សារប្រគេន-ជូនពរឆ្នាំថ្មី របស់សហព័ន្ធខ្មែរកម្ពុជាក្រោម

សួស្តីឆ្នាំថ្មី ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥
ខ្មែរក្រោម និងលិទ្ធិប្រជាធិបតេយ្យ
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។
សូមគោរពបងប្អូនជនរួមឈាមជាទីគោរពស្នេហា។
សួស្តីឆ្នាំថ្មី! ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៥ វេលាឆ្នាំថ្មីចូលមក ដល់ខ្មែរទាំងក្នុង និងក្រៅប្រទេសជុំវិញពិភពលោក បាននាំគ្នាទៅកាន់ទីវត្តអារាមដើម្បីរៀបចំពិធី ទទួលទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ពិធីស្រង់ព្រះ និងប្រសិទ្ធិពរ ប្រគេនព្រះសង្ឃ ញាតិ្តមិត្តសាច់សា លោហិត ជិតឆ្ងាយជាដើម។ ដោយឡែកមានលេងល្បែងកំសាន្តតាមប្រពៃណី ទំនៀមទម្លាប់ដូនតា រៀងមក ភាគច្រើន ដោយយុវជន និងយុវតី។
ចំពោះខ្មែរកម្ពុជាក្រោមឆ្នាំថ្មីនេះ គឺសេចក្តីសង្ឃឹមថ្មី ទេវតាឆ្នាំថ្មី នាំមកនូវសេចក្តីសង្ឃឹមថ្មី គឺជាពន្លឺថ្មីចំពោះជាតិ មាតុភូមិយើង និងជាសេចក្តីប្រាថ្នាថ្មី ឱ្យជាតិនិងទឹកដីបានចាកផុតពីនឹមអាណានិគមយួនសព្វថ្ងៃ។

សហព័ន្ធខ្មែរកម្ពុជាក្រោមបន្ត និងអនុវត្តផែនការដំណើរឆ្ពោះទៅកាន់មាតុភូមិ ដូចប្រជាជាតិនៅលើសកលលោក នាំគ្នាប្រឆាំងនិងរបបផ្តាច់ការ ដើម្បីស្វែករកនូវលទ្ធិប្រជាធិបតេយ្យពិតៗ។
ផែការសហព័ន្ធខ្មែរកម្ពុជាក្រោមគឺ៖
១- ទំនាក់ទំនងនឹងកិច្ចការអន្តរជាតិ
២- ទំនាក់ទំនងនឹងកិច្ចការនៅព្រះរាជាណាចក្រកម្ពុជា
៣- ទំនាក់ទំនងនឹងកិច្ចការនៅកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោមបានអនុវត្តផែនការ២០១១ជាបន្តបន្ទាប់ដូចមានខាងក្រោម៖
១- ចូលរួមខួបទី២០ នៃកំណើតអង្គការយូអិនភីអូ (UNPO) នៅទីក្រុងស្សឺណែវ និងកិច្ចប្រជុំគណៈប្រធាននៃ អង្គការនេះ។
២- ចូលរួមសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខណៈពេលដែលគណៈកម្មការពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ធ្វើរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស និងជំរុញឱ្យរដ្ឋាភិបាលកុម្មុនិស្តយួនត្រូវតែគោរពលើរាល់សន្ធិសញ្ញាសិទ្ធិ មនុស្សអន្តរជាតិ។

៣- ជំរុញលើបញ្ហារំលោភសិទ្ធិមនុស្សមកលើរូបលោក ចៅ ហេន, លោក វិញ បា, លោក តាំង ធី និងអ្នកស្រី ត្រឹង ធី ចូវ …. ។ល។
៤- ជំរុញលើករណីឃាតកម្ម យុវជន ចៅ ណែត និងសឺង វ៉ាន់ ថាន់។
៥- ជំរុញករណីជនភៀសខ្លួននៅប្រទេសថៃ។

សកម្មភាពនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទ្វីបអ៊ឺរុប, អូស្រ្តាលី, ញូហ្សឺឡែន, សហរដ្ឋអាមេរិក, និងប្រទេសកា ណាដា នាពេលខាងមុខគឺ៖
– សន្និបាតយុវជន នៅទីក្រុងភីឡាដាផ្យា រដ្ឋផែនស៊ីវិញ៉ា នាថ្ងៃទី ២១-២២ ខែឧសភា ២០១១។
– ចូលរួមវេទិកាសិទ្ធិជនជាតិដើម នៅបូរីញ៉ូវយ៉ក នាការិយាល័យអង្គការសហប្រជាជាតិ។
– ពិធីរំឮកខួបលើកទី៦២ នៃការបាត់បង់ទឹកដីកម្ពុជាក្រោមជុំវិញពិភពលោក។
– កិច្ចប្រជុំនៃអង្គការយូអិនភីអូ, សភាអ៊ឺរ៉ុបនិងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងស្សឺណែវ ។ល។

យើងខ្ញុំសូមថ្លែងអំណរគុណជនរួមឈាមជុំវិញពិភពលោកដែលបានខិតខំ តស៊ូ ឧបត្ថម្ភគ្រប់ពេលវេលា ក្នុងការទាម ទារសិទ្ធិសេរីភាពពីរបបកុម្មុយនីស្តយួន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកកាសែត, វិទ្យុ ជាតិ និងបរទេស ដែលបានផ្សព្វផ្សាយនូវ ពត៌មានពិតៗ អំពីបញ្ហាខ្មែរក្រោម និងសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោមគ្រប់ពេល នាពេលកន្លងមក ។

ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់យើង ដូច្នេះខ្មែរត្រូវតែមានសិទ្ធិរស់នៅពេញមុខពេញមាត់ដូចជាតិសាសន៍នានា
លើពិភពលោកដែរ។ ខ្មែរត្រូវតែមានស្មារតីជាតិ សាមគ្គីរួបរួម ស្មោះត្រង់បំរើជាតិ នៅគ្រប់កាលៈទេសៈទំាងអស់
ពេលជាតិត្រូវការ។

យើងខ្ញុំព្រះករុណា ខ្ញុំបាទ សូមប្រសិទ្ធិពរសិរីសួស្តី ជ័យមង្គល វិបុលសុខ និងសូមទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី តាមថែរក្សា ព្រមទាំងផ្តល់នូវមង្គលទាំងពួង ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ទិវារាត្រី ។

សហរដ្ឋអាមេរិក, ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១១
អំពីខ្ញុំព្រះករុណា ខ្ញុំបាទ
ប្រធានប្រតិ្តបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម
ថាច់ ង៉ុក ថាច់

.