សហព្រះរាជអាជ្ញាអន្តរជាតិ លោក អាន់ឌ្រូ ឃេលី ( Andrew Cayley ) បានជំរុញឲ្យសហចៅក្រមស៊ើប អង្កេត បើកការស៊ើបសួរបន្ថែមលើសំណុំរឿងលេខ ០០៤។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះ សហព្រះរាជអាជ្ញាអន្តរជាតិ បានលើកឡើងថា ដីកា សន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម មានបន្ថែមនូវ ឧក្រិដ្ឋកម្មនានា ក្នុងសំណុំរឿងលេខ ០០៤ ដោយរួម ទាំងឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្ត ចំពោះប្រជាជនខ្មែរក្រោម នៅខេត្តតាកែវ និងខេត្តពោធិ៍សាត់។ បន្ទាប់ពីសំណុំរឿង ០០៣ ដ៏ចម្រូងចម្រាស នៅសាលាក្តីខ្មែរក្រហម ឥឡូវនេះចូលដល់ករណី ០០៤។ នោះគឺសហព្រះរាជអាជ្ញាអន្តរជាតិ បានជំរុញឲ្យសហចៅក្រមស៊ើបអង្កេត បើកការស៊ើបសួរបន្ថែមលើសំណុំរឿងលេខ ០០៤។
សេចក្តីថ្លែងការណ៍ ចេញផ្សាយនៅរសៀលថ្ងៃទី១៦មិថុនា ឆ្នាំ២០១១ របស់សហព្រះរាជអាជ្ញាអន្តរជាតិ លោក អាន់ឌ្រូ ឃេលី បានបង្ហាញថា សំណើថ្មីរបស់ខ្លួននេះ ដើម្បីឲ្យប្រាកដថា សាធារណជនបានជ្រួតជ្រាបត្រឹមត្រូវអំពីកិច្ចការដំណើរការនីតិវិធីរបស់ សាលាក្តីខ្មែរក្រហម ដែលកំពុងតែប្រព្រឹត្តទៅក្នុងសំណុំរឿងលេខ ០០៤ និងដើម្បីជាផលប្រយោជន៍របស់ជនរងគ្រោះ សាក្សី សិទ្ធិរបស់ជនសង្ស័យ និងលក្ខខណ្ឌតម្រូវនានានៃកិច្ចស៊ើបសួរ។
ជាមួយនឹងការលើកឡើងដូច្នេះ សហព្រះរាជអាជ្ញាអន្តរជាតិ បានប្រកាសថា ខ្លួនបានដាក់សំណើសុំឲ្យបំពេញការស៊ើបសួរ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែមនៅក្នុងសំណុំរឿងលេខ ០០៤ ទៅកាន់ការិយាល័យសហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃ១៥មិថុនាម្សិលមិញ។ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែមនេះ មានបន្ថែមនូវឧក្រិដ្ឋកម្មនានា ទៅក្នុងសំណុំរឿងលេខ ០០៤ ដោយរួមទាំងឧក្រិដ្ឋកម្មផ្សេងៗ ដែលត្រូវបានប្រព្រឹត្តចំពោះប្រជាជនខ្មែរក្រោម នៅខេត្តតាកែវ និងខេត្តពោធិ៍សាត់ ដោយមានមូលដ្ឋានជាបឋមនៅលើពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី និងភស្តុតាងថ្មីៗដទៃទៀត។
សហព្រះរាជអាជ្ញាអន្តរជាតិ ក៏បានស្នើសុំឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការជូនដំណឹងដល់សាធារណជន និងដើមបណ្តឹងរដ្ឋប្បវេណីសក្តានុពលនានា អំពីទីតាំងឧក្រិដ្ឋកម្មជាក់លាក់ទាំងឡាយ ដែលមានបញ្ចូលនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ និងទាំងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែមនៃសំណុំ រឿងលេខ ០០៤។
រហូតមកដល់ពេលនេះ សំណុំរឿងលេខ ០០៤ មិនត្រូវបានគេបង្ហាញព័ត៌មានឲ្យដឹងសោះឡើយ។ ក៏ប៉ុន្តែតាមសេចក្តីរាយការណ៍កន្លងមក សំណុំរឿង០០៣ និង០០៤ មានអតីតមេដឹកនាំខ្មែរក្រហម ៥ រូប ផ្សេងទៀត ដែលប្រឈមនឹងការចោទប្រកាន់ និងនាំមកកាត់ទោសក្នុងរឿងសម្លាប់មនុស្សនៅសម័យខ្មែរក្រហម។
យ៉ាងណាក៏ដោយ លោក ឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈ របស់សាលាក្តីខ្មែរក្រហម បានលើកឡើងថា សហចៅក្រមស៊ើបអង្កេត បានទទួលរួចហើយនូវសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ។ សហចៅក្រមស៊ើបអង្កេត នៅពេលនេះ ក៏កំពុងធ្វើការលើសំណុំរឿង០០៤។ ម្យ៉ាងទៀត ដំណើរស៊ើបអង្កេតលើរឿងនេះ សហចៅក្រម ធ្វើការដោយឯករាជ្យ និងជាការសម្ងាត់៕ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