ឋិតក្នុងស្ថានភាព ដ៏ចម្រូងចម្រះ អំពីរឿងជម្លោះ ព្រំដែន និងប្រាសាទ ព្រះវិហាររវាងខ្មែរ និងថៃនា ពេលបច្ចុប្បន្ននេះ ជនភៀសខ្លួន ខ្មែរកម្ពុជាក្រោម ប្រមាណជាជាង ៤០គ្រួសារនៅប្រទេសថៃ កាន់តែ ព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ខ្លួន ដោយសារតែការ រស់នៅមិនស្របច្បាប់ នៅប្រទេសនេះ ហើយ ម៉្យាងទៀត ឧត្តមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថាអង្គការ UNHCR ប្រចាំទីក្រុងបាងកក ហាក់ដូចជាមិនបាន យកចិត្តទុកដាក់ដល់ពួកគាត់ផងនោះ។ លោក ថាច់ ស្វឹងហៀង ជាជនភៀសខ្លួនខ្មែរកម្ពុជាក្រោមម្នាក់ មានស្រុកកំណើតនៅខេត្តឃ្លាំង បានមានប្រសាស ន៍ថា សព្វថ្ងៃនេះ បងប្អូនជនភៀសខ្លួន ខ្មែរកម្ពុជាក្រោម នៅប្រទេសថៃ មានការភ័យខ្លាច យ៉ាងខ្លាំង ពីកងតម្រួតថៃ ដែលចុះមកឆែកឆេរ និងបោសសម្អាតជន ដែលមកតាំងទីលំនៅខុសច្បាប់ម្តងៗ។ លោកបានមាន ប្រសាសន៍បន្ថែមថា បងប្អូនជនភៀសខ្លួន ខ្មែរកម្ពុជាក្រោមទាំងនោះ រស់នៅដោយ លាក់ខ្លួន មិនហ៊ានធ្វើដំណើរ ចេញទៅណាឆ្ងាយទេ ដែលនាំឲ្យ កងតម្រួតថៃឃើញ ហើយចាប់បញ្ជូន មកឲ្យអាជ្ញាធរខ្មែរ ឬយួនវិញ។ ម៉្យាងទៀតពួកគាត់ ក៏មិនមានសេរីភាព ក្នុងការប្រកបមុខរបរ ចិញ្ចឹម ជីវិតទេ គ្រាន់តែលបលួច ស៊ីឈ្នួលបេះបន្លែ ឲ្យជនជាតិថៃបន្តិចបន្តួច គ្រាន់បានកម្រៃខ្លះ ដើម្បីចិញ្ចឹម ក្រពះ “ជួយដល់បងប្អូនខ្មែរ កម្ពុជាក្រោមផង ដូចជារូបខ្ញុំផ្ទាល់ដែរ វេទនាណាស់រាល់ថ្ងៃនេះ និយាយរួម ទៅ គឺថាមានការតក់ស្លត់ និងភ័យខ្លាចណាស់ ទី២ទៀត គឺថា UNHCR នៅប្រទេសថៃនេះ គេមិនសូវ យកចិត្តទុកដាក់ និងពួកខ្ញុំបាទផ្ទាល់ទេ គេតែងតេគេចវេះ និយាយអត់មានពា្យពិត គេណាត់យើងអត់ មាន ប្រសិទ្ធភាពទេ គេណាត់ គេចេះតែលើកទៅដល់ និយាយរួម គេមិនមានការខ្វល់ខ្វាយ អីដល់ទាំង អស់ និយាយរួម គឺគេមិនយកចិត្តទុកដាក់តែម្តង ត្រង់កន្លែងនេះ”។ លោក ថាច់ ស្វឹងហៀង ជាអតីត សមណនិស្សិត នៅលាសាបាលីជាន់ខ្ពស់ នាទីរួមខេត្តឃ្លាំង។ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ លោកបានចូលរួមធ្វើបាតុកម្ម ជាមួយនិងសមណនិស្សិត ខ្មែរកម្ពុជាក្រោម ជាច្រើនរយអង្គ ផ្សេងទៀត នៅសាលាបាលី ជាន់ខ្ពស់ ខេត្តឃ្លាំង ប្រឆាំងទៅនឹងអាជ្ញាធរយួន ដែលបំបិទសិទ្ធិសេរីភាព ព្រះសង្ឃ ខ្មែរកម្ពុជាក្រោម នៅខេត្តឃ្លាំងមិន ឲ្យនិមន្តចេញបិណ្ឌបាត និងការប្រតិបត្តិ ធម៌វិន័យ ព្រះពុទ្ធសាសនា ផ្សេងៗទៀត។ ក្រោយពីព្រឹត្តិការណ៍ ០៨ កុម្ភៈ នោះមក លោកត្រូវបាន អាជ្ញាធរយួន បញ្ឈប់ការសិក្សា ហើយចាប់ផ្សឹកពីភិក្ខុភាវៈទៀតផង។ ដោយព្រួយបារម្ភ ពីសុវត្ថិភាព លោកក៏បានភៀសខ្លួន មកប្រ ទេសកម្ពុជា និងការរស់នៅ ក្នុងប្រទេសកម្ពុជា មិនមានសេចក្ដី សុខសុវត្ថិភាព សម្រាប់លោក លោក ក៏បានភៀសខ្លួន បន្តមកប្រទេសថៃរហូត មកដល់សព្វថ្ងៃនេះ។ លោក ថាច់ ស្វឹងហៀង បានប្រាប់ឲ្យ ដឹងផងដែរថា លោកបានដាក់ពាក្យ ទៅឧត្តមស្នងការ នៃអង្គការសហប្រជាជាតិ ទួលបន្ទុកជនភៀស ខ្លួន រួចហើយតាំង ពីខែមិថុនា ឆ្នាំ២០០៩ ក្រោយពីការសម្ភាសន៍ ធ្លាក់កាលពីដើមឆ្នាំ២០១០ មក លោកក៏បានដាក់ពាក្យ សុំសម្ភាសន៍ ជាលើកទីពីរ តែត្រូវបានអង្គការ UNHCR ពន្យាពេលសម្ភាសន៍ រហូតមកដល់ ពេលនេះ។ រីឯលោក ថាច់ លីភោ មានស្រុកកំណើតនៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កម្ពុជាក្រោម លោកត្រូវបានអង្គការ UNHCR ទទួលស្គាល់ លោកជាជនភៀសខ្លួន ពេញសិទ្ធិកាលពី ឆ្នាំ២០០៩មកម៉្លេះ រហូតមកដល់ពេលនេះ អង្គការ UNHCR មិនទាន់បញ្ជូនលោក ទៅកាន់ប្រទេសទីបី នៅឡើយទេ ដោយពុំមានមូលហេតុច្បាស់លាស់។ លោក ថាច់ លីភោ ធ្លាប់បានអាជ្ញាធរយួន ចាប់ដាក់ ពន្ធនាគារ អស់រយៈពេល ៣ខែ និង១៨ ថ្ងៃ គឺកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៥ ដោយចោទលោក ពីបទបំផុសបំផុល ខ្មែរកម្ពុជាក្រោម ប្រឆាំងនឹងរដ្ឋាភិបាល គុម្មុយនីស្ដយួន តែលោកបានអះអាងថា កាលនោះលោកបាន បង្ហាត់បង្រៀន និងផ្សព្វផ្សាយ ដល់ខ្មែរកម្ពុជាក្រោម បានស្គាល់ពីប្រវត្តិសាស្ដ្រ និងភូមិសាស្ដ្រ ខ្មែរកម្ពុជាក្រោម។ ជនភៀសខ្លួន ខ្មែរកម្ពុជាក្រោម ម្នាក់ទៀតគឺ លោក ចៅ អ៊ុក ដែលមានស្រុកកំណើត នៅខេត្តមាត់ជ្រូក លោកបានភៀសខ្លួន មកប្រទេសថៃ កាលពីឆ្នាំ២០០៩ ដំណាលគ្នា ជាមួយនិងលោក ចៅ ហេន ដោយអាជ្ញាធរយួន ចោទប្រកាន់ថា លោកបានចូលរួម សកម្មភាពជាមួយ នឹងសហព័ន្ធ ខ្មែរកម្ពុជាក្រោម