សារលិខិត អប់អរសាទរឆ្នាំថ្មី របស់អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ! សូមជម្រាបបងប្អូនរួមជាតិទាំងអស់ ជាទីស្រឡាញ់ រាប់អានយ៉ាងជ្រាលជ្រៅ !
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ខ្ញុំព្រះករុណា ខ្ញុំបាទ តាំងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម និងតាំងនាមផ្ទាល់ ខ្លួនផង សូមថ្វាយព្រះពរជ័យ ប្រគេនព្រះតេជគុណ គ្រប់អង្គ និងជូនពរដល់បងប្អូនរួមជាតិ ទាំងនៅក្នុង និងក្រៅស្រុក ឲ្យមានសុខភាពល្អ បញ្ញាវាងវៃ ជីវភាពសប្បាយ និងសំបូររុងរឿង គ្រប់ពេលវេលា។
ឆ្លៀតឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមថ្លែងនូវចំណាប់អារម្មណ៍ ដោយសង្ខេប ដែលទាក់ទិន នឹងវាសនាកម្ពុជាក្រោម ក្នុងប្រវត្តិសាស្រ្តទើបកន្លងថ្មីៗនេះ និងសូមបង្ហាញ នូវសេចក្តីសង្ឃឹមរបស់ខ្មែរ កម្ពុជាក្រោម ទៅអនាគត។

