ភ្នំពេញ: លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា បានទទួលជួបលោក វៅ ម៉ៅ ( Vu Mao ) ប្រធានសមាគមវៀតណាម-កម្ពុជា នាល្ងាចថ្ងៃទី ២២ វិច្ឆិកា នេះ នៅវិមានសន្តិភាព។ កិច្ចប្រជុំដោយ បិទទ្វារនោះ លោក ហ៊ុនសែន បានមានប្រសាសន៍ ថា តុលាការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម ដែលកំពុងដំណើរការនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលវៀតណាម បានជួយដល់កម្ពុជា។ លោក ហ៊ុនសែន ក៏បានថ្លែងអំណរគុណដល់វៀតណាម ដែលបានជួយរំដោះកម្ពុជា ចេញពីរបបប៉ុលពត រហូតដល់កម្ពុជាមានការអភិវឌ្ឍជារៀងរហូតមកដល់សព្វថ្ងៃ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោក ហ៊ុន សែន បានប្រាប់ព័ត៌មានក្នុងស្រុកថា ក្នុងកិច្ចប្រជុំរវាង លោក ហ៊ុនសែន និង ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជានោះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម ដែលមានស្រាប់ឲ្យកាន់តែ រឹងមាំព្រមទាំងជម្រាបពីសកម្មភាពរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ជួយព្យា បាលជំងឺភ្នែកដល់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែន ជួយឧបត្ថម្ភដល់សិស្សខ្មែរដែល បានទៅសិក្សានៅប្រទេសវៀតណាម និងជំរុញវិនិយោគទុនវៀតណាមឲ្យមកដាក់ទុន នៅកម្ពុជា។ រដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ត្រូវបានគេមើល ឃើញថា ឋិតនៅ ក្រោមឥទ្ធិពល នយោបាយរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម។ កាលពីឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង់ នៃខេត្តតាកែវ ដែលមានដើមកំណើតជាខ្មែរក្រោម ត្រូវបាន មន្ត្រីសង្ឃខ្មែរចាប់ ផ្សឹកហើយបញ្ជូនទៅដាក់គុកនៅវៀតណាម ដោយចោទព្រះអង្គថា «ធ្វើឲ្យបែកបាក់មិត្ត ភាពវៀតណាមកម្ពុជា»។ ក្រៅពីនេះ ព្រះសង្ឃខ្មែរក្រោម នៅក្នុងប្រទេសកម្ពុជាតែងតែ ត្រូវបានបង្រ្កាប ដោយអំពើហិង្សា ពីសំណាក់អាជ្ញាធរខ្មែរគ្មានត្រាប្រណី ខណៈព្រះសង្ឃ ខ្មែរក្រោមធ្វើការតវ៉ា នៅមុខស្ថានទូត វៀតណាម ក្នុងទីក្រុងភ្នំពេញម្ដងៗ ដើម្បីជម្រុញឲ្យ រដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅដែនដី កម្ពុជាក្រោម ៕ ប្រភពព័ត៌មាន៖ សារព័ត៌មាន ព្រៃនគរ