ស្ត្រី​ខ្មែរ​ក្រោម​ម្នាក់​រត់​គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​វៀតណាម

ស្រី្ត​ខែ្មរ​ក្រោម​ម្នាក់​បាន​រត់​ភៀស​ខ្លួន​ពី​ការ​គាប​សង្កត់​និង​ការ ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​វៀតណាម មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​លាក់​ខ្លួន។

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​បាន​រត់​ភៀស​ខ្លួន​ពី​ស្រុក​បាយឆៅ ខេត្ត​ឃ្លាំង អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​ដែល​កំពុង​កាន់កាប់​ដោយ​វៀតណាម​នោះ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​លាក់​ខ្លួន​ក្រោយ​ពី​ការ​តាម​ចាប់​ដោយ​នគរបាល​វៀតណាម ដោយសារ​អ្នក​ស្រី​និង​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ដទៃ​ទៀត​បាន​ងើប​តវ៉ា​ ទាមទារ​ដី​ធ្លី​កន្លង​មក។

ស្រ្តី​ខែ្មរ​កម្ពុជា​ក្រោម​ឈ្មោះ ថាច់ ភីបើ អាយុ​៦៧​ឆ្នាំ មក​ពី​ភូមិ​ខ្នងកញ្ជើ ឃុំ​ថាមដូង ស្រុក​ឆាយឆៅ ខេត្ត​ឃ្លាំង ដែល​បាន​ភៀស​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា មាន​ក្រុម​នគរបាល​វៀតណាម​ចំនួន​ប្រមាណ​១០​នាក់​តែងតែ​តាម​ឃ្លាំ​មើល​ សកម្មភាព​របស់​អ្នក​ស្រី​និង​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ដទៃ​ទៀត​ជា​ រៀងរាល់​ថៃ្ង​ចាប់​តាំង​ពី​ខែ​តុលា​មក។

អ្នក​ស្រី ថាច់ ភីបើ បាន​ឲ្យ​ដឹង​ថា ៖ «ដើម្បី​គេច​ខ្លួន ខ្ញុំ​ខ្លាច​វា​ពេក វា​បង្កប់​ខ្លួន​ជុំវិញ​ផ្ទះ​ខ្ញុំ​រាល់​ថ្ងៃ ខ្ញុំ​អត់​ដឹង ទាល់​តែ​គេ​ប្រាប់​បាន​ខ្ញុំ​ដឹង»។

សុខ សេរី ៖ គេ​តាម​ចាប់? ថាច់ ភីបើ ៖ ចាស។ បើ​ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ… គេ​តាម ឲ្យ​ខ្ញុំ​ចេះ​តែ​ទៅ​រាល់​តែ​ថ្ងៃ​ហ្នឹង គ្រប់​បួន​ថ្ងៃ​ឲ្យ​ដំណឹង​គេ​ដឹង គេ​ឲ្យ​លេខ​ទូរស័ព្ទ។ គេ​បង្កប់​ខ្លួន​ជុំវិញ​ផ្ទះ ខ្ញុំ​អត់​ដឹង ទាល់​តែ​ឮ​សូរ​គេ​ប្រាប់។

សុខ សេរី ៖ បង្កប់​ប៉ុន្មាន​ថ្ងៃ​ហើយ? ថាច់ ភីបើ ៖ ២​ខែ​ហើយ ពី​ខែ​១០​មក។ សុខ សេរី ៖ កន្លង​មក​លោក​យាយ​ធ្វើ​អី​បាន​ជា​គេ​តាម​ចាប់​ខ្លួន​លោក​យាយ? ថាច់ ភីបើ ៖ ខ្ញុំ​ឡើង​ទៅ​ទាមទារ​ទឹក​ដី​នៅ​ព្រែក​ឫស្សី។

ព្រះ​ភិក្ខុ​សង្ឃ ថាច់ សូភី ជា​អ្នក​នាំ​ពាក្យ​នៃ​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ពិភពលោក​ប្រចាំ​ក្នុង​ ប្រទេស​កម្ពុជា ដែល​បាន​ដឹង​រឿង​នេះ បាន​មាន​ដីកា​ថា ៖ «គាត់​គ្មាន​ បំណង​ទៅ​ប្រទេស​ទី​៣​ទេ គ្រាន់​តែ​គេច​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ​ដែក​របស់​យួន​ក្នុង​ការ​គាប​សង្កត់​ ចំពោះ​គ្រួសារ​គាត់ និង​គ្រួសារ​លោក ប៊ុនបា ហើយ​ជា​ពិសេស​មាន​គ្រួសារ​បង​ងៀ បង​ហៀង និង​បង​ប្អូន​ជា​ច្រើន…»។

ការ​រត់​ភៀស​ខ្លួន​របស់​ស្រ្តី​ចំណាស់​ខែ្មរ​កម្ពុជា​ក្រោម​ខាង​លើ​នេះ ដោយសារ​តែ​លោក​ស្រី​និង​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ដទៃ​ទៀត​សរុប​៧០​ គ្រួសារ បាន​ងើប​តវ៉ា​នៅ​ក្នុង​ក្រុង​ព្រែក​ឫស្សី​ទាមទារ​ដី​ធ្លី​កសិកម្ម​ចំនួន​ ប្រមាណ​ជាង​៤០០​ហិកតារ​មក​ឲ្យ​ពួក​គាត់​វិញ កាល​ពី​ឆ្នាំ​២០០៥​កន្លង​ទៅ ក្រោយ​ពី​ដី​ធ្លី​នោះ​រង​ការ​រឹប​យក​ដោយ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​នៅ​ទី​ នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨១​មក។

នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​នៅ​ទ្បើយ​ទេ​ពី​មន្រ្តី​នៃ​ស្ថានទូត ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម ជុំវិញ​ស្ថានការណ៍​រស់​នៅ​របស់​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ទាំង​នោះ។

លិខិត​ចំហ​មួយ​ចុះ​ថៃ្ង​ទី​២៤ ខែ​វិច្ឆិកា​ថ្មីៗ​នេះ ដោយ​លោក ថាច់ ចាន់សុវៃ ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន លិខិត​នោះ​បាន​និយាយ​ថា លោក ហ្វិន បា ខ្មែរ​កម្ពុជា​ក្រោម​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ចាប់​ខ្លួន​ដាក់​គុក​កាល​ពី ​ពេល​កន្លង​ទៅ​ដោយសារ​តែ​ការ​ទាមទារ​ដី​ធ្លី​នោះ កំពុង​តែ​រង​ការ​បង្អត់​បាយ រាង​កាយ​ស្គមស្គាំង​និង​ស្លេកស្លាំង៕
ប្រភពពីវិទ្យុអាស៊ីសេរី.