Texte alternatif


ឆ្នាំ២០១០កន្លង ជាខួបទី៣៥ ដែលកម្មុយនិស្តយួន ចាប់ផ្តើមកាន់កាប់កម្ពុជាក្រោម ។ តាំងពីឆ្នាំ១៩៧៥ របបកាលម៉ារ្យ និងហូជីមិញនិយម ចាប់ផ្តើមអនុវត្តនយោបាយអធន់និយម ដែលរឹបអូសយកដីធ្លី សឹងតែ ទាំងអស់ពីប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់អ្នកកាន់អំណច់។ ជាលទ្ធផល ខ្មែរក្រោមដែល៩០% ប្រកបរបរកសិកម្ម ត្រូវធ្លាក់ក្នុងភាពក្រក្សត់ រហូតដល់មានខ្លះ ស៊ូលក់ឈាមខ្លួនឯង ដើម្បីដូរយកស្បៀង អាហារចិញ្ចឹមក្រពះ។ ចំពោះព្រះសង្ឃវិញ រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន បានចាប់ផ្សឹកយកទៅដាក់គុក និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ។ រីឯប្រជាពលរដ្ឋស្លូតត្រង់ ច្រើនពាន់នាក់ ត្រូវយួនចោទថាមានគំនិតបះបោរ ប្រឆាំង ហើយចាប់ចងវាយដំ រហូតដល់ប្រហារជីវិត ដូចករណី ព្រះតេជគុណ គិម តុកចើង ជាដើម។ វាសនាកម្ពុជាក្រោម ពេលនោះ បានធ្លាក់ចុះក្នុងភាពខ្មៅងងឹត សឹងតែដាច់ពូជទៅហើយ។
នាឆ្នាំបន្តបន្ទាប់ក្រោយពីនោះមក ខ្មែរក្រោមយ៉ាងច្រើន ត្រូវរត់ចោលស្រុក មកប្រទេសកម្ពុជា ប៉ុន្តែគ្នា នៅតែមិនបានសុខ ដូចករណីភិក្ខុ ទឹម សាខន ដែលត្រូវយួនចាប់ពីប្រទេសខ្មែរ យកទៅដាក់គុក នៅប្រទេសយួន។
ទោះជាយ៉ាងនេះ ការប៉ុនប៉ងបង្ក្រាបស្មរតី គ្រប់រូបភាព ក្នុងគោលបំណងកំចាត់ ពូជសាសន៍ខ្មែរក្រោម របស់យួន មិនបានសំរេចទេ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានក្នុងបណ្តាប្រទេសសេរី ជាលើកដំបូង ក្នុងប្រវត្តិសាស្រ ខ្មែរកម្ពុជាក្រោម បានដឹកនាំការតស៊ូអហិង្សាលើឆាកអន្តរជាតិ។ ពាក្យថា ខ្មែរក្រោមមួយម៉ាត់ ដែលសូម្បី តែយុវជនខ្មែរខ្លះ មិនទាំងស្គាល់ផង បានក្លាយទៅជាគំរូតស៊ូ មិនត្រឹមតែសំរាប់ខ្មែរអ្នកជាតិនិយម ប៉ុន្តែសំរាប់ ជនជាតិដើមអន្តរជាតិផងទៀត។ ចំពោះពួកមេ យៀកកុងហាណូយវិញ សហព័ន្ធ បានរំឭកពួកគេនូវសុភាសិត យៀកណាម ដ៏ល្បីល្បាញ ដែលចែងថា៖ “គួរអស់សំណើច កណ្តូបទាត់រទេះ ស្មានតែកណ្តូបដួល បែរជារទេះផ្អៀង” (Nực cười châu chấu đá xe. Tưởng rằng chấu ngã, ai ngờ xe nghiêng)
ឧទាហរណ៍មួយ បង្ហាញយ៉ាងច្បាស់ នូវជ័យជំនះរបស់សហព័ន្ធ ពីឆ្នាំទៅ គឺសមត្ថភាពរំដោះ វីរជនខ្មែរក្រោម ដែលយួនចាប់ឃុំឃាំង នៅឯកម្ពុជាក្រោម ឲ្យបានមកភៀសខ្លួននយោបាយ ក្នុងបស្ចិមប្រទេស មានព្រះតេជគុណ ទឹម សាខន, យ័ញ តួន, គឹម មឿន, លី ហ្វាង, លី សឿង និង ថាច់ ធឿង ជាដើម។ ដោយសារហេតុនេះ នគរបាលយួនមានការខ្លាចរអែង មិនហ៊ានចាប់អ្នកប្រឆាំង តាមអំពើចិត្តទៀត ហើយបែរទៅប្រើពិធីលួងលោមទៅវិញ។
ឆ្នាំ២០១១ ហៀបនឹងដល់ បើកវគ្គនូវទសវត្សរ៍ថ្មី ហើយនាំមកនូវសេចក្តីសង្ឃឹមថ្មី សំរាប់ខ្មែរក្រោម ពីព្រោះ ៖
១/ ជនជាតិខ្មែរក្រោម ដែលមានសហព័ន្ធខ្មែរកម្ពុជាក្រោមនាំមុខ បានលូតលាស់ មានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងការតស៊ូយូរអង្វែងជានិរន្តរ៍ តាមតម្រូវការ គ្រប់កាលៈទេសៈ។
២/ ចរន្តនយោបាយអន្តរជាតិ ដែលបានចែងក្នុង “សេចក្តីប្រកាសនៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិ ជនជាតិដើម” គាំទ្រសិទ្ទិម្ចាស់ទឹកដីជាមរតក ទល់នឹងរដ្ឋអំណាច អាណានិគម។ ១៤៧ប្រទេស រួមទាំង សាធារណរដ្ឋសង្គមនិយមយៀកណាម បានទទួលស្គាល់សិទ្ធិ ពិសេសរបស់ជនជាតិ ដែលតាំងទីលំ នៅដំបូង លើដែនដីណាមួយ (ដូចជនជាតិ ខ្មែរនៅកម្ពុជាក្រោម) មុនពេលពួកអន្តោប្រវេសន៍ មកកាន់កាប់ (ដូចជនជាតិយួន)។
៣/ នាសម័យកាលនេះ មេដឹកនាំយួន គ្មានជំរើសទេ ក្រៅពីត្រូវផ្តល់នូវសិទ្ធិជាម្ចាស់ ដីធ្លី ឲ្យខ្មែរក្រោម។ គាត់ល្មមនឹងយល់ថា ប្រព័ន្ធម៉ាស៊ីនគៀបសង្កត់ ដូចជាក្រសួងប៉ូលិស P44 (ឬ A44), P38, និង P39 មិនអាចបំបាក់ស្មារតីតស៊ូ របស់ពូជសាសន៍មួយ ដែលមានអរិយធម៌ ជាយូរលង់ ។ បើយួនចង់បានសុខសេរី និងរីកចំរើន យួនត្រូវតែគោរព នូវសេចក្តីសុខសេរី និងរីកចំរុងចំរើន របស់ខ្មែរក្រោមដែរ។ សិទ្ធិខ្មែរក្រោម វាស្របតាមតាមច្បាប់ តាមសីលធម៌ និងតាមលក្ខខ័ណ្ឌធម្មជាតិ។
បងប្អូនមួយចំនួនតូច មានមន្ទិលសង្ស័យ ថាតើការតស៊ូទាមទារសិទ្ធិស្វ័យសំរេច វាសនារបស់ខ្មែរក្រោម នឹងសង្ឃឹមបានជោគជ័យឬទេ? ចម្លើយយ៉ាងខ្លី និងប្រាកដប្រជា តាមហេតុផលគឺ “មាន” រីឯយូរ ឬឆាប់ អាស្រ័យលើព្រះតេជគុណគ្រប់អង្គ និងបងប្អូនរួមជាតិ ទាំងអស់គ្នា ។ ត្រង់ចំណុចនេះ សូមដកស្រង់កំណាព្យ របស់សកម្មជនម្នាក់ ដូចតទៅ៖ “ស្រឡាញ់កេរកោះពីដូនតា តំណែលសាវតាពី យូរយា ឥឡូវដល់វេនខ្មែរគ្រប់គ្នា បន្តទាមទារ គង់តែបាន។”
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ការគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម ពីសំណាក់បងប្អូនខ្មែរគ្រប់ជំពូក។ សូមថ្លែងអំណរគុណផងដែរ ដល់អង្គការការពារសិទ្ធិមនុស្ស អង្គការ សារព័ត៌មាន និងរដ្ឋាភិបាលនានា ដែលមានសហរដ្ឋអាមេរិក និងសភាអឺរ៉ូបជាដើម។ ជំនួយសម្ភារះ ស្មារតី និង មធ្យោបាយ របស់លោកអ្នក បងប្អូន ប្រៀបបាននឺងអុក្សីហ្សែនយោងដង្ហើម សម្រាប់អាយុជីវិត នៃវាសនា ខ្មែរកម្ពុជាក្រោម ឲ្យនៅឋិតថេរចីរកាល។ ជយោ ខ្មែរកម្ពុជាក្រោម ជាអមតៈ !

កាណាដា, ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១០
តោ គិម ថុង
អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម

.