សារជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម

សួស្តីឆ្នាំថ្មី! ឆ្នាំម្សាញ់បញ្ចស័ក ពស​ ២៥៥៧

ទទួលទេពធិតាព្រះនាម ទុង្សាទេវី បុត្រីទី១ នៃកបិលមហាព្រហ្ម

ទេវតាប្តូរវេនមួយឆ្នាំម្តង ខ្មែរក្រោមត្រូវប្តូរវេនគ្រប់គ្រងវាសនាខ្លួនម្តង

ពេញមួយឆ្នាំកន្លងមកគឹឆ្នាំរោង ព-ស ២៥៥៦ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភព លោកបានបន្តនិងអនុវត្តការងារតាមការសំរេច នៃកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីផ្តល់នូវផលប្រ យោជន៍ចម្បងនិងបញ្ហាទាំងឡាយណាដែលកើតមានឡើងចំពោះខ្មែរក្រោមនៅក្នុងស្រុក។

ឆ្នាំម្សាញ់បញ្ចស័ក ២៥៥៧ បានចូលមកដល់ហើយ យើងបានដឹងនិងកំណត់ផែនការ ផលប្រយោជន៍ដែលសហព័ន្ធមានចំពោះខ្មែរក្រោមនៅក្នុងស្រុក ដើម្បីស្វែងរកសិទ្ធិសំរេច វាសនាខ្លួនដោយខ្លួនឯងនោះមិនផ្លាស់ប្តូរឡើយ។

ជាពិសេសសហព័ន្ធខ្មែរកម្ពុជាក្រោមនិងបន្តផែនការទាំង៣ ដូចមានខាងក្រោម ដើម្បី បញ្ឈប់នូវរាល់អំពើរំលោភសិទ្ធិមនុស្ស ដែលគំរាមកំហែងជីវិតប្រចាំថ្ងៃទូទាំងកម្ពុជាក្រោម។

១ ការងារអន្តរជាតិ

បន្តទំនាក់ទំនងអន្តរជាតិ ដោយផ្តល់ពត៌មានលើរាល់ការរំលោភសិទ្ធិ មនុស្សមានសេរីភាព ក្នុងការបញ្ចេញមតិ សិទ្ធិកុមារ សិទ្ធិស្រ្តី សិទ្ធិសិក្សាអប់រំ ប្រកាន់ពូជ សាសន៍ ជំនឿសាសនា ដីធ្លីនិងការប្រែប្រួលធាតុអាកាស ដែលកំពុងតែគំរាមកំហែង នាពេលបច្ចុប្បន្ន ដោយចេត នា នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចបង្ហូរទឹកសមុទ្រចូលដីស្រែចំការខ្មែរ។

ផ្តល់ឯកសារជូនក្រសួងអន្តរសាសនា របស់សហរដ្ឋអាមេរិក នៅខែមករា ២០១៣។

ផ្តល់ឯកសារប្រវត្តិសាស្រ្ត ជូនអង្គការក្រៅរដ្ឋាភិបាល នៅប្រទេសស្វិស នៅខែមករា ឆ្នាំ២០១៣។

ធ្វើការទំទាក់ទងជាមួយក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី នៅខែកុម្ភៈ​២០១៣។

ចូលរួមកិច្ចប្រជុំយុវជនពិភពលោក នៅបូរីញ៉ូវយក នៅខែកុម្ភៈ ២០១៣។

ចូលរួមប្រជុំវេទិកាជនជាតិដើម នៅខែកុម្ភៈ ២០១៣។

ធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលនានា ដើម្បីដាក់ពាក្យសុំចូលជាសមាជិកក្រុម ប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច។

២- ការងារនៅកម្ពុជា

បន្តទំនាក់ទំនងជាមួយរដ្ឋាភិបាល គ្រប់គណៈបក្សនយោបាយ គ្រប់អង្គការក្រៅរដ្ឋាភិ បាល ក្នុងបំណងអោយបានស្គាល់ច្បាស់ និងយល់ដឹងនូវបំណងពិតៗ របស់ខ្មែរក្រោម និងពីសកម្មភាពអហឹង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។

