សេចក្តីអំពាវនាវទិវាខួបឆ្នាំ ៦២ នៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម

នៅសល់តែមួយខែទៀត ទិវាខួបឆ្នាំទី ៦២ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម មកដល់ហើយ គឺថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ – ៤ មិថុនា ឆ្នាំ២០១១។ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក, កាណាដា, ស្វិស, បារាំង, ទ្វីបអឺរ៉ុប, ទ្វីបអាស៊ី និងអូស្រ្តា លី ជាដើម បានត្រៀមខ្លួនជាស្រេច ដើម្បីប្រារព្វពិធីរំលឹក នូវមេរៀនប្រវត្តិសាស្រ្ត មួយដ៏ជូរចត់របស់យើង។ ខ្ញុំសូមអំពាវនាវបងប្អូន រួមជាតិទាំងអស់ ដែលរស់នៅគ្រប់ទិសទី គ្រប់និន្នាការ នយោបាយ ជាពិសេសដល់ខ្មែរក្រោម នៅកម្ពុជានិងបរទេស សូមចាត់ចែងពិធីរំលឹកថ្ងៃទី៤ មិថុនា កុំបីខានឡើយ។ បងប្អូនអាចធ្វើក្នុងវត្តអារាម ក្នុងមជ្ឈមណ្ឌលសហគមន៍ ឬក្នុងគេហដ្ឋានក៏បាន សូម្បីមានតែម្នាក់ឯងក៏ដោយ សូមបងប្អូនចំណាយមួយនាទីក្នុងថ្ងៃទី៤ មិថុនា រំលឹកថា ដោយសារតែហត្ថាលេខាអគតិមួយនេះ អាណានិគមបារាំង បានផ្ទេរអំណាចកាន់កាប់ទឹកដីកម្ពុជាក្រោម ទៅឱ្យអាណានិគមយួន។ កាលនោះ រាជរដ្ឋាភិបាលកម្ពុជាបានជំទាស់យ៉ាងពេញទំហឹង ហើយឥឡូវនេះប្រជាជាតិខ្មែរ នៅតែជំទាស់យ៉ាងពេញទំហឹងដដែល។ ម៉្យាងវិញទៀត សូមបងប្អូនសរសេរអត្ថបទ ឬកំណាព្យ ចំណាប់អារម្មណ៍អំពីថ្ងៃប្រវត្តិសាស្រ្តនេះ។ វិទ្យុសំឡេងកម្ពុជាក្រោម និងគេហទំព័រសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចុះផ្សាយជូនលោកអ្នកដោយរីករាយ ។
ខ្ញុំយល់ថា ការចងចាំនូវថ្ងៃបាត់បង់ដែនដីកម្ពុជាក្រោម មានសារៈសំខាន់ពីរយ៉ាងគឺ៖
ទីមួយ ដាស់ស្មារតីអ្នកដឹកនាំនិងប្រជានុរាស្រ្តខ្មែរទាំងមូល ត្រូវរួមគ្នាប្រុងប្រយ័ត្នការពារបូរណភាពទឹកដី ដែលសព្វថ្ងៃកំពុងតែប្រឈមមុខនឹងការប៉ុនប៉ងលេបត្របាក់ ពីប្រទេសជិតខាង កុំឱ្យហិនហោច ដូចកម្ពុជាក្រោមទៀត។
ទីពីរ បញ្ជាក់ជូនប្រជានុរាស្រ្តខ្មែរក្រោម ត្រូវយល់ថា ខ្មែរយើងនៅជាម្ចាស់លើដែនដី ដែលយួនហៅថា “ណាមបូ” (Nam Bo) នៅឡើយ ហើយសិទ្ធិរបស់យើងនោះសោត ត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ផងដែរ។
-សម្រាប់បញ្ចេញមតិ ឬសំណួរ សូមបងប្អូនទាក់ទងមក៖
-ព្រះតេជគុណ ធី ធី ធម្មោ ទូរស័ព្ទលេខ (៩០៥) ៩២០-៣៣២០
-ព្រះតេជគុណ សឺង យ៉ឹង រតនា ទូរស័ព្ទលេខ (៤០៨) ៥៥០-៥០៦០
-លោក ថាច់ វៀន ទូរស័ព្ទលេខ (៣៣) ៦២៥ ៦១១ ៩៦១
-លោក ត្រឹង យ៉ាប ទូរស័ព្ទលេខ (៨៥៦) ៦៥៥-៣៨៣៨
សូមបងប្អូនជនរួមជាតិ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ធ្វើនៅប្រទេសកាណាដា, ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១១
តោ គិម ថុង
អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម

.