សមាជិកសមាជិកាចំនួនជាង ១០០នាក់នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោមមកពីតាមប្រទេសនានា ចូលរួមក្នុង មហាសន្និបាតប្រចាំរបស់សហព័ន្ធ រយៈពេលបីថ្ងៃ នៅ រដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក នៅថ្ងៃចុងសប្ដាហ៍នេះ។ សហព័ន្ធខ្មែរកម្ពុជាក្រោម រៀបចំ សន្និបាត ប្រចាំ ២០១០ នៅថ្ងៃទី១០ ១១ និងទី១២ ខែធ្នូនេះ នៅឯវត្តធម្មិការាម នៅទីក្រុង Orlando នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ បន្ថែមថា កិច្ចប្រជុំក្នុងថ្ងៃនីមួយៗនឹងបែងចែកទៅតាមលំដាប់ ដូចជាថ្ងៃទី១ ដែលត្រូវនឹងថ្ងៃសុក្រ គឺជាកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំសហព័ន្ធ ៖ «ថ្ងៃទី១០ ប្រជុំគណៈកម្មការនាយក និងប្រធានប្រចាំតំបន់ទ្វីប។ ថ្ងៃទី១១ និង ១២ ប្រជុំទូទៅ និយាយពីការងារដែលកើតឡើងនៅក្នុងឆ្នាំ២០១០ ពិនិត្យមើលការរីកចម្រើន ការលូតលាស់ និងអ្វីជាឧបសគ្គ ដែលសហព័ន្ធធ្វើមិនបាន និងផែនការឆ្នាំ២០១១»។ លោក ឡឹម ផាយ សមាជិកសភាតំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅពីរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក មានប្រសាសន៍ថា ដើម្បីបើកអង្គសន្និបាតប្រចាំឆ្នាំនេះ សហព័ន្ធបាននិមន្តព្រះសង្ឃសូត្រធម៌ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធ សាសនា ៖ «មានព្រះសង្ឃសូត្រជយន្តោបើកមហាសន្និបាត ដែលមហាសន្និបាតនេះជាកិច្ចប្រជុំធំ»។ លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា សហព័ន្ធនឹងបូកសរុបលទ្ធផលនៃមហាសន្និបាតចែកចាយជូនសមាជិកសមាជិកា អ្នកចូលរួមឲ្យបានជ្រាបទុកជាឯកសារ ពិសេសដាក់ចេញជាយុទ្ធសាស្ត្រ រួមមានការលើកទឹកចិត្តខ្មែរក្រោមជាទូទៅ ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនទៅតាមផ្លូវច្បាប់ ៖ «យុទ្ធសាស្ត្រ យើងឆ្នាំក្រោយពង្រឹងនៅតាមមូលដ្ឋាន សមាជិកសមាជិកាទាំងអស់ បងប្អូនខ្មែរក្រោម ក៏ដូចជាបងប្អូនខ្មែរឲ្យយល់ពីភារកិច្ចរបស់ខ្លួនជាកូនខ្មែរ ជាកូនខ្មែរក្រោម តើត្រូវធ្វើយ៉ាងម៉េចដើម្បីជួយសង្គ្រោះដល់ខ្មែរនៅឯដែនដីកម្ពុជា ក្រោម?»។
អ្នកចូលរួមប្រជុំក្នុងមហាសន្និបាតនេះ មានចំនួនជាង ១០០នាក់មកពីប្រទេសកម្ពុជា អូស្រ្តាលី (Australia) កាណាដា (Canada) ពីទ្វីបអឺរ៉ុប (Europe) ដែលរួមមានពីប្រទេសស្វីស (Swiss) ប្រទេសបារាំង (France) និងមានមកពីតាមរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានឲ្យដឹងបន្ថែមថា ភាគច្រើននៃខ្មែរក្រោមទាំងអស់ចំនួនប្រមាណ ៤ម៉ឺននាក់ ដែលរស់នៅក្រៅប្រទេស គឺជាអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម។ ក្នុងនោះមានជាង ២ពាន់នាក់ជាសមាជិកសកម្មនៅជុំវិញពិភពលោក។
សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការសង្គមស៊ីវិលនៅក្រៅស្រុក ត្រូវបានបង្កើតឡើងនៅប្រទេសកាណាដា កាលពីឆ្នាំ១៩៩៦៕
ប្រភពពីវិទ្យុស៊ីសេរី