ដោយៈ សឺង សុជាតិ
នៅថ្ងៃទី៨ ខែមីនា កន្លងទៅថ្មីៗនេះ គឺជាទិវាប្រវត្តិសាស្រ្ត សម្រាប់ស្រ្តី ឬនារីនៅជុំវិញពិភព លោក ដែលបានចូលរួមអបអរសាទរខួបលើកទី៩៩ឆ្នាំ ៨មីនា ឆ្នាំ១៩១០- ៨ មីនា ឆ្នាំ២០០៩ ដែល ច្បាប់អង្គការសហប្រជាជាតិ ទទួលស្គាល់ជាធរមាន នៅឆ្នាំ១៩៤៥ ក្នុងការលើកស្ទួយវិស័យសិទ្ធិ ស្រី្ត និងលុបបំបាត់នូវអំពើមើលងាយស្រ្តីភេទ។ ដោយឡែកចំពោះស្រ្តីខ្មែរក្រោមរាប់លាននាក់ ដែល កំពុងរស់នៅ ក្រោមរបបអាណានិគយួនផ្តាច់ការសព្វថ្ងៃ គ្មានសិទ្ធិរៀបចំពិធីដ៏មហោឡារឹក នៃទិវា នារីអន្តរជាតិ ៨ មីនា ដូចស្រ្តីនៅលើសកលលោកនោះឡើយ។
អ្នកស្រី សឺង ធី ណិត ប្រធានស្រ្តី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានសម្តែងការខកចិត្តយ៉ាង ខ្លាំង ចំពោះវឌ្ឍនភាពដ៏យឺតយ៉ាវ ពីរដ្ឋាភិបាលយួនកុម្មុយនីស្ត ក្នុងការជំរុញឲ្យស្រ្តីខ្មែរកម្ពុជាក្រោម ឲ្យទទួលបាននូវសិទ្ធិចូលរួម ក្នុងសង្គមដូចស្រ្តីនៅទូទាំងពិភពលោក ដែលកំពុងរៀបចំពិធីអបអរសា ទរដ៏មហោឡារឹកនេះ។
នៅក្នុងឱកាសខួបលើកទី៩៩ឆ្នាំនេះ អ្នកស្រី សឺង ធី ណិត មានប្រសាសន៏ឲ្យដឹងដែរថា លោកស្រីបានទាមទារជាញឹកញាប់ ចំពោះអាជ្ញាធរក្រុងហាណូយ ដើម្បីឲ្យខ្មែរក្រោម មានឱកាស សិក្សារៀនសូត្រ និងចូលរួមក្នុងកិច្ចការងារសង្គម ដោយរាប់ទាំងការអំពាវនាវរបស់អ្នកស្រី ដោយ ផ្ទាល់ចំពោះប្រធានប្រតិភូស្រ្តីយួន ក្នុងជំនួបមួយនៅអង្គការសហប្រជាជាតិ ដែលរៀបចំឡើងដោយ អង្គការសហប្រជាតិ នាបូរីញូវយ៉ក កាលពីឆ្នាំ២០០៧ កន្លងទៅ។
អ្នកស្រី សឺង ធី ណិត បានថ្លែងកត់សម្គាល់ឃើញថា រដ្ឋាភិបាលយួនសព្វថ្ងៃ នៅតែរើសអើងពូជ សាសន៏ និងរំលោភសិទ្ធិស្រ្តីខ្មែរក្រោម គ្រប់របនយោបាយផ្តាច់ការ ដោយពុំឃើញមានវឌ្ឍនភាពអ្វី ក្រៅពីការបន្ទោសបង្អាប់វិញនោះ” ខាងហាណូយ កាលពីឆ្នាំ២០០៧ កន្លងមកហើយនោះ ខ្ញុំក៏បាន ទៅប្រជុំនៅអង្គការសហប្រជាជាតិ បូរីញូវយ៉កហ្នឹង ហើយក៏បានជួប ខាងតំណាងស្រ្តី ហើយយើង ក៏និយាយអំពីទុក្ខលំបាក និងស្នើនូវអ្វីដែលយើងចង់បាន ដូចជាស្រ្តីខ្មែរ កម្ពុជាក្រោម ត្រូវការសិក្សា រៀនសូត្រ និងមុខរបររកស៊ី ហើយមិនចង់ឃើញស្រ្តីខ្មែរក្រោមហ្នឹង មាន ការលំបាកដោះស្រាយ បញ្ហាជីវិតមិនបាន ក៏ចេញទៅក្រៅមកវិញ ក៏អន្តរាយជីវិតទៅទៀត អាហ្នឹង ខ្ញុំឃើញនឹងភ្នែក។ ដល់ហើយទៅក៏គេឆ្លើយមកវិញ គេថា ប្រទេសគេមានការខ្វះខាត គេមិនទាន់ បានធ្វើដិតដល់ ហើយថា ស្តី្រមិនមែនថាខ្មែរក្រោមទេ ជនជាតិភាគតិចហ្នឹង ច្រើនតែមិនយកចិត្តទុក ដាក់មករៀន ជាមួយគេ ហេតុនេះនាំឲ្យមានជួបវិបត្តិក្នុងសង្គមអីចឹង”។
