ដំណើរឆ្ពោះទៅកាន់មាតុភូមិ
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
យើងខ្ញុំ សូមជំរាបសួរបងប្អូនជនរួមឈាមជាទីគោរពស្នេហា
សួស្តីឆ្នាំថ្មី! ឆ្នាំខាលទោស័ក ព. ស. ២៥៥៤
ឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនិងរៀបចំពិធីគោរពទិវាទទួលទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី ពិធីស្រង់ព្រះ និង លេងល្បែងកំសាន្តប្រពៃណីជាដើមតាមទំនៀមទំលាប់ដូនតារៀងមក ។ ចំណែកនៅកម្ពុជាក្រោមឯណោះវិញ ល្បែងកំសាន្តប្រពៃណីទាំងនោះ មិនមានដូចនៅប្រទេសកម្ពុជាទេដោយសាររបបអណានិគម និងសង្គ្រាមរ៉ាំរៃ បានធ្វើឲ្យប្រពៃណីនិងវប្បធម៌ទាំងនោះរលាយបន្តិចម្តងៗ ។ នេះជាយុទ្ធសាស្រ្តរំលាយពូជសាសន៍ខ្មែររបស់មេ ដឹកនាំយួន ។
យើងខ្ញុំសូមប្រគេននិងជំរាបថាសហព័ន្ធខ្មែរកម្ពុជាក្រោមបន្តនិងអនុវត្តផែនការដំណើរឆ្ពោះទៅកាន់មាតុភូមិដើម្បីកែប្រែជីវិតប្រចាំថ្ងៃរបស់ខ្មែរក្រោមយើង ដែលរស់នៅក្រោមនឹមអាណានិគមយួនដូចខាងក្រោម៖
១- ទំនាក់ទំនងនឹងងកិច្ចការអន្តរជាតិ
២- ទំនាក់ទំនងនឹងកិច្ចការនៅព្រះរាជាណាចក្រកម្ពុជា
៣- ទំនាក់ទំនងនឹងកិច្ចការនៅកម្ពុជាក្រោម
ផែនការ ២០១០ បានអនុវត្តជាហូរហែកន្លងមកដូចជាមានការចូលរួមប្រជុំជាមួយអង្គយូអិនភិអ៊ូ (UNPO) នៅ ទីក្រុងរ៉ូមប្រទេសអ៊ីតាលីនាខែកុម្ភៈ ។ ក្នុងខែកុម្ភៈ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចូលរួមប្រជុំនៅទីក្រុង ស្សឺណែវ ខណៈដែលគណៈកម្មការការរើសអើងប្រកាន់ពូជសាសន៍នៃអង្គការសហប្រជាជាតិដែលបានកោះហៅ រដ្ឋភិបាលប្រទេសកម្ពុជាមកបំភ្លឺពីបញ្ហាខ្មែរក្រោម ។ ទទឹមគ្នានោះដែរក៏មានជំនួបជាមួយអង្គការជនភៀសខ្លួននៅ ទីនោះ ស្តីពីជនភៀសខ្លួនខ្មែរក្រោមនៅកម្ពុជានិងថៃ ។
កិច្ចការជាច្រើនទៀតមាននៅទ្វីបអ៊ឺរុប អ៊ូស្រ្តាលី ញីវស្សឺឡែន សហរដ្ឋអាមេរិក កាណាដា និងនាពេលខាងមុខ នេះសហព័ន្ធនិងរៀបចំកម្មវិធីជាបន្តបន្ទាប់ដូចមានខាងក្រោម៖
– វេទិកាពិភាក្សាអន្តរជាតិនៅ ទីក្រុងហ្វិលឡា ដែល នៅថ្ងៃ ទី ១៨ ខែមេសា ២០១០
– ចូលរួមវេទិកាជនជាតិដើមនៅ បូរីញ៉ូវយ៉ក នាការិយាល័យអង្គការសហប្រជាជាតិ
– ពិធីរំឮកខួបលើកទី ៦១ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម
– និងកិច្ចការអន្តរជាតិខាងមុខនេះមានជាអាទិ៍ ៖ កិច្ចប្រជុំនៃអង្គយូអិនភិអ៊ូនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីស ភាអ៊ឺរ៉ុបក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងស្សឺណែវ ។ល។
យើងខ្ញុំសូមថ្លែងអំណរគុណជនរួមឈាមនៅក្នុងស្រុក កម្ពុជា និងរស់នៅជុំវិញពិភពលោកដែលបានខិតខំតស៊ូ ឧបត្ថមគ្រប់ពេលវេលាប្រឈមមុខនឹងរបបកុម្មុនិស្តយួន ។ យើងខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះប្រព័ន្ធសារ ព័ត៌ភាសាខ្មែរ និងបរទេសដែលបានយកចិត្តទុកដាក់ផ្សាយនូវពត៌មានពិតៗអំពីបញ្ហាខ្មែរក្រោមនៅក្នុងស្រុកកម្ពុជា និងសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោមគ្រប់ពេលវេលា ។
ជនរួមឈាមជាទីស្នេហា!
យើងជាម្ចាស់ស្រុក ដូចនេះ ត្រូវតែមានសិទ្ធិរស់នៅពេញមុខពេញមាត់ដូចជាតិសាសន៍នានាលើពិភពលោកដែរ ដូច្នេះយើងត្រូវតែមានស្មារតីជាតិ សាមគ្គីរួបរួម ស្មោះត្រង់បំរើជាតិនៅគ្រប់កាលៈទេសៈទំាងអស់ពេលជាតិត្រូវការ។
យើងខ្ញុំព្រះករុណាខ្ញុំបាទសូមប្រសិទ្ធិពរសិរីសួស្តី ជ័យមង្គល វិបុលសុខ និងសូមទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី តាមថែរក្សា ព្រមទាំងផ្តល់នូវមង្គលទាំងពួង ប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ទិវារាត្រី ។
សហរដ្ឋអាមេរិក, ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១០
ថាច់ ង៉ុក ថាច់
ប្រធានប្រតិ្តបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម.