សុន្ទរកថា លោក តោ គឹម ថុង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ទិវាខួបឆ្នាំទី៦២

ការរំលឹកខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ឆ្នាំនេះ កាន់តែមានភាពគគ្រឹកគគ្រេងជាងឆ្នាំមុនៗ។​ ខ្មែរ ក្រោម នៅជំវិញពិភពលោក បានប្រារព្ធពិធីរំលឹកនូវ ថ្ងៃប្រវត្តិសាស្រ្តមួយ ដ៏ខ្មៅងងឹតរបស់ខ្មែរ ជាហូរហែរ ចាប់តាំងពីចុងខែឧសភារៀងទៅ។ អ្នកនយោបាយ វិទ្យុ និងអិនធឺណែត ក៏បានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ ថ្ងៃទី​៤ ​មិថុនា យ៉ាងក្បោះក្បាយ។ តាងនាមសហព័ន្ធ ខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា ខ្ញុំបាទ សូមថ្លែង អំណរគុណ ចំពោះទង្វើដ៏ប្រពៃនេះរបស់បងប្អូន រួមជាតិ។  ហើយឆ្លៀតពេលនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូម លើកយកនូវខ្លឹមសារសំខាន់ៗ នៃព្រឹត្តិការណ៍ ដែលទាក់ទងនឹងថ្ងៃទី០​៤ ​មិថុនា សម្រាប់ជាជំនួយសតិអារម្មណ៍ ជូនសាធារណជនដូចតទៅ។ រដ្ឋាភិបាលនិងប្រវត្តិវិទូយួន បានមានចេតនាបំភ្លេច និងព្យាយាមបន្លំ រឿងគេរឹបយក ទឹកដីខ្មែរកម្ពុជាក្រោម។ គ្រូបង្រៀនយួន តាំងពីថ្នាក់កុមារដ្ឋាន ដល់ឧត្តមសិក្សា បានបញ្ចុះបញ្ចូលសិស្សានុសិស្ស​ ឲ្យជឿថាទឹកដីប៉ែកនីរតី (Tay Nam Bo) នៃប្រទេសយៀកណាម ជាទ្រពសម្បតិ្ត ដែលជីដូនជីតាគេបានកាប់ឆ្ការព្រៃទំនេរ ឬជាលទ្ធផលនៃសន្ធិសញ្ញាជា ច្រើន ដែលអ្នកដឹកនាំខ្មែរ បានព្រមព្រៀង។ នរណាហ៊ាននិយាយខុសពីនេះ នឹងត្រូវគេចោទថាខ្មាំង ចង់បំផ្លាញមិត្តភាពយៀកណាម-កម្ពុជា។

តើការពិត នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត វាយ៉ាងណា?

ការបាត់បង់ទឹកដីកម្ពុជាក្រោម ជាលទ្ធផលនៃយុទ្ធសាស្រ្តរបស់ជនជាតិអាណ្ណាម​ ដែលនិយមន័យថា​ ផែនការវាតទីមកទិខាងត្បូង (Nam Tiến) ដោយសំអាងទៅលើ កល់ល្បិចពីរយ៉ាងគឺ ១/ នយោបាយចំណងមេត្រីភាព​ (Tình hữu Nghị Anh Em) និង ២/នយោបាយអន្តោប្រវេសន៍ (Dân đi trước nhà nước đi sau).

តាមផែនការនេះ នៅឆ្នាំ១៦២០  អធិរាជ ង្វៀង បានរៀបអភិសេកម្ចាស់ក្សត្រីយ៍យួន ង្វៀង ផុក ង៉ុក វ៉ាង (Nguyễn Phúc Ngọc Vạn)  ជាមួយស្តេចខ្មែរ ជ័យជេដ្ឋាទី២ ចំណងមេត្រួភាពនេះ បានហុចដៃឲ្យយួនចូលមករកស៊ី នៅតំបន់ព្រះសួគ៌ា (Bà Rịa) ត្រពាំងចង្វា (Biên Hoà) និងវាលប្រើស (Đồng Nai)​។​ នេះជាលើក​ទីមួយ បើកផ្លូវឲ្យ​យួនរំកិលចូល​ដីខ្មែរបន្តិចម្តងៗ​។

ប៉ុន្តែរហូតមកទល់ពេលបារាំងចាប់ផ្តើមចូលលុកលុយ ព្រៃនគរ ចង្វាត្រពាំង និងព្រះសួគ៍ា នាឆ្នាំ១៨៥៩ ប្រវត្តិវិទូតែងតែរាប់បញ្ចូលកម្ពុជាក្រោម ជាមួយកម្ពុជាទាំងមូល គឺមានខ្មែរតែមួយ គ្មានការបែងចែក លើក្រោមទេ។ បន្ទាប់មកបារាំង បានដាក់កម្ពុជាក្រោម ហៅថា កូសាំងស៊ីន ជាអាណានិគមរបស់ខ្លួន​ អស់រយះពេល៩០ឆ្នាំគត់ រហូតដល់ឆ្នាំ១៩៤៩។

