សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិហៅកាត់ថា FIDH និងគណៈ កម្មការ ការពារសិទ្ធិមនុស្សវៀតណាម ជាសមាជិកនៃសហព័ន្ធមួយនេះ បានទាមទារយ៉ាង ខ្លាំងក្លា ឲ្យរដ្ឋាភិបាលវៀតណាម អនុវត្តតាមកិច្ច សន្យា ស្ដីអំពីការលុបបំបាត់ស្ថានភាពនៃការរើសអើង ពូជសាសន៍ នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជា ជាតិ ស្តីអំពីការលុបបំបាត់ការរើស អើងពូជសាសន៍ (ICERD) ដែលប្រព្រឹត្តទៅ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស នាដើមសប្តាហ៍នេះ ។
នៅក្នុង សេចក្ដីរាយការណ៍កម្រាស់ ៣០ ទំព័រ ដែលបានផ្ញើជូនអង្គការសហប្រជាជាតិ មានចំណងជើង ថា «ការបំ ពានទៅលើសិទ្ធិជាមូលដ្ឋាននៃក្រុមអ្នកកាន់សាសនា និងក្រុមជនជាតិ ដើមភាគតិចនៅប្រទេស សាធារណរដ្ឋសង្គម និយមវៀតណាម» គណៈកម្មការ ការពារសិទ្ធិមនុស្សវៀតណាមបានថ្លែងថា ខ្លួនព្រួយ បារម្ភយ៉ាងខ្លាំងចំពោះ ការមិនអនុវត្តតាម កតិកាអន្តរជាតិស្ដីអំពីការលុប បំបាត់ការរើសអើងពូជសាសន៍ នៅវៀតណាម ដែលរដ្ឋការក្រុង ហាណូយបានចុះកិច្ចសន្យាកាលពីឆ្នាំ ១៩៨២ ។
យោងតាមសេចក្ដីថ្លែងការណ៍នេះដដែលគណៈកម្មការនេះ បានចាប់អារម្មណ៍ដល់បញ្ហាមិនស្មើភាពគ្នា អំពី ផលប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានដូចជាសេដ្ឋកិច្ចសង្គម និងវប្បធម៌រវាងជនជាតិយួន និងជនជាតិ ដើមភាគតិចនានា នៅក្នុងប្រទេសវៀតណាម ។
សេចក្ដីថ្លែងការណ៍បានបន្តថា ព្រះពុទ្ធសាសនានៃពលរដ្ឋខ្មែរក្រោម, សមាគមព្រះពុទ្ធសាសនាឯកភាព វៀតណាម , សាសនាហ្វាហាវ និង កាវដាយត្រូវបាន អាជ្ញាធរធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ ។
ប្រធានគណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍អន្តរជាតិ (ICERD) លោកស្រី Souhayr Belhassen បានថ្លែងថា ការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅវៀតណាម មិនមែនជាសមិទ្ធិផលនៃការគោរព សិទ្ធិមនុស្ស ដូចដែលអាជ្ញា ធរវៀតណាមបង្អួតនោះឡើយ តែតាមការពិតផលប្រយោជន៍ ដែលត្រូវទទួល បានពីការលូតលាស់សេដ្ឋកិច្ចនោះ វាមិនត្រូវបានបែងចែកឲ្យ ស្មើភាពគ្នា ចំពោះពលរដ្ឋឡើយ ជាពិសេស អម្បូរជនជាតិដើមភាគតិចជាក្រុមមួយដែល ត្រូវគេបោះបង់ចោលឲ្យ នៅឆ្ងាយពីជនជាតិយួន ឬ ជនជាតិកិន (Kinh) ក្នុងវិស័យសុខាភិបាលអប់រំ និងការងារ ចិញ្ចឹមជីវិត ។
លោកស្រី Belhassen បានថ្លែងបន្តទៀតថា នេះគឺជាគ្រោះថ្នាក់ក្នុងការអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ជា ឧបករណ៍របស់គោលនយោបាយដែលមានអត្តចរិត រើសអើង ក្នុងគោល បំណងត្រួតពិនិត្យ មិនសមស្របតាម បទដ្ឋានអន្តរជាតិស្ដីអំពីសិទ្ធិមនុស្ស ។
ក្នុងអនុសាសន៍ដែលសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ និងគណៈកម្មការ ការពារសិទ្ធិមនុស្សវៀត ណាម បានសំណូមពរឲ្យអាជ្ញាធរវៀតណាមត្រូវធ្វើកំណែទម្រង់ នយោបាយនិងច្បាប់ដើម្បីលុបបំបាត់ ការរើសអើង ពូជសាសន៍ , បញ្ឈប់ជាបន្ទាន់ រាល់ការធ្វើទុក្ខបុកម្នេញ ទៅលើអ្នកប្រតិបត្តិសាសនា និង ទទួលស្គាល់នូវសិទ្ធិ អំណាច របស់អង្គការសហប្រជាជាតិ ស្ដីអំពីការលុបបំបាត់ការរើសអើងពូជសាសន៍ ដើម្បីផ្ដល់ឱកាសដល់ គណៈកម្មការបាន ទទួលយកពាក្យបណ្ដឹងផ្ទាល់ពីជនរងគ្រោះ ។
កិច្ចប្រជុំលើកទី ៨០ នៃគណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) នៃអង្គការសហប្រជាជាតិ បានកំពុងបើកកិច្ចប្រជុំចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ០៩ ខែមីនាឆ្នាំ ២០១២ នេះ នៅទីក្រុងហ្សឺណែវ ប្រ ទេសស្វិស ដើម្បីពិនិត្យមើលសេចក្ដីរាយការណ៍របស់ប្រទេសចំនួន ១២ ក្នុងនោះមានវៀតណាមផងដែរ ។
គួររំឮកដែរថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលថ្លែងការណ៍ស្ដីអំពីបញ្ហារបស់ខ្មែរក្រោមនៅក្នុងកិច្ចប្រជុំលើកទី ១១ នៃ វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្តីពីបញ្ហាជន ជាតិដើម (UNPFII) នៅទីស្នាក់ការកណ្ដាល របស់អង្គការ សហប្រជាជាតិនាទីក្រុង ញីវយ៉ក សហរដ្ឋអាមេរិក ដែលនឹងចាប់ផ្ដើមបើកអង្គប្រជុំចាប់ពីថ្ងៃទី ០៧ ដល់ ទី ១៨ ខែឧសភា ឆ្នាំ ២០១២ ខាងមុខនេះ ៕ ប្រភពព័ត៌មានៈ សារព័ត៌មានព្រៃនគរ