សាររបស់ប្រិយមិត្ត ផ្ញើមកកាន់វិទ្យុសំឡេងកម្ពុជាក្រោម ជុំវិញរឿង ការសោយទិវង្គតរបស់ព្រះមហាវិរក្សត្រ

សូមគោរព និងសូមជំរាបសួរចូលមកដល់ អគ្គនាយកវិទ្យុខ្មែរកម្ពុជាក្រោមព្រមទាំងសហការី ទាំងអស់ជាទី គោរព! តើអស់លោក លោកស្រីទាំងអស់បានសុខសប្បាយជាធម្មតាទេ? ពីខ្ញុំម្ដងទៀតហើយឈ្មោះ ចោម ស៊ីរីវុឌ្ឍន៏ ក្នុងនេះខ្ញុំមានសំណួរមកអគ្គនាយកវិទ្យុមួយទៅ ពីរសំណួរនៅពេលដែលព្រះ រាជ្យវរបិតាជាតិព្រះបាទ នរោត្ដមស៊ីហនុ បានចូលសោយទីវង្គតនេះមួយខ្ញុំបាទមានសំណួរថា ប្រជានុរាស្រ្ដខ្មែរក្រោមយើងជាកូនជាចៅ តើមានក្ដុកក្ដួលយ៉ាងដូចម្ដេចដែរ នៅពេលដែលព្រះអង្គ បានចូលសោយទីវង្គត ពីថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១២ ប៉ុន្មានថ្ងៃកន្លងទៅនេះ។
ពីរសួរថាតើមានប្រជានុរាស្រ្ដខ្មែរក្រោមយើងបានធ្វើដំណើរមកចូលរួមបុណ្យព្រះសពព្រះអង្គដែរឫទេ? តែប្រសិនបើមានប្រហែលប៉ុន្មាននាក់ដើម្បីបញ្ជាក់នូវសេចក្ដីស្រឡាញ់ស្មោះស្ម័គ្រនិងព្រះអង្គ?
ទោះបីព្រះអង្គមុនចូលសោយទីវង្គត់ពុំបានឆ្លើយតបនិងការរង់ចាំពីកូនចៅខ្មែរក្រោមថាឪឫព្រះអង្គ
ថាស្រលាញ់កូនចៅប៉ប៉ិនណាក៏ដោយ។សូមលោកអគ្គនាយកនិងបុក្គលិកមេត្ដាលៃលកសំណួរនេះ
តាមការគួរអនុគ្រោះ។
ពីខ្ញុំ ចោម ស៊ីរីវុឌ្ឍន៏ អុកលែន កាលីហ្វូនញ៉ា ខែតុលា ថ្ងៃទី១៧ឆ្នាំ២០១២ សូមអរគុណ
សូមជំរាបលា។

ជំរាបមកលោក ចោម ស៊ីរីវុឌ្ឍន៍
ទីក្រុងអូកឡែន រដ្ឋកាលីហ្វ័រនីញ៉ា ជាទីស្រឡាញ់រាប់អាន
ឆ្លើយតបនឹងលិខិតសំណួររបស់លោក ខ្ញុំបានសេចក្តីសុខជាធម្មតាៗ សូមអរគុណ។
សង្ឃឹមថាលោកក៏ប្រហែលដូចគ្នាដែរ ព្រោះជីវិតមនុស្សយើងម្នាក់ៗ តែងជួបសុខខ្លះទុក្ខខ្លះ ផ្លាស់វេនគ្នាជាធម្មតា។
ចំពោះការដែលលោកចង់ដឹង អំពីទឹលចិត្តប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម នៅពេលព្រះ វរាជបិតាជាតិព្រះបាទ នរោត្ដមស៊ីហនុ បានចូលសោយទីវង្គតនោះ ម្សិលមិញខ្ញុំបានទូរសព្ទទៅធ្វើ ការស្ទាបស្ទង់មតិបងប្អូនខ្មែរក្រោមជាសាច់ញាតិ ហើយបានដំណឹងថា ជាទួទៅ បងប្អូនខ្មែរក្រោម បានសំដែងសេចក្តីសោកស្តាយយ៉ាងខ្លាំង ខ្សឹបខ្សៀវគ្នាមិនហ៊ានឲ្យយួនឮ។ អ្នកនិយាយទូរសព្ទបាន ឲ្យដឹងថា គាត់និងគ្នីគ្នាគាត់បួនដប់នាក់បានជំនុំគ្នា ក្នុងបំណងរៀបចំជាពិធីរួមព្រះរាជមរណទុក្ខនៅ មន្ទីវត្តអារាម។ ប៉ុន្តែគិតចុះគិតឡើង ពួកគាត់មិនហ៊ានធ្វើទៅវិញ ព្រោះខ្លាចអាជ្ញាធរយួនចំណាំមុខ បាន ហើយនាំបង្ករបញ្ហាទៅថ្ងៃក្រោយ។ ខ្ញុំបានសួរគាត់វិញថា ក្រែងប្រទេសវៀតណាមនិងព្រះរាជា ណាចក្រកម្ពុជាបច្ចុប្បន្នមានមិត្តភាពស្អិតរមួតម៉ឺនឆ្នាំ ពេលព្រះមហាវិរក្សត្រខ្មែរចូលទិវង្គត ហេតុអ្វី បានជាខ្មែរក្រោមមិនអាចធ្វើបុណ្យមរណទុក្ខបាន ? គាត់គ្មានចំឡើយច្បាស់លាស់ទេ គឺនិយាយ តែពាក្យ‘‘ខ្លាច’’។ ខ្ញុំបានសន្និដ្ឋានក្នុងចិត្តថា នេះជាទម្លាប់ខ្មែរក្រោមដែលធ្លាប់ត្រូវគេធ្វើបាបចាប់ចង យូររាប់ច្រើនដំណមនុស្ស រាប់រយខែឆ្នាំ បណ្តាលឲ្យមានការខ្លាចបាក់ស្បាត។
ចំពោះសំណួររបស់លោក ទាក់ទងដល់ចំនួនខ្មែរក្រោមដែលបានចូលមកកម្ពុជា ដើម្បីធ្វើ បុណ្យនោះ មកទល់ពេលនេះ ខ្ញុំពុំទាន់មានចំឡើយទេ។ វាប្រាកដជាពីបាករកតួលេខពិតប្រាកដ ប៉ុន្តែបើបានដឹងខ្លះ ខ្ញុំនឹងជូនដំណឹងជាក្រោយ។
ចំពោះរូបខ្ញុំផ្ទាល់ អ្វីៗដែលទាក់ទងព្រះមហាវិរក្សត្រនិងកម្ពុជាក្រោម ហើយដែលខ្ញុំបានដឹង និងចងចាំ គឺព្រះអង្គតែងយកព្រះទ័យទុកដាក់ជានិច្ច។ នៅឆ្នាំ២០០១ឬ២០០២(?) ព្រះអង្គបាន ព្រះអនុញាតិឲ្យប្រតិភូនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលពេលនោះដឹកនាំដោយលោកប្រធាន សឺង ទួន និងលោកអនុប្រធាន ប្រាក់ សេរីវុឌ្ឍន៍ បានចូលគាល់ក្នុងព្រះបរមរាជវាំង ហើយបានបង្ហាញ ការគាំទ្រដំណើរតស៊ូដោយអហឹង្សានេះ និងបានប្រទានព្រះបច្ច័យបីពាន់ដុល្លាផង។ ជាព្រះបណ្តាំ គឺ ការងារអ្វីត្រូវធ្វើដោយសន្តិភាព តាមផ្លូវច្បាប់ ជៀសវាងអំពើហឹង្សា។ ភាពយន្តមួយដែលតែងនិពន្ធ និងដឹកនាំថតដោយព្រះអង្គផ្ទាល់ នៅប្រទេសកូរ៉េ ក្នុងគេហទំព័រ preynokornews.blogspot.com ខ្លឹមសារភាពយន្តបានបញ្ជាក់ថា ព្រះអង្គមិនដែលបោះបង់ទឹកដីកម្ពុជាក្រោមឡើយ។ វិលត្រឡប់ទៅ សម័យសង្គមរាស្រ្តនិយមវិញ រាល់ពេលដែលខ្មែរកម្ពុជាក្រោមមិនអាចទ្រាំទ្រនឹងការធ្វើទុក្ខបុកម្នេញ របស់រដ្ឋាភិបាលប្រទេសវៀតណាម ហើយភៀសខ្លួនមកក្នុងទឹកដីកម្ពុជា ព្រះអង្គតែងយកព្រះទ័យ ទុកដាក់ ទទួលឳបក្រសោបកូនចៅ ហើយចាត់ចែងចែកដីធ្លីឲ្យបានរស់នៅសុខសាន្តតាមខេត្តនានា ក្នុងព្រះរាជាណាចក្រ។ ខ្ញុំនៅចាំព្រះបន្ទូលរបស់ព្រះអង្គ ឆ្លើយតបទៅនឹងកូនចៅដែលរត់ពពាក់ពពូន ពីកម្ពុជាក្រោម មកភ្នំដិននៅទសវត្សរ៍ទី៦០ ស្ត្រីម្នាក់បានឳបជើងព្រះអង្គ យំផងនិយាយផង រៀបរាប់ ថាគេធ្វើបាបកូនចៅព្រះអង្គណាស់ នាងអង្វរករ សូមឲ្យព្រះអង្គនាំទ័ពទៅវាយរំដោះយកទឹកដីកម្ពុជា ក្រោមរបស់យើងមកវិញ។ ក្រៅពីការក្តុកក្តួលរំជួយព្រះទ័យអាណិតអាសូរកូនចៅ ជាចំឡើយខ្ញុំគ្មាន ព្រះបន្ទូលទាំងស្រុងទេ ប៉ុន្តែលោកបានឆ្លើយតបវិញក្នុងន័យថា ទ័ពទីងយើងគ្មានសមត្ថភាពនោះទេ យើងកំពុងប្រឹងប្រែងថែរក្សាទឹកដីខ្មែរដែលនៅសល់ពេលនេះ ឲ្យបានគង់វង្សសិន ! ចំឡើយរបស់ អ្នកដឹកនាំប៉ុណ្ណេះ ក៏ល្មមឲ្យយើងគិតឃើញថា ស្ថានភាពប្រទេសជាតិរបស់យើងនាពេលនោះ មិនជាល្អប្រសើទេ គឺរហូតទប់ខ្លួនសឹងតែមិនបាន។ ខ្ញុំក៏នៅចាំ ប្រសាសន៍របស់សម្តេចបវរសេដ្ឋា សឺន សាន នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ នៅទីក្រុងឡងប៊ីច្ស រដ្ឋកាលីហ្វ័រនីញ៉ាយ៉ាងដូច្នេះ« វាជារឿង អភព្វរបស់ប្រទេសខ្មែរ ដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសមួយ ដែលមាននយោបាយឈ្លាន ពាន វាតទីពង្រីកទឹកដីទៅលើប្រទេសជិតខាងរបស់ខ្លួនជានិច្ច»។
ខ្ញុំជឿជាក់ថា រឿងរ៉ាវជាច្រើនដែលមានចែងក្នុងប្រវត្តិសាស្ត្រ មុនពេលបារាំងមកធ្វើអាណា ព្យាបាលលើកម្ពុជា ក៏អាចបញ្ជាក់ពីស្ថានភាពប្រទេសយើងនាពេលនោះ បានដែរ។
ពិតមែនហើយ ក្នុងនាមផ្ទាល់ខ្លួនខ្ញុំជាខ្មែរក្រោម ក្រៅពីការតូចចិត្តចំពោះភព្វវាសនា ដែល ត្រូវគេបានពុះចែកឲ្យរស់នៅខាងម្ខាងទៀតនៃព្រំដែនដីកម្ពុជា ដែលបរទេសបានតម្រូវឲ្យឈរច្រៀង ភាសាដ៏ទៃ គោរពទង់ជាតិប្រទេសដ៏ទៃជារាល់ថ្ងៃ រូបខ្ញុំក៏ដូចជាខ្មែរក្រោមដ៏អភព្វទាំអស់គ្នា តែងមាន រំពឹងទៅលើអ្វីៗ ដែលមិនបានកើតឡើងសមតាមបំណងសោះឡើយ។ ប៉ុន្តែដោយខំសំឡឹងមើល ស្ថានភាពប្រទេសពីគ្រប់ជ្រុង គ្រប់កាលសម័យ និងក្នុងក្របខណ្ឌនៃសីលធម៌ ការចូលរួមព្រះរាជ មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ ចំពោះព្រះទិវង្គតរបស់ព្រះមហាវិរក្សត្រនាពេល នេះ ពិតជាព្រឹត្តិការណ៍ជាតិខ្មែរដ៏គួរឲ្យរំភើបរំជួយចិត្ត ដែលជនខ្មែរជាច្រើននាក់ អាចរៀនសូត្របាន សម្រាប់ស្មារតីបង្រួបបង្រួមជាតិ ដើម្បីអនាគតប្រទេសកម្ពុជា កុំឲ្យក្លាយទៅជាកម្ពុជាក្រោមទៀត។
ដោយឡែក ខ្មែរកម្ពុជាក្រោមដែលទទួលការគាបសង្កត់ក្រោមរបបគ្រប់គ្រងរដ្ឋាភិបាល បរទេស ក្រៅពីការតស៊ូមតិដោយខ្លួន ទីពឹងខ្លួនផ្អែកលើច្បាប់អន្តរជាតិ ពេលមានទុក្ខខ្លាំង មានស្ពាន តែមួយគត់សម្រាប់ឆ្លងចេញរកតំណោះស្រាយ។
ស្ពាននោះ គឺព្រះរាជាណាចក្រកម្ពុជា។
សង្ឃឹមថា នៅចុងស្ពានខាងមិត្ត រដ្ឋាភិបាលខ្មែរយកគំរូព្រះមេត្តាធម៌របស់ព្រះមហាវិរក្សត្រ ដោយមិនបោះចោលសាច់ស្រវាឆ្អឹងឡើយ។
ខ្ញុំសូមសំដែងអំណរគុណចំពោះលោក ចោម ស៊ីរីវុឌ្ឍន៍ ដែលបានយកចិត្តទុកដាក់ស្តាប់វិទ្យុ សំឡេងកម្ពុជាក្រោម ហើយមានសេចក្តីរីករាយជានិច្ច ក្នុងការឆ្លើយសំណួររបស់លោក។
ម្តងទៀត សូមលោកមេត្តាទទួលសេចក្តីស្រឡាញ់រាប់អានយ៉ាងកក់ក្តៅពីខ្ញុំ។
ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១២
សឺង សម្រេច
នាយកព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម