សាក្សីដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរក្រោម ខកចិត្តក្នុងសាលាក្ដីខ្មែរក្រហម ព្រោះ ខៀវ សំផន មិនព្រមឆ្លើយតប

ដោយៈ គឹម បុរី


លោក ចៅ នី ដែលមានអាយុ ៥៩ ឆ្នាំ មានដើមកំណើតនៅក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក កម្ពុជាក្រោម ជាសាក្សីមួយរូបនៃដើមបណ្ដឹងខ្មែរកម្ពុជាក្រោម បានផ្តល់សក្ខីកម្មក្នុងអង្គសវនាការ កាលពីថ្ងៃទី ២៣ វិច្ឆិកា ២០១២

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ម្សិលម៉ិញនេះបានបើកសវនាការ លើសំណុំរឿង ០០២ កាត់ទោសមេដឹកនាំកំពូលៗនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) គឺលោក នួន ជា, អៀង សារី, ខៀវ សំផន និងលោកស្រី អៀង ធីរិទ្ធ ដែលតបទៅនឹងបណ្ដឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះ ខ្មែរកម្ពុជាក្រោម។ ប៉ុន្ដែលោកស្រី អៀង ធីរិទ្ធ ត្រូវបានអង្គជំនុំជម្រះសាលាដំបូង សម្រេចផ្អាកការចោទប្រកាន់ ដោយរកឃើញថា អៀង ធីរិទ្ធ ពុំមានកាយសម្បទា និងបញ្ញាស្មារតីគ្រប់គ្រាន់ ក្នុងការចូលរួមការជំនុំជម្រះក្តី។

ឋិតក្នុងសាលសវនាការ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក ចៅ នី ដែលមានអាយុ ៥៩ ឆ្នាំ មានដើមកំណើតនៅក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក កម្ពុជាក្រោម ជាសាក្សីមួយរូបនៃដើមបណ្ដឹង ខ្មែរកម្ពុជា ក្រោម បានផ្តល់សក្ខីកម្មក្នុងអង្គសវនាការថា លោកមានបង និងក្មួយពីរនាក់ ក្នុងចំណោមប្រជាពលរដ្ឋ ខ្មែរកម្ពុជាក្រោម រាប់ពាន់នាក់ផ្សេងទៀត​បានស្លាប់យ៉ាងអនោចអធម្មក្នុងរបបខ្មែរក្រហម ដោយឡែកអ៊ំប្រុស របស់លោកឈ្មោះ ចៅ សៅ ក៏បានស្លាប់ដោយអាថ៍កំបាំងរហូតមក ដល់ពេលនេះរកសាកសព ឬតឹកតាង មិនទាន់ឃើញ នៅឡើយទេ។

លោក ខៀវ សំផន ​ជា​អតីត​អ្នក​មាន​ឥទ្ធិពល​ម្នាក់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម)។ លោក​ធ្លាប់​បម្រើ​ជា​ប្រមុខរដ្ឋ និង​ជា​នាយករដ្ឋមន្ត្រី​នៃ​របប​នេះ។

នាពេលព្រឹកថ្ងៃដដែលនោះ នៅចំពោះមុខអង្គសវនាការដែលមានវត្តមានលោក នួន ជា, អៀង សារី និងលោក ខៀវ សំផន ចូលរួមស្ដាប់ផងដែរនោះ លោក ចៅ នី បានជម្រាបអង្គសវនាការថា លោកបានឡើងមករស់ នៅទីក្រុងភ្នំពេញ ជិតផ្សារអូឡាំពិក កាលពីឆ្នាំ១៩៧០ រស់នៅជាមួយបងប្រុសរបស់លោក ដែលមានមុខងារ ជាមន្ដ្រីធនាគារឥណទានជាតិ ហើយក្នុងគោលបំណងរបស់លោកគឺចង់ធ្វើជាទាហ៊ាន Mike Force របស់អាកេរិកាំង ព្រោះមានប្រាក់ខែខ្ពស់ តែផ្ទុយទៅវិញលោកអត់បានធ្វើជាទាហ៊ានទេ។ ក្រោយពីថ្ងៃជោគជ័យ របស់ពួកខ្មែរក្រហម ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសារលោក ព្រមទាំងប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ ត្រូវបានជម្លៀសឲ្យទៅ នៅជនបទទីទៃៗ ពីគ្នា ដោយឡែកគ្រួសាររបស់លោក ប្រុងគេចខ្លួនទៅរស់ នៅឯទឹកដីកម្ពុជាក្រោម ដែលជាស្រុកកំណើតរបស់ខ្លួនវិញ តែពេលទៅដល់ភូមិត្រពាំងសាប ក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានអ្នកភូមិខ្សឹបប្រាប់ថា បើទៅដល់ព្រំដែនគេ នឹងស្ទាក់សម្លាប់ហើយ ដូច្នេះក្រុមគ្រួសារលោកក៏ នៅលាក់ខ្លួនក្នុងស្រុកបាទី ខេត្តតាកែវនោះ។ អ្នកភូមិក៏បានប្រាប់លោកទៀតថា មិនត្រូវឲ្យគេដឹង អត្តសញ្ញាណថា ជាខ្មែរក្រោមឡើយ ព្រោះបើគេដឹង គេនឹងសម្លាប់ចោលភ្លាម លោកក៏លាក់អត្តសញ្ញាណ មិនឲ្យគេដឹងថាជាខ្មែរក្រោមទេ ដោយប្ដូរ ត្រកូលលោកពី ចៅ នី មក នន់ នី វិញ។
លោក ចៅ នី ក៏បានប្រាប់អង្គសវនាការទៀតថា ក្រុមលោកដែលគេជម្លៀសពីទីក្រុងភ្នំពេញនោះ ត្រូវបានគេដាក់ឈ្មោះថាជាក្រុម ១៧ ហើយត្រូវបានគេជម្លៀសបន្តិចម្តងៗ ពីកន្លែងមួយទៅកន្លែងមួយទៀត តាមរថភ្លើងហើយលោក ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតនោះ មិនដឹងថាគោលដៅ ដែលគេបញ្ជូន ទៅនោះ នៅទីណាទេ គេនាំទៅកន្លែងស្លាប់ឬរស់នោះមិនដឹងទេ ក្នុងអារម្មណ៍បានត្រឹមតែភិតភ័យ ស្លន់ស្លាំងតែប៉ុណ្ណោះ។ លោកបានថ្លែងទៀតថា គ្រប់ទីសំចតរហូតដល់ទីសំចតចុងក្រោយគឺ នៅភូមិចកធំ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងនោះ គ្មានការងារធ្វើរកស៊ីចិញ្ចឹមជីវភាពផ្ទាល់ខ្លួនឡើយ គ្មានបាយទឹក ហូបចុក គ្មានការព្យាបាលជម្ងឺឡើយ ដូច្នេះបងរបស់លោក និងក្មួយពីរនាក់ទៀត បានស្លាប់យ៉ាងអនោចអធម្ម។
ក្នុងសាលសវនាការ នាថ្ងៃដដែលចាប់ពីម៉ោង១៖៣០ ដល់ម៉ោង៣៖០០ រសៀល លោក ចៅ នី បានរៀបរាប់ ប្រាប់នូវអង្គហេតុជូនអង្គសវនាករ ទាំងអារម្មណ៍ខ្សឹកខ្សួល យ៉ាងមានវិសាលភាព សម្រាប់ការជំនុំជម្រះ។ ក្នុងនាទីបញ្ចប់ ប្រធានអង្គសវនាការក៏បានផ្ដល់ឱកាសដល់លោក ចៅ នី ដែលជាដើមបណ្ដឹងរដ្ឋប្បវេណីថ្លែង អំពីទុក្ខសោក និងព្យសនកម្ម ព្រមទាំងការឈឺចាប់របស់លោក ជូនអង្គសវនាការ។ លោក ចៅ នី ក៏បានសូមការអនុញ្ញាតពីប្រធានអង្គសវនាការ ដើម្បីសួរឆ្ពោះទៅលោក ខៀវ សំផន ដើម្បីស្វែងរកសាកសព និងទីកន្លែងដែលអ៊ុំប្រុសរបស់លោកស្លាប់នោះ ក្នុងគោលបំណងប្រមូលយកអដ្ឋិធាតុ មកធ្វើបុណ្យ តាមប្រពៃណី។ លោក ចៅ នី បានមានប្រសាសន៍ថា លោក ខៀវ សំផន ស្គាល់អ៊ុំប្រុសរបស់គាត់ច្បាស់ណាស់ ព្រោះធ្លាប់ហូបបាយជាមួយគ្នាទៀតផង។ ក្រោយពីជម្លៀសប្រជាពលរដ្ឋចេញ ពីទីក្រុងភ្នំពេញ លោក ខៀវ សំផន បានសរសេរសំបុត្រផ្ញើជូនលោក ចៅ សៅ តាមរយៈកងទ័ពខ្មែរក្រហមពីរនាក់អញ្ជើញលោក ចៅ សៅ ឲ្យចូលមកក្រុងភ្នំពេញវិញ តែលោក ចៅ សៅ មិនព្រមវិលមកវិញទេ លោកថាលុះត្រាតែប្រជាពលរដ្ឋ ចូលមកទីក្រុងវិញទាំងអស់ទើបលោកចូលមកដែរ។ ក្រោយពីនោះមក លោក ចៅ សៅ ក៏ស្លាប់យ៉ាង អាថ៍កំបាំងរហូតមកដល់សព្វថ្ងៃនេះ។ តែលោក ខៀវ សំផន មិនបានឆ្លើយតបទៅ នឹងសំណួរនេះទេ ដោយលោកសុំរក្សាសិទ្ធិនៅស្ងៀម។

សហចៅក្រមអន្តរជាតិ

លោក ចៅ នី បច្ចុប្បន្នរស់នៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ សម្ដែងការខកចិត្តយ៉ាងខ្លាំង និងថ្លែងទាំងយំសោក ខ្សឹកខ្សួលថា លោកសង្ឃឹមបានឡើងមកតុលាការនេះស្វែងរកឃើញនូវការពិត តែផ្ទុយ ទៅវិញគោលបំណងមិនបានសម្រេចដូចចិត្ត។
សហមេធាវីជាតិ និងអន្តរជាតិការពារលោក ខៀវ សំផន គឺលោក គង់ សំអុន និងលោកស្រី អាតា ហ្គីស្សេ បានមានប្រសាសន៍ថា ដើមបណ្ដឹងរដ្ឋប្បវេណី ដែលជាអ្នកផដល់នូវសក្ខីកម្ម ចោទសួរទាំងបង្ខំឲ្យកូនក្ដី ឆ្លើយបែបនេះ មិនឋិតក្នុងវិសាលភាពនៃសវនាការនោះទេ។ តែសហចៅក្រមអន្តរជាតិ គឺលោក ហ្សង់ម៉ាក ឡាវែញ បានមានប្រសាសន៍ថាសំណួររបស់លោក ចៅ នី ពិតជាសមស្រប ហើយមានប្រយោជន៍ សម្រាប់អង្គជំនុំជម្រះ។
សូមជម្រាបផងដែរថា អង្គសវនាការនាពេលរសៀលនេះ មិនមានវត្តមានលោក អៀង សារី ចូលរួមស្ដាប់នោះទេ ដោយលោកមានបញ្ហាខាងសុខភាព។ លោកក៏បានស្នើសុំតាមរយៈមេធាវីរបស់លោកសម្រាកក្នុងមន្ទីរឃុំឃាំង និងសូមមានគ្រូពេទ្យជំនាញនៅថែរក្សាសុខភាពរបស់លោកផង។ ដូច្នេះជនជាប់ចោទទាំងបីរូប គឺមានតែលោក នួន ជា និងលោក ខៀវ សំផន តែប៉ុណ្ណោះ ចូលរួមស្ដាប់អង្គសវនាការនេះ។