សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រំលឹក​ថ្ងៃ​បាត់​បង់​ទឹក​ដី

បណ្ដា​សាខា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួម​គ្នា​ជា​ មួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស បាន​រៀបចំ​ពិធី ​រំលឹក​ខួប ៦២​ឆ្នាំ ដែល​ប្រជា​ជាតិ​ខ្មែរ​បាត់​បង់​ដែន​ដី​ កម្ពុជា​ក្រោម។ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ ​រដ្ឋ New Jersey និង​រដ្ឋ Pennsylvania នៅ​សហ​ រដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ បាន​រួម​គ្នា​ រៀបចំ​ពិធី​រំលឹក​ខួប ៦២​ឆ្នាំ​ដែរ នៃ​ការ​បាត់​បង់​ដែន​ដី ​កម្ពុជា​ក្រោម គឺ​ធ្វើ​នៅ​រដ្ឋ Pennsylvania ជួប​ជុំ​គ្នា​ នៅ​ឯ​វត្ត​សាមគ្គី​ធារា​រាម នៅ​ទីក្រុង​ខែន​ឌិន (Kenden)។ លោក លី រិទ្ធ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ New Jersey បាន​ថ្លែង​សន្ទរកថា ​នៅ​ក្នុង​ពិធី​រំលឹក​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ និង​ខ្មែរ​ក្រោម​ជា​ទូទៅ អំពី​ខ្មែរ​ជា​ម្ចាស់​ដែន​ដី​កម្ពុជា​ក្រោម៖ «ខ្មែរ​ជា​ម្ចាស់​ដែន​ដី​ដែល​យួន​ហៅ​ថា ណាម​បូ នៅ​ឡើយ ហើយ​សភា​របស់​យើង​កាល​ណោះ ក៏​ត្រូវ​បាន​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​ស្គាល់​ដែរ»

លោក​ស្រី សឺង ធីនិត ប្រធាន​ផ្នែក​ទទួល​បន្ទុក​កិច្ច​ការ​ស្ត្រី​នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ ក្រោម ប្រចាំ​ទីក្រុង​ហ្វីឡា​ដែល​ហ្វ្យា រដ្ឋ Pennsylvania សហ​រដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ភ្ញៀវ​កិត្តិយស​ដែល​ចូល​រួម​ស្ដាប់​សន្ទរកថា​នេះ មាន​ទាំង​អស់​ជាង ៧០​នាក់ រួម​ទាំង​ព្រះ​សង្ឃ ៨​អង្គ​ផង។ ក្នុង​នោះ ២​អង្គ​មក​ពី​ប្រទេស​កម្ពុជា ១ អង្គ​មក​ពី​ប្រទេស​ឥណ្ឌា និង​២​អង្គ​ទៀត​មក​ពី​ប្រទេស​ស៊ុយអែត ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​រំលឹក​ខួប​នៃ ការ​បាត់​បង់​ដែន​ដី​កម្ពុជាក្រោម ៖ «ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​ធម្មតា​ ទេ គឺ​ជា​ថ្ងៃ​ដែល​ខ្មែរ​កាន់​ទុក្ខ និង​ប្រាប់​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ថា កម្ពុជា​ក្រោម​ជា​ដែន​ដី​របស់​ខ្មែរ»

លោក ត្រឹង យ៉ាប់ ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​នៅ​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​អាទិត្យ​នោះ រៀបចំ​ឡើង​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១​រសៀល តាម​របៀប​ព្រះពុទ្ធ​សាសនា និង​មាន​ការ​ថ្លែង​សន្ទរកថា​ពី​ចាស់​ព្រឹទ្ធាចារ្យ និង​ពី​តំណាង​សហព័ន្ធ​រំលឹក​អំពី ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម។ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ សាខា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីក្រុង Long Beach នៃ​រដ្ឋ California នៅ​ទីក្រុង Tacoma នៃ​រដ្ឋ Washington សហ​រដ្ឋ​អាមេរិក ក៏​បាន​រៀបចំ​រំលឹក​ថ្ងៃ​ខួប​ប្រវត្តិសាស្ត្រ​នេះ​ដែរ។

ចំណែក​សាខា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Victoria នៃ​ប្រទេស Canada ក៏​គ្រោង​នឹង​រៀបចំ​រំលឹក​ថ្ងៃ​ខួប​នេះ នៅ​ថ្ងៃ​សៅរ៍។ រី​ឯ​សាខា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​រដ្ឋ Georgia សហ​រដ្ឋ​អាមេរិក ក៏​គ្រោង​នឹង​ប្រារព្ធ​រំលឹក​ខួប​នេះ​នៅ​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មិថុនា​ខាង​មុខ​នេះ៕  ប្រភពព័ត៌មានៈ វិទ្យុអាស៊ីសេរី.