ខ្ញុំព្រះករុណា សូមថ្វាយបង្គំ ចំពោះព្រះមហាថេរ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ។
សូមចំរើនពរចំពោះសហការីទាំងអស់ និងលោក លោកស្រី ប្រិយមិត្តទាំងអស់ ជាទីស្រឡាញ់រាប់អាន ។
នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៥ នេះ តាងនាមឱ្យនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFID ) មាន កិត្តិយស សូមប្រគេន និងជូននូវសារជូនពរឆ្នាំថ្មី ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួម ជាតិទាំង អស់ ជាពិសេស បងប្អូនជនរួមជាតិខ្មែរក្រោម នៅក្នុងមាតុភូមិកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមរបបគ្រប់គ្រងកុម្មុយនិស្ត ផ្តាច់ការវៀតណាមសព្វថ្ងៃ ប្រកបដោយសុខ សុភមង្គល និងសិទ្ធិសេរីភាព គ្រប់ប្រការ ។

ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេននិងជូននូវសេចក្តីថ្លែងអំណរគុណជាអនេក ចំពោះការខិតខំប្រឹងប្រែងយ៉ាង មមាញឹក របស់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងសហការីគ្រប់រូប ក្នុងការបំពេញតួនាទីដោយស្ម័គ្រព្រះទ័យ និងស្ម័គ្រចិត្ត យ៉ាងសកម្ម និងផ្សព្វផ្សាយនូវគេហទំព័រ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK), គេហទំព័រសារព័ត៌មាន ព្រៃនគរ, ទូរទស្សន៍ ព្រៃនគរ អនឡាញ (PTV Online) ព្រមទាំងក្នុងបេសកកម្ម ចូលរួមចំណែកដទៃទៀត នៃក្របខណ្ឌផលប្រយោជន៍ដ៏ ថ្លៃថ្លា ឧត្តុង្គឧត្តម នៃបុព្វហេតុទឹកដីកម្ពុជាក្រោម របស់យើងទាំងអស់គ្នា ។
ដូចជាព្រះតេជព្រះគុណ និងសហការីទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា ការងារក្នុងនាយកដ្ឋានព័ត៌មានរបស់ យើង គឺមិនមែនជាការងារប្រចាំសប្តាហ៍, ប្រចាំខែ, ប្រចាំឆ្នាំទេ ប៉ុន្តែគឺជាការងារប្រចាំថ្ងៃ ឬ ហៅថា ជាការងារប្រចាំ ២៤ ម៉ោង ក៏បាន ។ ខ្ញុំព្រះករុណា អាត្មាភាព បានដឹងច្បាស់ថា ទាំងអ្នកស្ម័គ្រចិត្ត ទាំងអ្នកបានទទួលកម្រៃ បន្តិចបន្តួច ប្រសិនបើគ្មាន ទឹកចិត្តមនសិការស្នេហាជាតិ បើគ្មានការឈឺចាប់ បើគ្មានការអាណិតអាសូរ ចំពោះបងប្អូនរួមលោហិតដ៏អភព្វ បើគ្មានការ លះបង់ពេលវេលា និង ធនធានផ្ទាល់ខ្លួនទេ យើងទាំងអស់គ្នាប្រាកដជាមិនអាចបំពេញការងារទាំងនេះបានឡើយ ។
ទោះជាពេលនេះ វិទ្យុសំឡេងកម្ពុជាក្រោម និង សារព័ត៌មាន ព្រៃនគរ មិនទាន់បានជ្រួតជ្រាបនៅគ្រប់ទីកន្លែងក៏ពិត មែន ប៉ុន្តែតាមរយៈការទាក់ទងជាមួយបងប្អូនយើងនៅកម្ពុជាក្រោម បានឱ្យដឹងថា គឺជាសំឡេង និង សារព័ត៌មានតែមួយគត់ ដែលជាអ្នកអាចពាំនាំនូវដំណឹងពិតនៃការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ពីរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀតណាមឲ្យសហគមន៍ជាតិ និងអន្តរជាតិនៅក្រៅប្រទេសបានដឹងបានឮ ។
ម្យ៉ាងទៀត អ្វីដែលនាយកដ្ឋានព័ត៌មានខំប្រឹងធ្វើការផ្ដោតលើការផ្សព្វផ្សាយគ្រប់មធ្យោបាយរហូតមកដល់ពេលនេះ ក៏ដោយសារយល់ឃើញថា យើងជាអ្នកមានកំណើតកើតនៅដែនដីកម្ពុជាក្រោម ជាកូនកំព្រាគ្មានមេគ្មានបាថែរក្សា គ្មានប្រ ទេសនឹងគេ ដោយមាតុភូមិរបស់ខ្លួនត្រូវបានធ្វើអាណានិគមដោយរដ្ឋាភិបាលវៀតណាម បើយើងមិនខិតខំធ្វើការផ្សព្វផ្សាយ ដោយខ្លួនឯងទេ វាពិតជាគ្មានអ្នកណាម្នាក់គេមកជួយយើងនោះឡើយ ។
ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេន និងជូននូវកិត្តិយស ដែលទទួលបាននេះ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង សហការីទាំងអស់ សូមថ្លែងនូវសេចក្តីកោតសរសើរ និងសេចក្តីសង្ឃឹមដ៏កក់ក្តៅថា ព្រះថេរានុត្ថេរគ្រប់ព្រះអង្គ និងសហការី ទាំងអស់ ក្នុងការខិតខំប្រឹងប្រែងតទៅទៀត ដើម្បីមូលហេតុដ៏ត្រឹមត្រូវ ចំពោះមាតុភូមិកម្ពុជាក្រោម និងប្រកបដោយ កិត្តិយស ដ៏ថ្លៃថ្លានេះ ។
ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេន និងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០១៥ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងស ហការីគ្រប់រូប ព្រមដោយបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយសិរីសួស្តី និងបានសេចក្តីសុខ សេចក្តីចំរើន គ្រប់ប្រការ ជាពិសេស សិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ដូចជា សេរីភាពនៃការបញ្ចេញមតិ សិទ្ធិនៃការប្រតិបត្តិសាសនា ការរក្សាវប្បធម៌ ប្រពៃណី ជាដើម ចូលកើតមានដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំង អស់គ្រប់ពេលវេលា ព្រោះថា ការដែលបានទទួលសិទ្ធិមនុស្សជាមូលដ្ឋាននោះ ព្រះសង្ឃ និងបងប្អូនអាចមានសិទ្ធិការពារ ថែរក្សា និងលើកតម្កើង អត្តសញ្ញាណជាតិខ្មែរឲ្យបានគង់វង្ស រុងរឿងនៅដែនដីកម្ពុជាក្រោម ជាទីសេ្នហាដ៏សែនកំសត់នៃយើងទាំងអស់គ្នា ។
សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសហការីទាំងអស់ ព្រមទាំងបងប្អូនជនរួមជាតិ ព្រះមេត្តានិងមេត្តាទទួលនូវ សេចក្តីគោរព និងស្រឡាញ់រាប់អានដោយស្មោះយ៉ាងកក់ក្តៅបំផុត ពីខ្ញុំព្រះករុណា អាត្មាភាព ។
ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៤
ខ្ញុំព្រះករុណា អាត្មាភាព
សឺង យ៉ឹង រតនា
ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម (KKFID)