អ្នកស្រី សឺង ធី ណិត ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអាកប្បករិយាព្រងើយកន្តើយ នៃរដ្ឋាភិបាលខ្មែរសព្វថ្ងៃថា៖ ខ្ញុំមានសេចក្តីសោកស្តាយយ៉ាងខ្លាំង គឺរដ្ឋាភិបាលខ្មែរ ហើយនិងខ្មែរ កម្ពុជាក្រោមយើង គឺថា ជាបងប្អូនមិនដែលគិតថា ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរភ្នំពេញអីទេ តាំងពីខ្ញុំ នៅក្មេងៗ ខ្ញុំធ្លាប់តែឮសូរតែសម្តេចខ្មែរហ្នឹង ទុកជាស្តេចរបស់ខ្លួន គឺមិនដែលបែងចែកទេ។ ធាតុពិត ដែលខ្ញុំឆ្លងកាត់មក គឺឃើញថាស្រុកខ្មែរ ដូចមើលឃើញកម្ពុជាក្រោមយើងហ្នឹង ធ្វើដូចជាមិនស្គាល់ ធ្វើមិនដឹង មិនឮ ខ្ញុំសោកស្តាយណាស់។ ដូច្នេះខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលខ្មែរ ឲ្យជួយយកចិត្ត ទុកដាក់នឹងបងប្អូនខ្មែរកម្ពុជាក្រោម ដែលរត់ភៀសខ្លួនទៅជ្រកកោននៅកម្ពុជា សូមឲ្យជួយខាង កម្ពុជាក្រោម មានការរកស៊ីផ្សេងៗ ដើម្បីបន្តជីវភាព រស់នៅជ្រកកោនក្នុងប្រទេសខ្មែរផងដែរ។
យោងតាមមាត្រាច្បាប់ នៃអង្គការសហប្រជាជាតិ ផ្នែកបំបាត់នូវអំពើមើលងាយចំពោះស្រ្តីភេទ
Convention on the Elimination of All forms of Discrimination Against Women (CEDAW) ដែលបានចែងនិងអនុម័តជាផ្លូវការ ចំនួន១៦មាត្រា ដើម្បីលើកស្ទួយសិទ្ធិស្រ្តី និងការពារសិទ្ធិស្រ្តី ភេទនោះរួមមាន៖ ការប្រកាន់ ឬមើលងាយស្រ្តីភេទ, ច្បាប់ផ្តន្ទាទោស, ដេញដោយបំបាត់ និងប្រកាន់ មើលងាយស្រ្តី, ធានារាប់រងនូវច្បាប់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានចំពោះស្រ្តី, មានវិធានការ បណ្តោះអាសន្នពិសេសចំពោះស្រ្តី, មិនប្រកាន់ស្រ្តីភេទ ឬពូជសាសន៏, ទប់ស្កាត់ការជួនដូរ ផ្លូវភេទ យកផលប្រយោជន៏ពីស្រ្តីភេទ នុងពេស្យាចារ, សិទ្ធិស្មើគ្នាក្នុងការធ្វើនយោបាយ និងការងាររដ្ឋការ គ្រប់ស្រទាប់, សិទ្ធិស្មើគ្នាក្នុងការងារនយោបាយ និងការងាររដ្ឋរការក្នុងកំរិតអន្តរជាតិគ្រប់ស្រទាប់, សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ជាតិ, សិទ្ធិស្មើគ្នាចំពោះការអប់រំ, សិទ្ធិស្មើគ្នាក្នុងការងារ និងសិទ្ធិធ្វើ ការ, សិទ្ធិស្មើគ្នា និងទទួលបាននូវការថែទាំសុខភាព, ទទួលបាននូវសេដ្ឋកិច្ច និងសង្គមកិច្ចហើយនិង ឧបត្ថម្ភប្រាក់ខ្វះខាត់, ស្តី្រស្រុកស្រែឬជនបទ, សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងច្បាប់រដ្ឋប្បវេណី- ច្បាប់ពលរដ្ឋ, និងសិទ្ធិស្មើគ្នាក្នុងការរស់នៅជាប្តីប្រពន្ធ និងសាច់ញាតិគ្រួសារ។.