សារប្រគេន និងជូនពរ របស់លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធ ខ្មែរកម្ពុជាក្រោម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សួស្តីឆ្នាំថ្មី !

ឆ្នាំរោងចត្វាស័ក ព.ស ២៥៥៦ និងចូលមកដល់ នាពេលខាងមុខនេះ តាមកាលវេលាដែល កំណត់ទេវតាឆ្នាំថ្មីមកជំនួសទេវតាឆ្នាំចាស់ផងដែរ។ សេចក្តីប្រាថ្នារបស់មនុស្សគ្រប់ៗរូប នាពេលចូលឆ្នាំថ្មី គឺជួបជុំគ្រួសារ សាច់ញាតិ មិត្តភ័ក្តិ និងសេចក្តីចំរុងចំរើន សុភមង្គល វិបុលសុខគ្រប់ប្រការ។

ចូលឆ្នាំថ្មី បានផ្សាភ្ជាប់ជាមួយនឹងខ្មែរយើង តាមទំនៀមទម្លាប់ ដែលបុព្វបុរស យើង បានរៀបចំអោយ មានការចូលរួមលេងកំសាន្តគ្រប់ស្រទាប់ចាស់ក្មេង បានគឺល្បែងប្រជាប្រីយ៍ នៅតាមទីវត្តអារាម និងទីកំសាន្តរមណីនានា។

សេចក្តីប្រាថ្នាព្រះសង្ឃ និងជនរួមឈាមខ្មែរនៅកម្ពុជាក្រោម បានត្រឹមតែ ស្រម៉ៃប៉ុណ្ណោះ នាពេលចូលឆ្នាំថ្មីម្តងៗ ដោយសេចក្តីប្រាថ្នាទាំងនោះត្រូវបានរំលោភ និងកំណត់ដោយ រដ្ឋាភិបាលកុម្មុយនិស្តយួនតាមគ្រប់រូបភាព និងមធ្យោបាយរំលាយវប្បធម៌ និងវិធីផ្តាច់ទំនាក់ ទំនងពីគ្រួសារមួយ ពីវត្តមួយ ពីភូមិមួយ…ទៅមួយ ។ល។ និង។ល។

ក្រុងហាណូយកំពុងនិងបន្តអនុវត្តផែនការលុបបំបាត់ពូជសាសន៍(ផ្តាច់ព្រលឹងខ្មែរ) ក្រោយពីសម្លាប់ជាតិខ្មែរ ដោយប្តូរត្រកូលទៅជាយួន គេបានប្តូរភូមិសាស្រ្ត គឺប្តូឈ្មោះភូមិ ឃុំ ស្រុក និគម ខេត្តទាំងឡាយជា ឈ្មោះយួន។

នាពេលបច្ចុប្បន្ននេះគេបានពិឃាតអ្វីៗដែលនៅសេសសល់ មានក្រឡៃប្រពៃណីខ្មែរ មានរបាំ ច្រៀងរំាំជាដើម តាមបែបចំហរផង។

សហព័ន្ធខ្មែរកម្ពុជាក្រោមសូមប្រគេន និងជូនដំណឹងដល់ជនរួមឈាម នូវសកម្មភាព អហឹង្សា ដើម្បីកំចាត់ នូវផែនការផ្តាច់ព្រលឹងខ្មែរក្រោម របស់ក្រុងហាណូយដោយនាំយកនូវឧក្រិដ្ឋកម្មរំលោភទាំងនេះ ជូនក្រុមប្រឹក្សា សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សហរដ្ឋ អាមេរិក, កាណាដា, អូស្ត្រាលី និងសហគមអឺរុបទាំង ២៧ ប្រទេស។ រួមទាំងអង្គការអន្តរ ជាតិនានា មានអង្គការឃ្លំាំមើលសិទ្ធិមនុស្ស អង្គការអន្តរសាសនាជាដើម។

ប្រទេស១៧៣បានដាក់ការណែនាំ និងជំរុញអោយក្រុងហាណូយកែប្រែ អនុវត្តនូវលើរាល់ការរំលោភ ទាំងឡាយ ដែលបានប្រព្រឹត្តទៅលើជនជាតិដើមកាលពីឆ្នាំ ២០០៩ ។ ប៉ុន្តែកាល ពីខែមីនា ២០១២ កន្លងមក នេះ ក្រុងហាណូយបានធ្វើត្រឹមតែ ១២ភាគរយប៉ុណ្ណោះ។

នេះបញ្ជាក់អោយឃើញថា ក្រុងហាណូយជារដ្ឋមិនគោរពច្បាប់ ទោះជាខ្លួនបានចុះហត្ថលេខាទទួលស្គាល់ លើសិទ្ធិសញ្ញានានា មានសិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិសិក្សាអប់រំ សិទ្ធិមនុស្ស ជាពិសេសសេចក្តីប្រកាស សិទ្ធិជនជាតិដើមនាឆ្នាំ២០០៧។

ក្រុងហាណូយបានទាល់ច្រកចំពោះមុខច្បាប់ គ្មានមធ្យោបាយបោកប្រាស់អន្តរជាតិទៀតទេ អាស្រ័យហេតុនេះ សូមជនរួមឈាមជ្រាប និងសូមសហការជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីបញ្ឈប់់នូវផែនការផ្តាច់ព្រលឹង ខ្មែរនេះតទៅទៀតគឺ÷

-ឈប់បំរើគោលនយោបាយប្រលៃពូជសាសន៍របស់ក្រុងហាណូយ។

-ឈប់បំរើការងារណាដែលបំផ្លាញខ្មែរ។

-ឈប់ទទួលយកការញុះញង់បំបែកបំបាក់ខ្មែរគ្នាឯង ពីក្រុងហាណូយ។

សហព័ន្ធនិងបន្តចក្ខុវិស័យដែលមានផែកការច្បាស់លាស់ដោយយកច្បាប់អន្តរជាតិជាយាន និងយកវិធីអហឹង្សា មកអនុវត្ត។

សេចក្តីសង្ឃឹមថាខ្មែរក្រោម និងត្រូវបានទទួលស្គាល់ជាជាតិមួយគឺជាបំណងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ហើយក៏ជាសេចក្តីប្រាថ្នារបស់បុព្វបុរសយើង។

សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរសិរីសួស្តី ដល់ជនរួមឈាមខ្មែរ ខ្មែរក្រោម ក្នុងនិងក្រៅ ប្រទេសគ្រប់ទិវារាត្រី និងសូមទទួលនូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈនិងពលៈ កុំប្បីឃ្លាងឃ្លាតឡើយ។

ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១២

អំពីខ្ញុំព្រះករុណា ខ្ញុំបាទ

ថាច់ ង៉ុក ថាច់

ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម