ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អគ្គរដ្ឋទូតថ្មីរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា លោក ថាច់ យឺ ដែលមានដើមកំណើត ជាខ្មែរក្រោម ទើបតែបានផ្ញើសារលិខិតតំណាងរដ្ឋាភិបាលវៀតណាមថ្វាយដល់ព្រះមហាក្សត្រ ព្រះបាទ សម្ដេច នរោត្ដម សីហមុនី នៃប្រទេសកម្ពុជា នៅថ្ងៃទី ២១ ខែសីហា កន្លងទៅនេះ ។ លោក ថាច់ យឺ បានចូលកាន់មុខតំណែងជំនួសឲ្យអគ្គរដ្ឋទូតចាស់ដែលផុតអាណត្តិ លោក ង៉ូ អាន់ យ៉ុង (Ngô Anh Dũng) ។ ការចូលកាន់មុខតំណែងរបស់ លោក ថាច់ យឺ ស្របពេលដែលស្ថានទូតវៀតណាម កំពុងតែប្រឈមនឹងបញ្ហាតានតឹង ដែលកើតឡើងអំពីការធ្វើបាតុកម្មរបស់ពលរដ្ឋប្រឆាំងនឹងសម្ដីអ្នក នាំពាក្យស្ដីពីប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ។

ព័ត៌មាន BBC បានចេញផ្សាយដោយស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមឲ្យដឹងថា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី “បានស្វាគមន៍ និង សព្វព្រះរាជហទ័យចំពោះអគ្គរដ្ឋទូតថ្មីថា នឹងចូលរួម ចំណែកក្នុងការអនុវត្តនូវតួនាទីជាស្ដានមេត្រីដ៏សំខាន់” ក្នុងទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេស ទាំងពីរវៀតណាម និងកម្ពុជា ។
ចំពោះខាងភាគីវៀតណាម លោក ថាច់ យឺ ត្រូវបានប្រភពស្រង់សម្ដីថា លោក “មានក្ដីសង្ឃឹមក្នុងពេល ដែលលោកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា នឹងបានទទួលនូវការសព្វព្រះទ័យជួយជ្រោម ជ្រែងពីព្រះមហាក្សត្រ និងមេដឹកនាំនៃប្រទេសកម្ពុជា” ។
ការចូលកាន់មុខតំណែងនេះរបស់ លោក ថាច់ យឺ បន្ទាប់ពីរូបលោក ត្រូវបានរដ្ឋាភិបាលវៀតណាមតែង តាំងជាអគ្គរដ្ឋទូត និងជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសប្រចាំស្ថានទូតវៀតណាមក្នុងប្រទេសកម្ពុជា តាមលិខិតតែងតាំងមួយច្បាប់ ចុះថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ ដោយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង (Nguyen Tan Dung) ។
លោក ថាច់ យឺ ជានរណា ?
លោក ថាច់ យឺ ជាពលរដ្ឋខ្មែរក្រោមម្នាក់ កើតនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៩៥៧ នៅភូមិវាលលាក់ ស្រុកមាត់សាមុទ្រ ខេត្តព្រះត្រពាំង (Xã Nguũ Lạc, huyện Duyên Hải , Trà Vinh) ។ នេះបើយោង តាមជីវប្រវត្តិសង្ខេបរបស់ លោក ថាច់ យឺ ដែលបានចុះផ្សាយនៅលើគេហទំព័ររដ្ឋសភានៃប្រទេសសា ធារណរដ្ឋសង្គមនិយមវៀតណាម ។
យោងតាមប្រភពព័ត៌មានដដែល បានបញ្ជាក់ថា លោក ថាច់ យឺ មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រនយោ បាយ តែមិនបានបញ្ជាក់ថា ចេញពីសាលាណាទេ ។ ចំណែកតួនាទីរបស់លោកនៅក្នុងរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាមវិញ មានច្រើនស្អេកស្កះ តែក្នុងនោះ មានតំណែងមួយជា មន្ត្រីគណៈកម្មការជនជាតិ នៃរដ្ឋសភាវៀតណាម ដែលធ្វើការជាអចិន្ត្រៃយ៍នៅការិយាល័យតំណាងរដ្ឋសភា និង គណៈកម្មការប្រ ជាជនខេត្តព្រះត្រពាំង ដែលភាសាយួនហៅថា ខេត្តត្រាវិញ ។
យោងតាមប្រភពដដែល បានបញ្ជាក់ថា លោក ថាច់ យឺ បានចូលជាសមាជិកបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៨៥ បើគិតមកទល់ពេលនេះមានរយៈពេល ២៩ ឆ្នាំ ហើយ ។
បាតុកម្មទាមទារឲ្យមន្ត្រីស្ថានទូតសុំទោស៖
ចាប់តាំងពីខែមិថុនាមកនេះ ពលរដ្ឋខ្មែរក្រោម និងក្រុមយុវនខ្មែរនៅក្នុងប្រទេសកម្ពុជា បានក្រោកឡើងធ្វើ បាតុកម្មនៅមុខស្ថានទូតវៀតណាម និងដើរហែជាក្បួននៅតាមផ្លូវដើម្បីដាក់ញត្តិនៅតាមស្ថានទូតប្រទេស នានា ថ្កោលទោសអ្នកនាំពាក្យ និងជាទីប្រឹក្សានយោបាយស្ថានទូតវៀតណាម លោក ត្រឹង វ៉ាំង ថុង ថា បានបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ដោយមន្ត្រីរូបនេះបានថ្លែងប្រាប់សារព័ត៌មានថា “ដែនដី កម្ពុជា ក្រោម ជារបស់វៀតណាមតាំងពីយូរយារណាស់មកហើយ” ។
