ចំរៀងប្រពៃណីៈ សំពៅថយ ចោលកេរដូនតា

បទភ្លេងប្រពៃណី

ទំនុកច្រៀង សឺង សម្រេច

ច្រៀងដោយ កៀង ចំរើន



១      សំពៅថយហើយ ថយក្រោយចោលកេរដូនតា (ៗ)

ចោលដី ចោលជាតិខេមរា ឲ្យរស់ក្នុងដៃសត្រូវ

ចោលឲ្យខ្មែរក្រោមរស់នៅ ក្នុងក្តីកំសត់វេទនា។

២     ខ្មែរថយចោលកម្ពុជាក្រោម អោយខ្ញុំរស់នៅខ្លោចផ្សា (ៗ)

ក្រោមនឹម បរទេសត្រួតត្រា  ផ្តន្ទា រងទុក្ខកន្លង

គេចោទ គេចាប់ គេចង បាត់បង់ អស់សិទ្ធិសេរី។

៣     សំពៅថយហើយ ថយចោលប្អូនបងប្រុសស្រី(ៗ)

ឲ្យគេ រំលោភជាន់ឈ្លី ញាំញីរាប់រយខែឆ្នាំ

ទួញសោក យំយែកផ្តែផ្តាំ រង់ចាំតែក្តីមេត្តា ។

៤      សំពៅថយហើយ ថយចោលទឹកដីកម្ពុជា (ៗ)

ខ្មែរក្រោម កំព្រារងារ វប្បធម៌ ត្រូវគេក្រឡៃ

ខ្មែរអឺយ ត្រូវខំកែឆ្នៃ ថែជាតិឲ្យបានគង់វង្ស។

៥      សំពៅថយហើយ ថយចោលសាច់ឈាមប្អូនបង (ៗ)

ថយចោល ទ្រនំបង្គង ថយឆ្លង ប្រវត្តិសាវតា
ងាកផង ងាកមើលគ្នីគ្នា មើលក្រោយ អាសូរឈាមខ្មែរ៕

អត្ថាធិប្បាយ បទសំពៅថយ

សំពៅខ្មែរថយហើយ! ថយគ្មានវិលងាកមើលក្រោយវិញទេ!

ថយចោលដីកេរមត៌កដែលបុព្វការីជនបានខំរក្សាទុកមកយូរអង្វែងឆ្នាំ។

សំពៅខ្មែរថយហើយ! ថយចោលពួកខ្ញុំជាខ្មែរក្រោម ទុកឲ្យរស់នៅតាមយថាកម្ម  ក្រោម កណ្តាប់ដៃដែក នៃការត្រួតត្រារបស់បរទេសយួន ឲ្យគេធ្វើបាបចាប់ចង កាប់សម្លាប់តាមទំនើងចិត្ត!

ពិតមែនហើយ ថាព្រំដែនមួយបានត្រូវពុះកាត់ទឹកដីខ្មែរ និងសាច់ឈាមខ្មែរ ឲ្យទៅបរទេស កាន់កាប់ ប៉ុន្តែតើក្តីឈឺចាប់អាចកើតមានចំពោះខ្មែរក្នុងប្រទេសឯករាជដែរឬទេ ? នៅពេលដែល សាច់ឈាមខ្លួនខាងម្ខាងព្រំដែនទៀត ត្រូវគេធ្វើបាបចាប់ចងយ៉ាងរំលោភបំពាននោះ?

ឳ ! សំពៅខ្មែរ មិនគួរថយចោលគ្នា ដោយគ្មានងាកមើលក្រោយយ៉ាងនេះសោះ !

ពាក្យសុភាសិតបូរាណខ្មែរបានពោលថា ក្តិចត្រចៀករលង់ទឹកភ្នែក។ ចុះហេតុអ្វី ត្រចៀកខ្មែរ ត្រូវគេក្តិចរហូតហូរឈាមរហាមទៅហើយ ទឹកភ្នែកខ្មែរមិនឃើញស្រក់សោះ ?

អនិច្ចាខ្មែរក្រោម! គ្មានអ្វីក្រៅពីខ្លួនទីពឹងខ្លួនឡើយ គឺត្រូវតែរួមគ្នាតស៊ូមតិ ដើម្បីទាមទារសិទ្ធិ សេរីភាព ជាជនជាតិដើមនៅលើទឹកដីកម្ពុជាក្រោមរបស់យើង !

តស៊ូឡើងបងប្អូនអឺយ ! យើងមិនត្រូវស្លាប់ទេ !