ថ្ងៃទី៨ ខែមីនា  ឆ្នាំ១៩៤៩ ប្រធានាធិបតីបារាំង វ៉ាងសង់ អូរីយ៉ូល (Vincent Auriol)  និងអធិរាជយួន បាវ ដាយ (Bảo​-​Đại​) បាន​ចុះកិច្ចព្រមព្រៀងមួយ ហៅថា កិច្ចព្រមព្រៀង Elysee ក្នុងនោះ បារាំងយល់ព្រមប្រគល់កម្ពុជាក្រោម (បារាំងៈCochinchine,​ យួនៈNam Kỳ) ទៅឲ្យយួន ហើយយួនព្រមបង្កើតរដ្ឋាភិបាល យៀកណាមមួយ​ នៅក្នុងក្រុមសហភាពបារាំង ហៅថា រដ្ឋយៀកណាម (Quốc Gia Việt Nam)។ បារាំងសង្ឃឹមថា ការប្រគល់កម្ពុជាក្រោមទៅឲ្យស្តេច បាវ ដាយ គេអាចនឹងរក្សានូវឥទ្ធិពលរបស់ខ្លួនបានយូរអង្វែងនៅដែនដី កូសាំងស៊ីន ព្រមទាំងទប់ស្កាត់​ឥទ្ធិពលរបស់ពួកកុម្មុយនិស្តនិយម​ ហូ​ ជី មិញ។

ថ្ងៃទី ២៥ ខែមេសា ឆ្នាំ១៩៤៩ សម្តេចនរោត្តម សីហនុ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនប្រតិភូមួយក្រុម ដែលដឹក​នាំដោយឯកឧត្តម សឺសាន ទៅទី​ក្រុងប៉ារីស ដើម្បីជំទាស់នឹងសភាបារាំង ឲ្យផ្អាកការសម្រេចចិត្តរបស់រដ្ឋ​សភាបារាំង ដែលបានយល់ព្រមប្រគល់កម្ពុជាក្រោម ឲ្យទៅយៀកណាមនោះ។ តែការតវ៉ានោះ​ មិនត្រូវបានរដ្ឋាភិបាលបារាំងធ្វើតាមឡើយ ។

ថ្ងៃ ទី ខែ មិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំង វ៉ាងសង់ អូរីយ៉ូល បានប្រកាសជាផ្លូវការនូវសន្ឋិសញ្ញា ប្រគល់​ដែន​ដី​កម្ពុជា​ក្រោម និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​រាប់​លាន​នាក់ ទៅ​ឲ្យ​អធិរាជ​ យៀកណាម បាវ ដាយ គ្រប់គ្រង​ ៕​ នេះជាលិខិតមរណៈសម្រាប់ទឹកដីកម្ពុជាក្រោម។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាកាលនោះ ក៏មិនបានយល់ព្រមទេ ហើយឥឡូវនេះ ប្រជាជាតិខ្មែរ នៅតែជំទាស់យ៉ាងពេញទំហឹងដដែល។

ខ្ញុំព្រះករុណា ខ្ញុំបាទ យល់ថា ការចងចាំនូវថ្ងៃបាត់បង់ដែនដីកម្ពុជាក្រោម​​​ ដែលកន្លង​ទៅ៦២ឆ្នាំហើយនោះ ជាឧកាស​សម្រាប់យើងភ្ញាក់រលឹក ប្រុងប្រយ័ត្ន​ នៅពេលបច្ចុប្បន្ន និងទៅអនាគត​ នៃប្រទេសជាតិ។

ទីមួយ អ្នកដឹកនាំនិងប្រជានុរាស្រ្តខ្មែរទាំងមូល ត្រូវរួមគ្នា ការពារបូរណភាពទឹកដី​ ដែលសព្វថ្ងៃកំពុងតែប្រឈមមុខ នឹងការប៉ុនប៉ងលេបត្របាក់ ពីប្រទេសជិតខាង កុំឱ្យហិនហោច ដូចកម្ពុជាក្រោមទៀត។

ទីពីរ ប្រជានុរាស្រ្តខ្មែរក្រោម ត្រូវយល់ថាខ្មែរយើងនៅជាម្ចាស់លើដែនដី ដែលយួនហៅថា “ណាមប៊ូ” (Nam Bo) នៅឡើយ ហើយសិទ្ធិរបស់យើងនោះសោត ក៏បានអង្គការ​សហប្រជាជាតិ ទទួលស្គាល់ផងដែរ។

មុននឹងបញ្ចប់​ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមឱនកាយ ថ្វាយ រលឹក និងសម្តែងនូវកតញ្ញូតាធម៌ ចំពោះវិញ្ញាណក្ខ័ន្ធ នៃព្រះវីរៈសមណនិង​វីរៈបុរសខ្មែរ គ្រប់ជំនាន់ ដែលបានធ្វើពលិកម្ម ដើម្បីរក្សាពូជពង្ស នៃខេមរជាតិ។

ពេលវេលាអាចធ្វើឲ្យទឹកទន្លេមេគង្គរីងគោក ក៏ប៉ន្តែ ដីល្បាប់ដែលទន្លេនោះ ករកែនឡើង នៅតែជាគំនរផលដល់ធម្មជាតិ ដដែល។ យ៉ាងណាមិញ ទោះជាពេលវេលាកន្លងផុតពី ព្រឺត្តិការណ៍ ថ្ងៃទី មិថុនា ឆ្នាំ១៩៤៩ រាប់រយឆ្នាំទៀត ក៏កូនចៅខ្មែរក្រោម  នៅតែតស៊ូមិនដែលរុញរាម្តងណាឡើយ គឺតស៊ូរហូតដល់បាន   សម្រេច៕

ជយោខ្មែរកម្ពុជាក្រោមអមតៈ !

ធ្វើនៅប្រទេសកាណាដា, ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១១

អំពីខ្ញុំព្រះករុណា ខ្ញុំបាទ

តោ​ គិម ថុង

អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម

.