សុន្ទរកថា លោក តោ គឹម ថុង ក្នុងពិធីបុណ្យកតញ្ញូកតវេទី

សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គ ដែលនិមន្តមក ពីបីវត្តគឺ វត្តខេមរារាម វត្តខ្មែរមេត្តា     និងវត្តខ្មែរ កម្ពុជាក្រោមកាណាដា ជាទីសក្ការៈ។ សូមគោរពបង ប្អូនរួមជាតិជាទីស្រឡាញ់។ ថ្ងៃនេះ បងប្អូនយើង ដ៏ច្រើន មកពីរដ្ឋនានា រួមមាន Illinois, Indiana, Iowa, Minnessota, New Jersey, Pensylvenia, Texas និង​ Canada តាមសេចក្តី អញ្ជើញរបស់ លោកថាច់ ស៊ីចាន់ ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Illinois។  នេះក៏ជាលើកទី៣ហើយ ដែលសហព័ន្ធយើង បានសមាគមខ្មែរ រដ្ឋ អ៊ីល្លីណយ អនុញាតិ ឲ្យប្រើប្រាស់ទី ស្នាក់ការដ៏ល្អប្រណិត ជាកន្លែងប្រជុំ។​

ដូច្នេះ សូមសមាជិក សមាជិកា នៃសហព័ន្ធទាំងអស់ក្រោកឈរឡើង ដើម្បីថ្លែងអំណរគុណ សមាគមខ្មែរ រដ្ខអ៊ីល្លីណយ ដែលមានលោកប្រធាន សុខ ណេន អញ្ជើញមកផ្តល់កិត្តិយសឲ្យយើងផងដែរ។

ថ្ងៃនេះយើងមកជូបជុំគ្នា ប្រារព្ធពិធីបុណ្យឲ្យឈ្មោះថា បុណ្យកតញ្ញូកតវេទី រំឭកគុណ​​បុព្វការីជន ដែលបាន ផ្តល់ជីវិតឲ្យយើង គឺមានឳពុកម្តាយ ដែលបង្កើតនិងថែរក្សារួបរាងយើង រួមទាំងវីរជនខ្មែរគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មរហូតដល់ស៊ូស្លាប់ខ្លួនឯង ដើម្បីខេមរជាតិ នៅរស់រវើកជាងពីរពាន់ឆ្នាំ មកទល់ឥឡូវនេះ។

បុណ្យកតញ្ញូកតវេទី មានសារៈខាន់ណាស់        ហេតុអ្វី?

គឺមកអំពី៖

ទី១ ការសំដែងកតញ្ញូតា​ធម៌ ជាករណីយកិច្ចរបស់បុត្រធិតា សមស្របតាមសេចក្តីប្រៀនប្រដៅ​នៃព្រះសម្មា សម្ពុទ្ធ។

ទី២ ជាឱកាសឲ្យយើងជាអ្នកជំនាន់ក្រោយៗ ចងចាំនូវស្នាដៃនៃវីរបុរសជំនាន់មុនៗ ។

ទី៣ តាមកញ្ចក់សាវតារនោះ វាជាមេរៀន ដែលផ្តល់នូវបទពិសោធន៍ដ៏ថ្លៃថ្លា សំរាប់កិច្ចការស្វែងរក ផលប្រយោជន៍ជូនជាតិ នាបច្ចុប្បន្នផងដែរ។ ថ្ងៃនេះ ក៏ត្រូវ នឹងថ្ងៃបុណ្យ Thanksgiving អញ្ចឹង ខ្ញុំសូមឆ្លៀតពេលនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហរដ្ឋអាមេរិក ដែលបានជួយយ៉ាងធំធេង ស្រោចស្រង់អាយុជីវិតរបស់ជនភៀសខ្លួនខ្មែរ ឲ្យផុតពីក្រញ៉ាំដៃកុម្មុយនិស្តអមនុស្សធម៌។ មួយអន្លើទៀត ខែនេះ ៣៥ឆ្នាំមុន គឺចំថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ១៩៧៦ ពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំងបានក្លាហាន ហ៊ានក្រោកឡើង ក្នុងនាមជា រណសិរ្សសេរីការខ្មែរក្រោម ប្រឈមមុខ ដោយហិង្សា ប៉ុនប៉ងផ្តួល​រំលំ រដ្ឋាភិបាលផ្តាច់ការបែប Stalinist នៃបក្សកុម្មុយនិស្តយួន ។

លទ្ធផលក្រោយពីព្រឹត្តិការណ៍នេះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាច្រើនត្រូវរដ្ឋា​ភិបាលយួនប្រហារជីវិត​, ចាប់ដាក់គុកអស់មួយជីវិត និងត្រូវធ្វើទារុណកម្ម​រហូតដល់ស្លាប់ក្នុងគុកជាដើម។ មានបងប្អូនច្រើន ដែលបាន ចូលរួមក្នុងការតស៊ូដ៏អង់អាចនោះ បានភៀសខ្លួនមកជ្រក នៅកម្ពុជា ឬប្រទេសទី៣ ទល់សព្វថ្ងៃ អ្នកខ្លះ ក៏ត្រូវរងនូវជម្ងឺរ៉ាំរ៉ៃខាងផ្លូវចិត្តក៏ដូចផ្លូវកាយ។

តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំសូមថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះព្រះវីរសមណវីរបុរសនិងវីរនារី ដែលបានរួមចំណែកក្នុងចលនាមហាបាតុកម្មហឹង្សា ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦។ សូមឲ្យវិញ្ញាណក្ខន្ធរបស់ ព្រះអង្គ និងលោកអ្នក ដែលត្រូវចែកឋានទៅលោកខាងមុខ បានទៅកាន់ទីកន្លែងសុខសាន្ត។​ សូមឲ្យលោកអ្នក ដែលនៅរស់ ជួបតែសេចក្តីចំរើនរីករាយ។

ខ្ញុំយល់ថា ដើម្បីតបស្នងសងគុណដល់វីរជនទាំងនោះ ជាការប្រសើរបំផុត គឺយើងត្រូវតែសិក្សារៀនសូត្រ យកបទពិសោធន៍ដែលអ្នកជំនាន់មុនត្រូវបង់តម្លៃ ដោយសាច់ស្រស់ ឈាមស្រស់ ទីបំផុតការតស៊ូ ត្រូវរលត់ ក្នុងរយៈពេលយ៉ាងខ្លី ដោយមិនបានសំរេចនូវគោលដៅរបស់ខ្លួន។ ក្រោយពី បានពិនិត្យស្រាវជ្រាវ ហេតុផលនៃព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ១៩៧៦ ជាច្រើនឆ្នាំមក ខ្ញុំយល់ថា មានបញ្ហាសំខាន់ៗ ដែលយើងទាំងអស់គ្នា ជាពិសេសអ្នកដឹកនាំខ្មែរក្រោម គប្បីពិចារណាដោយហ្មត់ចត់។

ទីមួយ ចលនាតស៊ូដើម្បីសង្រ្គោះជាតិ មិនអាចមានជ័យជំនះទេ បើសិនវាបណ្តាលឡើង ដោយចិត្តក្តៅក្រហាយ កំហឹង ងងឹតងងល់ ខ្វះយុទ្ធសាស្រ្តយូរអង្វែង និងចរន្តកាល។

ទីពីរ ​ការចូលរួមចលនាតស៊ូណាមួយ ដែលមានត្រឹមតែពាក្យស្លោករសើបរសល់ អាចមានលទ្ធផលផ្ទុយ ពីបំណងប្រាថ្នាទៅវិញ គឺនាំឱ្យហិនហោចប្រយោជន៍ផ្ទាល់ខ្លួនផង  បំបែកបំបាក់សាមគ្គី ជាតិផង។

បពិត្រព្រះតេជគុណ និង​បងប្អូនជាទីគោរព!

សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែថ្លឹងថ្លែងបទពិសោធន៍ ពីមេរៀនប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិ យ៉ាងជាក់ស្តែង ហើយបានកំណត់នូវយុទ្ធសាស្រ្ត និងយុទ្ធវិធី ​ដែលសំអាងទៅលើកម្លាំងប្រជាពលរដ្ឋ និងកម្លាំងគាំទ្រយុត្តិធម៌ ពីសហគមន៍​អន្តរជាតិ។

សហព័ន្ធបានអនុវត្តយុទ្ធសាស្រ្តអហិង្សា សមហេតុផល តាមច្បាប់អន្តរជាតិ -“ដំណើរទៅយកសិទ្ធិសំរេច វាសនាខ្លួនដោយខ្លួនឯង​”​ – ដោយស្វិតស្វាញមោះមុត និងឈ្លាសវៃ ។ ក្នុងប្រមាណជិត ១០ឆ្នាំប៉ុណ្ណោះ យើង បានទទួលផល ដែលជាមោទនភាព សំរាប់ខ្មែរក្រោមគ្រប់គ្នា។

ក្រោមពន្លឺទៀន និងធូប ក្នុងពិធី បុណ្យកតញ្ញូកតវេទី ដ៏ពិសិដ្ឋ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបាទ សូមអំពាវនា វដល់វិញ្ញាណក្ខន្ធ នៃវីរជនខ្មែរគ្រប់ជំនាន់ មានឩកញ៉ា សឺនគុយ ជាដើម សូមលោកជួយដាស់សតិ អារម្មណ៍កូនខ្មែរទាំងអស់ កុំព្រងើយកន្តើយ ហើយចូលរួមជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការ តែមួយគត់ធ្លាប់ បានទាមទារយកផលប្រយោជន៍ យ៉ាងសក្តិសិទ្ធជូនជាតិមាតុភូមិកម្ពុជាក្រោម ជាចលនា ជាតិនិយមតែមួយគត់ អាចដឹកនាំការតស៊ូ ទៅដល់ទីត្រើយ ដែលបានកំណត់។

ថ្ងៃ ទី 25, 2011 នៅ Chicago Illinois

សូមអរព្រះគុណ  សូមអរគុណ

.