ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មានព្រៃនគរ
ស្ថានទូតបារាំង ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ពួកគេមិនដែលបានណែនាំ ឬ បញ្ជូនឲ្យអ្នកតំណាងឲ្យពលរដ្ឋ នៃ ប្រទេសកម្ពុជារូបណាម្នាក់ធ្វើដំណើរទៅប្រទេសបារាំង ដើម្បីយកឯកសារអ្វីមួយដែលគេហៅថា ឯកសារទាក់ទិន នឹងរឿងដែនដីកម្ពុជាក្រោមនោះទេ ។ តែមន្ត្រីស្ថានទូតបារាំងបានថ្លែងថា រាល់ឯកសារមានតម្កល់នៅបណ្ណាល័យ សាធារណៈដែលវាមិនមែនសម្រាប់តែបុគ្គលណាម្នាក់នោះទេ គឺមនុស្សគ្រប់គ្នាអាចចូលស្រាវជ្រាវបាន ។

យោងតាមកាសែតភ្នំពេញបុស្តិ៍ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានចេញផ្សាយអត្ថបទមួយនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដោយបានស្រង់សម្ដីអ្នកនាំពាក្យស្ថានទូតបារាំង ប្រចាំប្រទេសកម្ពុជា លោក Nicolas Baudoin ថា ស្ថានទូតបារាំង មិនដែលបានធ្វើការណែនាំឲ្យតំណាងពលរដ្ឋខ្មែររូបណាម្នាក់ថា នឹងត្រូវបានបញ្ជូនទៅប្រទេស បារាំងដើម្បីស៊ើបអង្កេតអំពីបញ្ហាឯកសារនេះទេ ។
លោក Nicolas Baudoin បានបន្ថែមទៀតថា៖ “ឯកសារទាំងនេះ មានដាក់នៅក្នុងបណ្ដាល័យសាធារណៈ ដែលបុគ្គលគ្រប់រូបអាចប្រើវាបាន ។ នេះមិនមែនជាអាទិភាពសម្រាប់ផ្ដល់ឲ្យតែសមាគមណាមួយនោះទេ” ។
នៅពេលថ្មីៗនេះ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានប្រកាសថា ពួកគេគ្រោងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសបារាំង ដើម្បីទៅប្រមូលឯកសារពាក់ព័ន្ធនឹងទឹកដី កម្ពុជាក្រោម ជាភ័ស្តុតាងដាក់បន្ទុកឲ្យវៀតណាមសុំទោសចំពោះការកាឡៃប្រវត្តិសាស្ត្រ ដែលថា ទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់វៀតណាមជាយូរលង់ណាស់មកហើយនោះ ។
ក្រោយកិច្ចប្រជុំជាមួយសមាជិករបស់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ លោក ថាច់ សេដ្ឋា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គម្រោងចេញទៅប្រទេសបារាំង ដើម្បីធ្វើការស្រាវជ្រាវពីប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមនេះ គឺស្របតាមការឆ្លើយតបរបស់ស្ថានទូតបារាំង ជុំវិញញត្តិដែលក្រុមបាតុករបានដាក់កាលពីថ្ងៃ ទី ៦ ខែតុលា ឆ្នាំ ២០១៤ កន្លងទៅ ។
លោកថ្លែងថា លិខិតឆ្លើយតបរបស់ស្ថានទូតបារាំង ចុះកាលពីថ្ងៃ ទី ១៣ ខែតុលា ឆ្នាំ ២០១៤ បានជូនដំណឹងដល់បាតុករឲ្យចាត់តាំងតំណាងទៅប្រទេសបារាំងដើម្បីយកឯកសារ និងមានភ្ជាប់ជាមួយនឹងលេខកូដ និងបណ្ណាល័យផងដែរ ។ ប៉ុន្តែលោក ថាច់ សេដ្ឋា បានបញ្ជាក់ថា ដោយសារ ក្រុមលោកមានបញ្ហាខ្វះថវិកា ទើបបានពន្យារពេលចេញដំណើរទៅប្រទេសបារាំងយកឯកសារ ។ បច្ចុប្បន្ន ក្រុមលោកបានបង្កើតមូលនិធីនៅប្រទេសនានា ជាច្រើនក្រោមហេតុផលថា ដើម្បីប្រមូលប្រាក់ធ្វើដំណើរទៅប្រទេសបារាំង តែគេមិនបានដឹងថាប្រាក់ដែលលោក ត្រូវចំណាយក្នុងការធ្វើដំណើរនេះអស់ប៉ុន្មាននោះទេ ។
ក្រោយការលើកឡើងថា ទឹកដីខ្មែរកម្ពុជាក្រោមជាដីរបស់វៀតណាម តាំងពីយូរយារមកហើយ អតីតអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង បានបដិសេធការសុំទោសជាសាធារណៈ បើទោះជាការលើកឡើងនេះបានបង្កឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ និងព្រះសង្ឃរាប់រយអង្គផ្ទុះការតវ៉ាចំនួន ៤ លើកនៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជាក្តី ។
កន្លងទៅលោក ត្រឹង វ៉ាន់ថុង នៅតែប្រកាន់ជំហរគាត់ដដែល ដោយលើកឡើងថា ទឹកដីវៀតណាមភាគខាងត្បូង ឬទឹកដីណាមបូ ដែលខ្មែរហៅថា ដី «កម្ពុជាក្រោម» នោះ ជាទឹកដីរបស់ប្រទេសវៀតណាម ដោយផ្អែកតាមច្បាប់អន្តរជាតិ ហើយពេលដែលបារាំងចូលមកកាន់កាប់ឥណ្ឌូចិន គឺបារាំង មិនបានកាត់ដីកម្ពុជាទៅឲ្យខាង វៀតណាម ហើយក៏មិនបានកាត់ទឹកដីវៀតណាមឲ្យមកកម្ពុជាដែរ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សៀវភៅប្រវត្តិសាស្ត្រជាច្រើនបានសរសេរថា អាណានិគមបារាំង ទើបតែកាត់ទឹកដីកម្ពុជាក្រោមមាន ២១ ខេត្ត-ក្រុង ទៅឲ្យអាជ្ញាធរវៀតណាម ត្រួតត្រាកាលពីថ្ងៃ ទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ៕