ស្ពានភ្ជាប់អភព្វស្នេហ៍

១­​     វាលធំជ្រលងភូមិទួអ្នកតា             បឹងឈូកអូរខ្នារវស្សាទឹកជន់

ព្រែកឆាងទឹកជ្រៅស្រីពៅតូចតន់    ឈរផ្សងបែរបន់រកទូកចម្លង   ។

២    ទូកតូចជរាគង្គាជ្រាបលេច            បងចាំជានិច្ចចាំនាំស្រីឆ្លង

និស្ស័យស្នេហ៍កម្មម៉ុមបានផ្តាំបង     សូមប្រុសស្នេហ៍ស្នងកុំចាកចោលអូន។

៣    ព្រែកឆាងទឹកហូរជំនោរដើមខែ      ស្ពានថ្មីស្រីប្រែបាត់ដំណឹងសូន្យ

សង្ឃឹមច្រវាថាបាននាំអូន             តែស្រស់ស្រីស្ងួននាងផ្លាស់ចិន្តា      ។

៤     ស្ពានវែងរយហត្ថខ្នាតបែបជាងថ្មី     លួងលោមចិត្តស្រីលង់ក្តីស្នេហា

ចោលទូកកំសត់ក្បត់ទួលអ្នកតា      ស្ពានភ្ជាប់ជីវ៉ាអូនភ្លេចបងហើយ      !

ដោយ ថាច់ រ៉ូ