ភ្នំពេញ: មន្ត្រីនគរបាលយាមប៉ុស្តិ៍ យាមការនៅស្ថានទូតវៀតណាម បានបដិសេធ មិនទទួលញត្តិរបស់សមាគមខ្មែរកម្ពុជាក្រោម ដែលបានដាក់ទៅកាន់ស្ថានទូតវៀតណាម ដើម្បីផ្ញើទៅកាន់លោក ង្វៀន ភូត្រុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុង ពេលបំពេញទស្សនកិច្ចរយៈពេល ៣ ថ្ងៃ នៅកម្ពុជា ដោយត្រូវបិទបញ្ចប់នៅថ្ងៃទី៨ធ្នូ ឆ្នាំ២០១១។
ញត្តិនោះ ត្រូវបានយកទៅប្រគល់ឲ្យស្ថានទូតវៀតណាម ដោយតំណាងខ្មែរកម្ពុជាក្រោម ៤រូប គឺលោក លី ឈួន លោក គឹម តុកែវ លោក ថាញ់ សើង និងលោក ថាច់ សួង។
លោក សឺន ជំជួន ប្រធានយុវជនខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា គោលបំណងរួម នៃការដាក់ញត្តិ របស់សមាគមន៍ខ្មែរកម្ពុជាក្រោមទៅកាន់ស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលធ្វើទុកបុកម្នេញ មកលើពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោក សឺន ជំជួន បានបញ្ជាក់ថា “ រដ្ឋាភិបាលវៀតណាម បដិសេធ មិនទទួលយកញត្តិ និងសំណើររបស់ខ្មែរកម្ពុជាក្រោម បង្ហាញឲ្យឃើញថា រដ្ឋាភិបាលវៀតណាម មានការរើសអើង ចំពោះប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។ យើងខ្មែរកម្ពុជាក្រោម នឹងធ្វើការតស៊ូមតិ នៅលើឆាកអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម ផ្តល់សិទ្ធសេរីភាពពេញលេញ ដល់ខ្មែរកម្ពុជាក្រោម”។
លោក សឺន ជំជួន បានបន្តថា យើងនឹងព្យាយាមដាក់លិខិតទាមទារ នៅពេលក្រោយទៀត ហើយនៅពេលនេះ ការបដិសេធរបស់ទូតវៀតណាម មិនទទួលយកញត្តិ របស់សហគមន៍ខ្មែរកម្ពុជាក្រោម បានបង្ហាញឲ្យលោក ស៊ូយ៉ា ប្រេសិតពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មើលឃើញថា រដ្ឋាភិបាលវៀតណាម មិនបានយកចិត្តទុកដាក់ ផ្តល់សិទ្ធិសេរីភាព ជូនដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនោះទេ។
សូមបញ្ជាក់ថា ការដាក់ញ្ញាតិរបស់អង្គការសមាគនមខ្មែរកម្ពុជាក្រោម បានជួបពិភាក្សាជាមួយលោក ស៊ូយ៉ា ស៊ូប៊ែឌី តំណាងប្រេសិតពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១ អស់រយៈពេលជាង ២ម៉ោង ហើយបានដាក់ញត្តិ ជូនលោក ស៊ូប៊ែឌី ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិ និងផ្តល់សិទ្ធិសេរីភាពដល់ខ្មែរកម្ពុជាក្រោម ក្នុងខណៈពេលលោក ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បំពេញទស្សនៈកិច្ចជាផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៦ ខែធ្នូ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១។
សមាគមខ្មែរកម្ពុជា ក្រោម បានព្យាយាមដាក់ញត្តិម្តងហើយម្តងទៀត ទៅកាន់រដ្ឋាភិបាលវៀតណាម តាមរយៈស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដែលគ្រប់គ្រងទឹកដីវៀតណាម គោរពសិទ្ធិ និងបញ្ឈប់ការធ្វើទុកបុកម្នេញដល់ខ្មែរកម្ពុជាក្រោម ក៏ប៉ុន្តែរាល់លើកគ្រប់ពេល ដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម មកបំពេញទស្សនៈកិច្ច ជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា៕ ប្រភពព័ត៌មាន៖ CEN