ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងហ្គ្រីនបូរ៉ូ (Greensboro) នៃ រដ្ឋ North Carolina បានមក ជួបជុំគ្នា ក្រោមអធិបតីភាព លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីបោះឆ្នោតជ្រើស តាំងប្រធានថ្មីសម្រាប់ សាខាសហព័ន្ធខ្មែរក ម្ពុជាក្រោម ប្រចាំតំបន់មួយនេះ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅ ថ្ងៃទី ១ ខែមីនា កន្លងទៅនេះ ។

ចុចស្ដាប់ kkfnc01mar2014
លោក ថាច់ ខេ ត្រូវបានជាប់ឆ្នោតជាប្រធានថ្មី នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមមួយនេះ ជំនួសឲ្យ លោក ថាច់ ថឹង ។
កិច្ចជួបជុំនេះ មានការចូលរួមពីសមាជិក សមាជិកា និង ថ្នាក់ដឹកនាំប្រចាំតំបន់ នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម ជាច្រើនរូប ក្នុងនោះ មាន លោក យស សារុន, លោក សុខ នីម និង លោក ថាច់ គា ជាដើម ។ ក្រៅពីនេះ ក៏មានការចូលរួម ពីក្រុមគណបក្សសង្រោះជាតិផងដែរ ។
លោក ថាច់ ខេ ប្រធានថ្មីនៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងហ្គ្រីនបូរ៉ូ រដ្ឋ North Carolina បានថ្លែងប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម បញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ខ្លួនថា លោកនឹងខិតខំធ្វើការដើម្បី បំរើសហព័ន្ធខ្មែរកម្ពុជា ក្រោមឲ្យមានដំណើរការរលូនទៅមុខ ។
លោក ថាច់ ខេ បានបន្តបញ្ជាក់អំពីសកម្មភាពដែលលោកត្រូវធ្វើក្នុងអាណត្តិរបស់ខ្លួនថា លោកនឹងខិតខំ ប្រមែប្រមូលធនធានមនុស្សខ្មែរក្រោម ក្នុងនោះ មានការស្វែងរកការឧបត្ថម្ភផ្នែកថវិកាពីអ្នកគាំទ្រដើម្បីទ្រ ទ្រង់ដល់សកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជា ក្រោម ក្នុងការស្វែងរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូអន្តរជាតិរបស់ខ្មែរក្រោមដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក និងមានសាខា នៅក្នុងប្រទេសនានា ក្នុងពិភពលោក ។ សហពខ្មែរកម្ពុជាក្រោម បានបង្កើតឡើង នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៩៦ ក្នុងមហាសន្និបាតលើកទី ៥ នៃខ្មែរក្រោម ពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុង តូរនតូ ប្រទេសកាណាដា ដោយបានឯកភាពគ្នាបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ប៉ុន្តែប្រវត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាប់ផ្តើមតាំងពី ឆ្នាំ ១៩៨៥ មកម្ល៉ោះ និងដើម្បីបំរើផលប្រយោជន៍ជាតិ និងសង្គមខ្មែរក្រោម ។ នេះបើយោងតាមសៀវភៅមគ្គុទ្ទេស “ផ្លូវទៅសិទ្ធិ សម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបានបោះផ្សាយនៅឆ្នាំ ២០០៥ ដោយសហព័ន្ធខ្មែរកម្ពុជា ក្រោម ។
សៀវភៅដដែលបានបញ្ជាក់អំពីគោលជំហររបស់សហព័ន្ធខ្មែរកម្ពុជាក្រោមថា ធ្វើការតស៊ូដើម្បីទាមទាមឱ្យរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងរបស់ខ្មែរក្រោមដែលជាជនជាតិដើម នៅលើដែនដីកម្ពុជាក្រោម ៕