ស្ត្រី​ខ្មែរ​ក្រោម​ម្នាក់​ភៀស​ខ្លួន​មក​ខែត្រ​រតនគិរី​ស្វែងរក​សិទ្ធិ​ជ្រកកោន

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ ថា ស្ត្រី​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ វៀតណាម​ចូល​មក​ខេត្ត​រតនគិរី​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ។

ស្រ្តី​ខ្មែរ​ក្រោម​នោះ​មាន​ឈ្មោះ ថាច់ ធីផៃ អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ថាឡា ឃុំ​ង៉ុកបៀង ស្រុក​ត្រាគូ ខេត្ត​ត្រាវិញ។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ស្រ្តី​ខ្មែរ​ក្រោម​បាន​មក​ដល់​ការិយាល័យ​សមាគម​អាដហុក​ខេត្ត​រតនគិរី​កាលពី ​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​បន្ទាប់​ពី​បាន​គេ​នាំ​ឆ្លង​ដែន​ចូល​មក​ដល់​ ក្រុង​បានលុង​ដើម្បី​សុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​របស់​លោក​ជួយ​ស្វែងរក​ កិច្ច​គាំពារ​សុវត្ថិភាព។

លោក ប៉ែន ប៊ុណ្ណា បាន​បញ្ជាក់​ថា ៖ «ឥឡូវ​ប្រហែល​ជា​គាត់​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ ប៉ុន្តែ​ស្ថិត​ក្នុង​ការតាមដាន​ពី​អង្គការ​សិទ្ធិ​មនុស្ស​យើង»។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​អង្គារ ទី​៩ មិថុនា​នេះ ស្រ្តី​ឈ្មោះ ថាច់ ធីផៃ មាន​ប្រសាសន៍​បញ្ជាក់​ពី​មូលហេតុ​នៃ​ការរត់​ភៀស​ខ្លួន។

ស្ត្រី​ឈ្មោះ ថាច់ ធីផៃ បាន​ឲ្យ​ដឹង​ថា ៖ «គេ​វ៉ៃ​កូន​ខ្មែរ​ងាប់ ខ្ញុំ​ថតរូប​បាន​ខ្ញុំ​ផ្ញើ​ទៅ​គ្រូ​បង្រៀន​នៅ​អាមេរិក​ឲ្យ​គាត់​ជួយ​ អធិដ្ឋាន​ឲ្យ​កូន​ខ្មែរ​ក្រោម​ឲ្យ​មាន​សេរីភាព ឲ្យ​មាន​សិទ្ធិ។ ដល់​ឥឡូវ​គេ​ថា ខ្ញុំ​ហ៊ាន​ប្ដឹង​ដល់​សហរដ្ឋ រំលង​ច្បាប់​គេ ខ្ញុំ​ត្រូវ​បង្ហាញ​មុខ​ចូល​គុក ហើយ​គេ​រក​ចាប់ ខ្ញុំ​រត់​ទៅ​មនុស្ស​ច្រើន​កន្លែង​ណាស់»។

មន្ត្រី​ការងារ​មូលដ្ឋាន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា លោក ជុង រ៉ាវុឌ្ឍ មាន​ប្រសាសន៍​ថា ជនជាតិ​ខ្មែរ​ក្រោម​ត្រូវ​បាន​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទទួល​ស្គាល់​ថា​ជា​ ពលរដ្ឋ​ខ្មែរ​ដូច្នេះ UNHCR មិន​អាច​ទទួល​ពួក​គេ​ជា​ជន​ភៀស​ខ្លួន​នៅ​លើ​ទឹក​ដី​កម្ពុជា​បាន​ឡើយ។

លោក ជុង រ៉ាវុឌ្ឍ បាន​មាន​ប្រសាសន៍​ថា ៖ «ដែល​ហៅ​ថា​ជន​ភៀស​ខ្លួន​ទាល់​តែ​គាត់​ឆ្លង​ទៅ​ប្រទេស​ផ្សេង ហ្នឹង​បាន​យើង​អាច​ចាប់ផ្ដើម​ធ្វើការ​បាន»។

នាយក​ប្រតិបត្តិ​សមាគម​សិទ្ធិ​មនុស្ស​ដើម្បី​ខ្មែរ​កម្ពុជា​ក្រោម លោក អាង ចាន់រិទ្ធ មាន​ប្រសាសន៍​ថា ស្រ្តី​ខ្មែរ​ក្រោម​នោះ​បាន​ទាក់ទង​មក​អង្គការ​លោក​ដើម្បី​អន្តរាគមន៍​ ស្វែងរក​កិច្ច​ការពារ​សុវត្ថិភាព​គាត់​ជា​ចម្បង។

លោក អាង ចាន់រិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «យើង​នឹង​ទាក់ទង​ជាមួយ​ខាង​ រដ្ឋាភិបាល​យើង​ដែរ ខាង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ដើម្បី​អាច​ជួយ​ការពារ​សុវត្ថិភាព​គាត់​ជា​មុន​ សិន ហើយ​និង​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ថា​តើ​គាត់​ភៀស​ខ្លួន​ឬ​ក៏ ​គាត់​រត់​មក​ពី​ក្រោម​ហ្នឹង​ដោយសារ​រឿង​ស្អី?»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​អាជ្ញាធរ​វៀតណាម​ដើម្បី​ អធិប្បាយ​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ​មន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ផ្តល់​កិច្ច​ សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កន្លង​ទៅ​ដោយ​ចាត់ទុក​ករណី​ភៀស​ខ្លួន​របស់ ​ខ្មែរ​ក្រោម​ថា​ជា​ចលនា​ធ្វើ​ឲ្យ​បែកបាក់​ដល់​ចំណង​មិត្តភាព​កម្ពុជា​និង​ វៀតណាម។

របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​ដើម្បី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ដឹង ​ថា រហូត​មក​ដល់​បច្ចុប្បន្ន​ការរត់​ភៀស​ខ្លួន​របស់​ខ្មែរ​ក្រោម​នៅតែ​មាន ហើយ​សមាគម​កំពុង​ជំរុញ​ឲ្យ​មាន​ការយក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋាភិបាល​ កម្ពុជា​ដើម្បី​ជួយ​ដល់​បញ្ហា​ខ្មែរ​ក្រោម​ទាំង​នោះ៕
អត្ថបទវិទ្យុអាស៊ីសេរី.