បន្តធ្វើទាក់ទងជាមួយសមាគមខ្មែរក្រោម និងក្រុមយុវជនខ្មែរក្រោម នៅប្រទេសកម្ពុ ជា ដើម្បីសហការលើការងារទាំងឡាយ ដែលខ្មែរក្រោមមាននៅប្រទេសកម្ពុជា។

បន្តការផ្សព្វផ្សាយដល់ជនរួមឈាមខ្មែរនិងខ្មែរក្រោមនៅកម្ពុជាអំពីប្រវត្តិសាស្រ្តនៃការបាត់បង់ទឹកដីកម្ពុជាក្រោម និងសកម្មភាពរំលោភសិទ្ធិមនុស្ស មធ្យោបាយបំបាត់ខ្មែរ ក្រោមបែបឃាតកម្ម វប្បធម៌និងសង្គមរបស់រដ្ឋាភិបាលយួននៅកម្ពុជាក្រោម។

៣- ការងារក្នុងស្រុក

-បន្តការផ្សព្វផ្សាយច្បាប់សិទ្ធិមនុស្ស ដល់ជនរួមឈាមនៅក្នុងស្រុក និងផ្តល់របាយ ការណ៍ជូនសង្គមអន្តរជាតិ រាល់អំពើរំលោភសិទ្ធិមនុស្សដោយវិធីសាស្រ្តបំបាក់ស្មារតី គំរាមកំហែង ប្រមាថទូទាំងកម្ពុជាក្រោម។

តាមសង្កេត បញ្ហាលោក ចៅ ហេន សកម្មជនដីធ្លី។

តាមសង្កេត បញ្ហា លោកស្រី ត្រឹង ធី ចូវ សកម្មជនដីធ្លី។

តាមសង្កេត បញ្ហាក្រុមយុវជន យួនវាយព្រះសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង។

តាមសង្កេត បញ្ហា ព្រះសង្ឃនៅវត្ត សេរីតាសេក និងវត្តព្រៃជាប់។

តាមសង្កេត បញ្ហា ព្រះសង្ឃពីកម្ពុជាទៅកម្ពុជាក្រោម។

តាមសង្កេត បញ្ហា លោក​ វិញ បា សកម្មដីធ្លី

សហព័ន្ធនៅតែបន្តផែនការរបស់ខ្លួនដើម្បីអោយខ្មែរក្រោមនៅក្នុងស្រុកមានសិទ្ធិសេរីភាព លើសេចក្តីសំរេចវាសនាអនាគត របស់ខ្លួនដូចដែលមានចែងក្នុងសេចក្តីប្រកាសនៃអង្គការ សហប្រជាជាតិ និងសេចក្តីប្រកាសសិទ្ធិជនជាតិដើម។

ថ្ងៃនេះ ខ្មែរយើងទទួលទេវតាឆ្នាំថ្មី រំលឹកឡើងនូវអ្វីដែលកើតមានកាលឆ្នាំចាស់ រួច នាំគ្នាបួងសួង សូមសីរីសួស្តី និងសុភមង្គលឆ្នាំថ្មីផងដែរ។

ដោយឡែកខ្មែរក្រោម បានបង្ហើសំឡេងឈឺចាប់ទូទាំងកម្ពុជាក្រោម យើងខ្ញុំជាកូនចៅខ្មែរ ក្រោម សូមអោយទេវតាឆ្នាំថ្មី មេត្តាប្រទាននូវសំឡេងសេរីភាព និងសំឡេងយុត្តិធម៌។

យើងខ្ញុំសូមធ្វើគារវកិច្ចចំពោះព្រះភិក្ខុសង្ឃ បុរស ស្រ្តី យុវជន យុវតី ទាំងនៅក្នុងស្រុក កម្ពុជានិងនៅប្រទេសទី៣ ដែលបានបូជាជីវិត កម្លាំងកាយចិត្ត ថវិកា បញ្ញា ដើម្បីជាតិ និងសាសនា ក្នុងបុព្វហេតុសិទ្ធិសេរីភាព សិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង បានជួបប្រទះ តែនិងពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កំបីឃ្លៀងឃ្លាតឡើយ។

ទីក្រុងឡុនដុន ខេត្តអនធារីយ៉ូ កាណាដា

ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣

សូមអរគុណ

ថាច់ ង៉ុក ថាច់