ទាមទារទឹកដី និងផ្តួលរំលំរដ្ឋាភិបាល គុម្មុយនីស្ដយួន ហើយចេញដីកាចាប់ខ្លួន លោកដាក់ពន្ធនាគារ។ តែលោក ចៅ អ៊ុក បានអះអាងថា តាមពិតលោក បានធ្វើការទាមទារ យកដីស្រែចំការ របស់លោក ដែលរដ្ឋាភិបាលយួន បានរំលោភយក តែប៉ុណ្ណោះ។ លោកបាន មានប្រសាសន៍ ឲ្យដឹងអំពីស្ថានភាព រស់នៅរបស់លោក ផងដែរថា លោកនិងក្រុមគ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីកងតម្រួតថៃ ដែលប្រុងចុះ មកចាប់បញ្ជូន ទៅឲ្យអាជ្ញាធរយួនវិញ។ លោកបានឲ្យដឹង បន្ថែមទៀតថា លោកបានដាក់ពាក្យ និងសម្ភាសន៍ សុំសិទ្ធិជ្រកកោន ជាជនភៀស ខ្លួន ក្នុងសំណាក់ឧត្តមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន នៅប្រទេសថៃ ផងដែរកាលពីឆ្នាំ២០០៩ មកម្លេះ តែលទ្ធផលត្រូវបានធ្លាក់ ដោយអង្គការ UNHCR ផ្តល់មូលហេតុថា លោកមិនគ្រប់លក្ខខណ្ឌក្នុងឋានៈជាជនភៀសខ្លួន។ តែលោកក៏បានដាក់ពាក្យសារជាថ្មីម្តងទៀត កាល ពីដើមឆ្នាំ២០១០រហូតមកដល់ពេលនេះនៅមិនទាន់មានលទ្ធផលអ្វីទេ។
សូមរំឭកផងដែរថា ជនភៀសខ្លួនខ្មែរ កម្ពុជាក្រោមម្នាក់ គឺលោក ចៅ ហេន ក្រោយពីអង្គការ UNHCR នៅប្រទេសថៃ ឆ្លើយតបមកលោកថា លោកអាចត្រឡប់ ទៅស្រុកកំណើតបាន ដោយសុវត្ថិភាព តែ ពេលដែលលោក ត្រឡប់ទៅដាល់ស្រុកកំណើត ត្រូវបានអាជ្ញាធរយួន ខេត្តមាត់ជ្រូក ចាប់ខ្លួននិងកាត់ ទោស ជាប់ពន្ធនាគារ ២ ឆ្នាំ កាលពីថ្ងៃទី៣១ ខេមីនា ថ្មីៗនេះ ដោយចោទប្រកាន់ពីបទ បំភ្លិចបំផ្លាញ សម្បត្តិសាធារណៈ។ បច្ចុប្បន្នជនភៀសខ្លួន ខ្មែរកម្ពុជាក្រោម ប្រមាណជាជាង ៤០គ្រួសារទាំង ពួក គាត់ភៀសខ្លួន ដោយសារតែ អាជ្ញាធរយួន គាបសង្កត់ ផ្នែកនយោបាយ ជំនឿសាសនា និងការរំលោភ យកដីធ្លី ហើយថែមទាំងគម្រាម ចាប់ដាក់ពន្ធនាគារជាដើម។ ក្នុងចំណោមក្រុមគ្រួសារ ជនភៀសខ្លួន ទាំងនោះមានតែ៥គ្រួសារប៉ុណ្ណោះ បើគិតជាចំនួនមនុស្សមានប្រមាណ១៨នាក់ ដែលអង្គការ UNHCR ទទួលស្គាល់ និងផ្តល់ឋានៈ ជាជនភៀសខ្លួន ស្របច្បាប់ តែមកដល់បច្ចុប្បន្ននេះ អង្គការ UNHCR នៅមិនទាន់បញ្ជូន ជនទាំងនោះ ទៅកាន់ប្រទេសទី៣ ឬកន្លែងដែលមានសុខសុវត្ថិភាព នៅឡើយទេ។
ប្រភព៖ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម