ក្នុងពេលថ្លែងទៅកាន់សន្និសីទវេទិកាជនជាតិដើមរបស់អង្គការ សហប្រជាជាតិនាទីក្រុងញូវយ៉កកាលពីម្សិលម៉ិញខ្មែរកម្ពុជាក្រោមម្នាក់ បានថ្លែងថា នៅកម្ពុជាក្រោមគឺគ្មានត្រូវការអ្វីក្រៅពីចង់រស់នៅមានអត្តសញ្ញាណ ជាខ្មែរនិងគោរពប្រតិបត្តិតាមវប្បធម៌ខ្មែរនោះឡើយ។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម គឺកញ្ញា សុម៉ាលីន ថាច់ បានធ្លាយទឹកភ្នែកប្រកបដោយភាពខ្សឹបខ្សួលក្នុងពេលថ្លែងទៅកាន់ សន្និសីទវេទិកាជនជាតិដើមរបស់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក កាលពីម្សិលមិញក្នុងពេលដែលនាងបានរំឭកប្រវត្តិការរត់ចេញពី មាតុភូមិកម្ពុជាក្រោមនៃឪពុកម្ដាយរបស់នាងដោយសារតែប្រព័ន្ធ គ្រប់គ្រងក្រុងហាណូយដែលបានបែងចែកពលរដ្ឋតាមភាពខុសគ្នានៃ អត្តសញ្ញាណជាខ្មែរក្រោមនិងការកាន់វប្បធម៌ខុសពីគេរបស់គាត់ ប៉ុណ្ណោះ។
កញ្ញា សុម៉ាលីន ថាច់ បានជម្រាបសន្និសីទនៃអង្គការពិភពលោកដ៏ធំមួយនេះថា ក្នុងនាមជាខ្មែរក្រោមម្នាក់នាងពុំត្រូវការអ្វីក្រៅពីចង់រស់នៅ ដោយមានអត្តសញ្ញាណជាខ្មែរនិងគោរពប្រតិបត្តិតាមវប្បធម៌របស់យើង ឡើយ។
កញ្ញា សុម៉ាលីន ថាច់ បានថ្លែងថា ៖ “ខ្ញុំមិនចង់បានអ្វីក្រៅពីសិទ្ធិរស់នៅក្នុងស្រុកកំណើតរបស់ ខ្ញុំនោះឡើយ ដូចបុព្វបុរសរបស់ខ្ញុំ ដែលនិយាយភាសាដើមរបស់យើង។ លោកស្រីប្រធាន យើងមានជំនឿខ្លាំងក្លាថា ដល់ពេលហើយដែលវៀតណាមគួរតែឈប់បដិសេធសិទ្ធិរបស់យើង ក្នុងការថ្លាថ្លែងនាវេទិកានេះ និងចាប់ផ្ដើមអនុវត្តនូវសិទ្ធិសេរីភាពខាងការបញ្ចេញមតិដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផ្ទាល់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ”។
សូមជម្រាបថា យើងមិនអាចសុំសេចក្ដីអត្ថាធិប្បាយផ្ទាល់ពីនាង សុម៉ាលីន ថាច់ ចំពោះអារម្មណ៍របស់នាងក្នុងពេលថ្លែងការណ៍នោះបានភ្លាមៗនៅពេលនេះ ទេ ដោយហេតុថា នៅមុននេះបន្តិចនាង សុមាលីន ថាច់ ដែលជាសមាជិកានៃក្រុមយុវវ័យសហព័ន្ធខ្មែរកម្ពុជាក្រោមនោះកំពុង ធ្វើដំណើរតាមយន្តហោះត្រឡប់ទៅលំនៅឋាននៅទីក្រុងស៊ីអាថលនៃរដ្ឋ វ៉ាស៊ីនតុន។
ទោះយ៉ាងណាក្ដី លោក ថាច់ ង៉ុកថាច់ នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងបន្តការដឹកនាំប្រតិភូខ្មែរក្រោមនូវកិច្ចប្រជុំក្នុងបុរី ញូវយ៉កនោះ បានឲ្យដឹងថា សុន្ទរកថារបស់នាងបានទាក់ទាញការយកចិត្តទុកដាក់ខ្លាំងពីក្រុម បរទេសដែលបានចូលរួម។
លោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍ថា ៖ «លោកស្រីនាយកនៃ អង្គប្រជុំបានចាប់អារម្មណ៍ ហើយចូលរួមនូវទុក្ខលំបាករបស់បងប្អូនខ្មែរក្រោមនៅកម្ពុជាក្រោម។ គាត់ក៏បាននិយាយថា អត្តសញ្ញាណនៃសញ្ជាតិមួយៗសំខាន់ណាស់នៅជុំវិញពិភពលោកនេះ អ៊ីចឹងហើយបានជារៀបចំនូវសន្តិសុខផ្នែកជនជាតិដើមនៅទីនេះ។ ក្រៅពីនេះក៏យើងឃើញមានប្រទេសមួយចំនួនមានការចាប់អារម្មណ៍មកចាប់ ដៃ ហើយនិងលួងលោម នាង សុម៉ាលីន ថាច់ រួមទាំងអង្គការក្រៅរដ្ឋាភិបាលផងបានមកសុំសុន្ទរកថាទាំងនោះ។ ដូច្នេះខ្ញុំបាទផ្ទាល់សូមអំពាវនាវដល់បងប្អូនខ្មែរក្រោមយើងដែល នៅក្រៅប្រទេស ហើយរួមទាំងបងប្អូនខ្មែរយើងផងដែលរស់នៅក្នុងប្រទេសមានសិទ្ធិ សេរីភាព សូមមេត្តាចូលរួម មានតែយើងនៅក្រៅប្រទេសហ្នឹងហើយដែលជាសំឡេងដល់បងប្អូនដែលរង គ្រោះ ទាំងនៅកម្ពុជាក្រោមនិងនៅកម្ពុជា»៕
អត្ថបទវិទ្យុអាស៊ីសេរី.