សហព័ន្ធខ្មែរកម្ពុជាក្រោម បើកកិច្ចប្រជុំពិសេស ជួប សមាជិកសមាជិកាជាច្រើននាក់ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងមកថ្មីៗ នៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ប្រធានសហ ព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងថា កិច្ចប្រជុំកាលពីថ្ងៃសៅរ៍ប្រព្រឹត្តិទៅ នៅឯមជ្ឈ មណ្ឌលធម្មនុញ្ញជាតិ ហៅជាភាសាអង់គ្លេស National Constitution Center។ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធមានប្រសាសន៍ឲ្យដឹងបន្ថែម អំពីប្រធានបទសំខាន់ៗនៃ កិច្ចប្រជុំ ៖ «គឺអំពីកិច្ចការសហព័ន្ធចូលរួមប្រជុំនៅ UN និងជួបសមាជិកនៅញ៉ូជឺស៊ី និងនៅ Philadelphia ដោយមានវាគ្មិនកិត្តិយសជាច្រើនរូបចូលរួម»។
លោក ថាច់ ង៉ុកថាច់ បានឲ្យដឹងបន្ថែមថា ព្រះតេជព្រះគុណ យិន តូន និង គឹម មឿន ជាព្រះសង្ឃខ្មែរក្រោមមកពីប្រទេសស៊ុយអែត ធ្លាប់បានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារនៅវៀតណាម ក៏បាននិមន្តទៅចូលរួមក្នុងកិច្ចប្រជុំនោះដែរ។ វាគ្មិនមួយរូប គឺលោក Joshua Cooper អតីតសាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិបង្រៀននៅសកលវិទ្យាល័យ Hawaii សហរដ្ឋអាមេរិក តែបច្ចុប្បន្នជាទីប្រឹក្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែងសន្ទរកថានៅចំពោះមុខអ្នកចូលរួមប្រជុំ កាលពីថ្ងៃសៅរ៍ ផ្ដោតអំពីការប្រមូលព័ត៌មាន ដើម្បីធ្វើរបាយការណ៍ជាផ្លូវការ ដាក់ជូនអង្គមហាសន្និបាតរបស់ក្រុមជនជាតិដើម នៃអង្គការសហប្រជាជាតិ នាឆ្នាំ២០១២ នៅបូរីញីវយ៉ក សហរដ្ឋអាមេរិក ដើម្បីជួយប្រជាពលរដ្ឋខ្មែរក្រោម នៅឯដែនដីកម្ពុជាក្រោម ៖ «អ្វី ដែលសំខាន់គឺយើងគួរពង្រីកទំនាក់ទំនងឲ្យបានទូលំទូលាយ។ ធ្វើដូចយើងធ្វើនៅថ្ងៃនេះ។ គប្បីជួបជាមួយសហគមន៍នានា ដើម្បីស្រាវជ្រាវឲ្យបានដឹងថា តើការពិតកំពុងមានអ្វីកើតឡើង ចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៃតំបន់ជនបទ»។
កញ្ញា ថាច់ សុជាតិ យុវនារីខ្មែរក្រោមមួយរូប ដែលមកពីទីក្រុងឡុងប៉ិច នៃរដ្ឋ California សហរដ្ឋអាមេរិក ថ្លែងថា សេចក្ដីថ្លែងការណ៍របស់វាគ្មិនគ្រប់រូប ដែលបានផ្ដល់ក្នុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍នោះ មានសារសំខាន់ចំពោះនាង ៖ «វាគ្មិនរំលឹកថា បើយើងចេះពូកែខាងភាសា វប្បធម៌ និងសាសនារបស់ជាតិយើងហើយនោះជាតិយើងនឹងមិនបាត់បង់ទេ»។
លោក ចៅ សេរី ប្រធានក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម បានឲ្យដឹងបន្ថែមថា កាលពីរសៀលថ្ងៃអាទិត្យ យុវជនខ្មែរក្រោមជិត ២០នាក់ មកពីរដ្ឋនានានៃសហរដ្ឋអាមេរិក ពីប្រទេសកាណាដា ញីវហ្សេឡង់ និងពីប្រទេសកម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីនឹងបន្តចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ អំពីក្រុមជនជាតិដើម ដែលកំពុងប្រព្រឹត្តិឡើងនៅបូរីញីវយ៉ក សហរដ្ឋអាមេរិក តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១ នេះ៕ ប្រភពៈ វិទ្យុអាស៊ីសេរី