ការធ្វើបាតុកម្មនេះ អ្នកតវ៉ាបានដុតទង់ជាតិវៀតណាមនៅមុខស្ថានទូត នៅថ្ងៃទី ១២ ខែសីហា ហើយពួក គេបានប្រមានថា នឹងបន្តធ្វើបាតុកម្ម និងដុតទង់ជាតិតទៅទៀត ប្រសិនបើមិនមានការឆ្លើយតបសមស្រប ណាមួយពីស្ថានទូតវៀតណាម នៅក្នុងខែសីហា នេះ ។
ក្រសួងការបរទេសវៀតណាម បានចេញសេចក្ដីថ្លែងការទោសចំពោះសកម្មភាពដុតទង់ជាតិខ្លួន និងចាត់ ទុកក្រុមអ្នកដុតទង់ជាតិថា “ជាក្រុមជ្រុលនិយម” ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ជនជាតិយួន និង រាំងស្ទះដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ។
ក្នុងដំណើរទស្សនកិច្ច ៣ ថ្ងៃ របស់ប្រធានសភាកម្ពុជាទៅប្រទេសវៀតណាម ពីទីក្រុងហាណូយ នាយក រដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង នៅថ្ងៃទី ១៨ ខែសីហា បានស្នើឲ្យប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ជម្រុញឲ្យរដ្ឋសភា និង រដ្ឋាភិបាលកម្ពុជា ចាត់វិធានការតាមផ្លូវច្បាប់លើក្រុមដុតទង់ជាតិ និងទប់ ស្កាត់កុំឲ្យបញ្ហានេះកើតឡើងសាជាថ្មី ។
ឆ្លើយតបនឹងការស្នើនេះ ទូរទស្សន៍ជាតិវៀតណាម (VTV) បានធ្វើសេចក្ដីអត្ថាធិប្បាយដោយមិនបានចាក់ ឲ្យឮសំឡេង លោក ហេង សំរិន ថា រដ្ឋាភិបាលកម្ពុជា “នឹងខិតខំឲ្យអស់ពីសមត្ថភាព ទៅតាមផ្លូវច្បាប់ ដើម្បីកាត់បន្ថយសកម្មភាពនេះឲ្យបានទទួលលទ្ធផលជាអតិបរណា និងទប់ស្កាត់មិនឲ្យមានការប្រើអំពើ ហិង្សានិងសកម្មភាពស្រដៀងគ្នានេះកើតឡើងសាជាថ្មី” ។
មិនបានថ្លែងដូចព័ត៌មានវៀតណាមផ្សាយ៖
ផ្ទុយពីសេចក្ដីរាយការណ៍របស់ទូរទស្សនជាតិវៀតណាម (VTV) និងបណ្ដាញផ្សព្វផ្សាយយួនក្នុងស្រុក លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានច្រានចោលដំណឹងនេះភ្លាមៗ បន្ទាប់ពីធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជា នៅថ្ងៃទី ២០ ខែសីហា ។
លោក ឈាង វុន បានថ្លែងបញ្ជាក់ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថា លោក ហេង សំរិន ប្រធាន រដ្ឋសភាកម្ពុជា មិនបានយល់ព្រមចំពោះសំណើររដ្ឋាភិបាលក្រុងហាណូយឲ្យចាត់វិធានការលើបាតុករ ខ្មែរ ក្រោមនោះឡើយ ប៉ុន្តែផ្ទុយទៅវិញនៅចំពោះមុខសមភាគីវៀតណាម លោកប្រមុខរដ្ឋសភាកម្ពុជា បានអត្ថាធិប្បាយការពារបាតុកម្មរបស់ខ្មែរក្រោម ។
លោក ហេង សំរិន ថ្លែងទៅកាន់ភាគីវៀតណាម ហើយដែលត្រូវបានស្រង់សម្ដីដោយ លោក ឈាង វុន ដែលជាមន្ត្រីអមដំណើរថា «ខ្មែរកម្ពុជាក្រោមមិនមែនចេះតែធ្វើបាតុកម្មនោះទេ ពួកគាត់ធ្វើបាតុកម្មដោយ សារអ្នកនាំពាក្យស្ថានទូតវៀតណាមនិយាយមិនត្រូវរឿងប្រវត្តិសាស្ត្រ» ។
បើតាម លោក ឈាង វុន ដដែល លោក ហេង សំរិន មិនដែលសន្យាថា នឹងចាត់វិធានការមកលើបាតុកម្មរបស់ខ្មែរក្រោមនោះទេ ហើយថា សំណើររបស់រដ្ឋាភិបាលក្រុងហាណូយដែលទទួចឲ្យកម្ពុជាចាត់វិធានការនោះ ត្រូវបានលោក ហេង សំរិន ឆ្លើយតបទៅកាន់វៀតណាមថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ ដូច្នេះសកម្មភាពបាតុកម្ម គឺជាសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋកម្ពុជា ។
លោក ឈាង វុន បានរំឭកពីកិច្ចប្រជុំរវាងលោក ហេង សំរិន និងថ្នាក់ដឹកនាំវៀតណាមមកបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា លោក ហេង សំរិន បានថ្លែងថា «គេអាចបំភ្លេចប្រវត្តិសាស្ត្របាន ប៉ុន្តែគេមិនអាចកាឡៃប្រវត្តិសាស្ត្របានឡើយ» ៕