នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបនឹងបានទទួលដំណឹងមកថា លោក លី ឈូន ដែលជាខ្មែរមានកំណើតនៅខេត្តឃ្លាំង កម្ពុជាក្រោម ជាអ្នករៀបចំកម្មវិធី ព្រមទាំងជាអ្នកផ្សាយ ព័ត៌មានវិទ្យុសំឡេងកម្ពុជាក្រោម បានត្រូវអាជ្ញាធរវៀតណាមនៅព្រំដែនកម្ពុជា–វៀតណាម ចាប់ឃាត់ ខ្លួនព្រមជាមួយភរិយា និងកូនស្រីរបស់លោក នៅម៉ោង៩ព្រឹក នៃថ្ងៃសុក្រទី១២ ខែមេសា ឆ្នាំ២០១៣ នេះ នៅចំណុចព្រំដែនទន្លាប់ ខេត្តតាកែវ ពេលលោកនិងក្រុមគ្រួសារកំពុងធ្វើដំណើរឆ្លងដែនទៅសួរ សុខទុក្ខម្តាយដែលមានវ័យចាស់ជរា នៅស្រុកកំណើតកម្ពុជាក្រោម។
នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងធ្វើសហការជាមួយលោកប្រធាននៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថាច់ ង៉ុកថាច់ ដើម្បីជូនដំណឹងនេះទៅស្ថានទូត អង្គការសិទ្ធិមនុស្សនានា ព្រមទាំងស្ថានីយ៍វិទ្យុអន្តរជាតិ ដើម្បីជួយតាមដាន និងធ្វើអន្តរាគមន៍ក្នុងរឿងនេះ។
នៅពេលបានទទួលព័ត៌មានយ៉ាងណា វិទ្យុសំឡេងកម្ពុជាក្រោមនឹងផ្សាយជូនលោកអ្នកជាបន្ត បន្ទាប់។
សូមអរព្រះគុណ និងអរគុណ
ធ្វើនៅសហរដ្ឋអាមេរិក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣
ខ្ញុំព្រះករុណា–ខ្ញុំ
សឺង សម្រេច
នាយកព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម