សារជូនពរឆ្នាំថ្មី របស់លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម

សួស្តីឆ្នាំថ្មី ឆ្នាំ ២០១០
នាឱកាសឆ្នាំថ្មីចូលមកដល់ខាងមុខនេះ យើងខ្ញុំបាទសូមថ្លែងអំណរគុណ ចំពោះជនរួមឈាម ទាំងនៅក្នុងស្រុក, នៅកម្ពុជា និងនៅជុំវិញពិភពលោក ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនា ដើម្បីសិទ្ធិ សេរីភាព និងផែនការដំណើរឆ្ពោះទៅកាន់មាតុភូមិ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមនាឆ្នាំ ២០០៩។
សកម្មភាពកន្លងមក រួមមានផែនការ៣ខែ យ៉ាងសកម្ម និងមានប្រសិទ្ធិភាព បានជំរុញអោយរដ្ឋា ភិបាលយួនភ័យខ្លាចនូវកម្លាំងសាមគ្គីខ្មែរនិងខ្មែរក្រោមនៅជុំវិញពិភពលោក។ ជាពិសេសភាពស្វិតស្វាញរបស់ជនរួមឈាមយើងនៅក្នុងស្រុក រួមនិងការគាំទ្រអន្តរជាតិ ដែលនាំ អោយលោកគ្រូទឹម សាខន, គឹម មឿន, ដាញ ទូន, លី សឿង, លី ហ្វាង, ថាច់ ធឿង និងគ្រួសារលោក សឺន សាវ៉ាង បានមកតាំងទីលំនៅប្រទេសទី៣។
ឆ្នាំ ២០០៩ ជាឆ្នាំដែលប្រវត្តិសាស្ត្រពិភពលោក និងខ្មែរក្រោមបានកត់ត្រានូវភាពរឹងត្អឹងរបស់រដ្ឋា ភិបាលកុម្មុយនីស្តក្រុងហាណូយ ដែលបំពានយ៉ាងព្រែផ្សៃ រំលោកសិទ្ធិមនុស្ស និងបង្ហាញនូវពុតត្បុតរបប អាណានិគមរបស់ខ្លួនមកលើម្ចាស់ស្រុក នៅថ្ងៃទី ៨ ខែឧសភា ចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស។
សាមគ្គីភាពប្រវត្តិសាស្រ្ត គឺមហាបាតុកម្មនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ ដែល មានការចូលរួមពីសំណាក់ជនរួមឈាមខ្មែរយើងនៅទ្វីបអ៊ឺរុប, អាមេរិក, អូស្ត្រាលីនិងកម្ពុជាផងដែរ។
ទិវាខួបរំលឹកលើកទី ៦០ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅទីក្រុងហ្វិលឺប៉ាំង ប្រទេសបារាំង នាថ្ងៃទី ១៣ ខែមិថុនា រំលឹកនូវអំពើអយុត្តិធម៌របស់រដ្ឋាភិបាលបារាំងសែស ដែលបានធ្វើសេចក្តីសំរេច ប្រគល់ទឹកដីកម្ពុជាក្រោម អោយយួនបាវដាយ នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រមែប្រមូលនូវគតិ, យុទ្ធសាស្ត្រពីជនរួមឈាមជុំវិញពិភពលោក ដាក់ជាផែនការ ហើយបានអនុវត្តតម្រូវតាមសេចក្តីត្រូវការខ្មែរក្រោម នៅក្នុងស្រុក ដែលជាជនរងគ្រោះពី របបអាណានិគម។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបរៀងនិងបោះពុម្ភសៀវភៅមគ្គុទេសក៍ពីរក្បាល៖ មួយជាភាសា ខ្មែរ ចំណងជើងថា “ផ្លូវទៅយកសិទ្ធិសំរេចវាសនាខ្លួន ដោយខ្លួនឯង ” មួយទៀតជាភាសាអង់គ្លេសចំណង ជើងថា“Khmer-Krom Journey to Self-Determination” ។

សហព័ន្ធខ្មែរកម្ពុជាក្រោម និងអនុវត្តនូវផែនការ ២០១០ យោងតាមសេចក្តីសំរេចអង្គប្រជុំប្រចាំ ឆ្នាំ នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃ ១២-១៣ ខែធ្នូ ឆ្នាំ ២០០៩។
សូមអោយឆ្នាំថ្មីនាំមកនូវសិរីសួស្តី សុភមង្គល វិបុលសុខ សាមគ្គីភាពខ្មែរនិងខ្មែរក្រោម ដើម្បីរក្សា នូវព្រលឹងជាតិ មាតុភូមិជាទីស្នេហានៃយើង។

សូមជនរួមឈាមនៅក្នុងស្រុក និងជុំវិញពិភពលោក បានប្រកបតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សិទ្ធិជាម្ចាស់ស្រុកជាសិទ្ធិរបស់យើងជាខ្មែរក្រោម គ្មានជាតិសាសន៍ណា ឬជនណាអាចរំលោភនិង បំពានបានឡើយ សាមគ្គីដើម្បីប្រយោជន៍ជាតិ។

ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០

ដោយគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំព្រះករុណាខ្ញុំបាទ

ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម.