមបែបថ្មីរបស់យួន ។
 របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានប្រវែងរាប់រយទំព័របានសរសេរថា រដ្ឋាភិបាលកុម្មុយនិស្តយួនតែងចោទប្រកាន់ក្រុមប្រជាពលរដ្ឋ អង្គការ និងក្រុមសាសនានានាដែលមិនស្របនឹងរដ្ឋាភិបាលថា ជាក្រុម និងជនប្រតិកិរិយា ។ សព្វថ្ងៃនេះ មានអ្នកទោសនយោបាយប្រមាណជាង ៤០០ នាក់ កំពុងជាប់ពន្ធនាគារក្នុងស្រុកយួន ដោយទទួលរងការធ្វើទុក្ខបុកម្នេញឥតត្រាប្រណី ។ ក្នុងនោះអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមិនរ៉ាយវ៉ច មានភស្តុតាងច្បាស់លាស់ អំពីការធ្វើទារុណកម្មមកលើអ្នកទោសនយោបាយ ដូចជាការប្រើខ្សែភ្លើងឆក់ជាដើម ។
 របាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសរសេរទៀតថា ច្បាប់សន្តិសុខប្រទេសយួន គឺប្រើប្រាស់សំរាប់ចាប់ដាក់ពន្ធនាគារចំពោះសមាជិក ក្រុមសាសនា និងប្រជាពលរដ្ឋ នៃក្រុមប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តយួន ដែលមានសកម្មភាពផ្ទុយពីទស្សនៈរដ្ឋាភិបាល ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក យូមិនរ៉យវ៉ច បានបញ្ជាក់ក្នុងរបាយការណ៍ថា ប្រទេសយួនបានរឹតបន្តឹងបញ្ហាសារព័ត៌មានយ៉ាងខ្លាំង ជាពិសេសតាមរយៈការបោះពុម្ភ ការសរសេរប្លក់ បង្កើតគេហទំព័រ និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ដែលរដ្ឋាភិបាលយួនចាត់ទុកថា បានយាយីដល់សន្តិសុខជាតិ រំលាយអាថ៌កំបាំងជាតិ ឬគាំទ្រឧត្តមគតិជនប្រតិកិរិយានៅក្រៅប្រទេស ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស សរសេរថារដ្ឋអំណាចយួន បានចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារជាច្រើននាក់ មានឈ្មោះ ទ្រឿង មិញឌឹក ម្ចាស់ប្លក់ឈ្មោះ ឌីវ កី កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣០ ខែ និងអ្នកសារព័ត៌មាន
ថាន់នីង និងទូយទ្រែ ដែលបានសរសេររឿងពុករលួយដ៏មហិមារបស់មន្រ្តីក្រសួងដឹកជញ្ជូនកាលពីឆ្នាំ ២០០៥ ។
 របាយការណ៍រាប់រយទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងករណីស្តែង ៗ ដែលរដ្ឋាភិបាលកុម្មុយនិស្តយួនបានរំលោភយកដីធ្លី ការប្រើអំពើហិង្សាបង្រ្កាបក្រុមបាតុករតវ៉ារឿងដីធ្លី និងចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹក ហើយច្រកពន្ធនាគារទាំងគឃ្លើនជួរជាតិបំផុត ។
 អង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក បានរិះគន់ខ្លាំង ៗ ចំពោះនយោបាយក្រុងហាណូយផ្នែកអនុវត្តន៍ការរំលោភសិទ្ធិខ្មែរក្រោម និងជនជាតិភាគតិចកុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ។ របាយការណ៍បានបន្តថា ការដែលអាជ្ញាធរ នៃរដ្ឋាភិបាលយួនប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមបាតុករខ្មែក្រោមក្នុងខេត្តឃ្លំាង និងខេត្តមាត់ជ្រូក ដែលបានក្រោកឡើងតវ៉ារឿងដីធ្លី គឺជាសកម្មភាពរំលោភសិទ្ធិមនុស្សទាំងទទឹងទិស ។ ទង្វើបង្ក្រាបនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនធំ រត់ភៀសខ្លួនទៅកម្ពុជា ។
 របាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមិនរ៉ាយវ៉ច យើងខ្ញុំទទួលបានកាលពីថ្មី ៗ នូវលើកឡើងអំពីករណីព្រះសង្ឃជនជាតិដើមខ្មែរក្រោម ៥ អង្គ ដែលត្រូវគេកាត់ទោសឲ្យជាប់ពន្ធ-នាគារក្នុងខេត្តឃ្លាំង បន្ទាប់ពីក្រោកឡើងធ្វើការតវ៉ាដោយសន្តិវិធីកាលពីឆ្នាំ ២០០៧ ទាមទារឲ្យរដ្ឋាភិបាលយួនគោរពសេរីជំនឿសាសនា ។ អង្គការឃ្លំាមើលសិទ្ធិមនុស្សពិភពលោកមួយនេះ បានចេញរបាយការណ៍រិះគន់ត្រង់ ៗ ថា កាលពីថ្ងៃទី ២៨ ខែមិថុនា ព្រះសង្ឃជនជាតិដើមខ្មែរក្រោមមួយអង្គឈ្មោះ ទឹម សាខន ត្រូវបានរដ្ឋាភិបាលយួនដោះលែងពីពន្ធនាគារខេត្តមាត់ជ្រូក ហើយទោះបីត្រូវបានគេទទួលស្គាល់ថា ព្រះអង្គជាជនជាតិកម្ពុជាក្តី ប៉ុន្តែត្រូវបានក្រុមអាជ្ញាធរយួនរារាំង មិនឲ្យព្រះអង្គត្រឡប់ទៅកម្ពុជាវិញឡើយ ក្រោយពីការដោះលែង ។
 ទោះបីពលរដ្ឋខ្មែរកម្ពុជាក្រោម,សហព័ន្ធខ្មែរកម្ពុជាក្រោម
គណៈកម្មការសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក បានចេញរបាយការណ៍ និងថ្លែងការណ៍រិះគន់អំពីទង្វើរំលោភសិទ្ធិមនុស្ស របស់រដ្ឋាភិបាលក្រុងហាណូយយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរយួន ទាំងស្ថានទូតយួនប្រចាំក្រុងភ្នំពេញ ក៏ដូចជាបេសកម្មទូតយួនប្រចាំនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ តែងបានប្រកាសបដិសេធថា ពុំមានការរំលោភជិះជាន់សិទ្ធិមនុស្សក្នុងស្រុកយួននោះទេ ៕.