លោក សុន សិនថ័រ ប្រធានសាខាសហព័ន្ធខ្មែរក្រោមពិភពលោកប្រចាំនៅប្រទេសកាណាដា ឲ្យដឹងតាមសេចក្តីអញ្ជើញចុះថ្ងៃទី១០ កក្កដានេះ ថា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែរ សហព័ន្ធនឹងមានការជួបជុំធំមួយដោយមានការចូលរួមពីថ្នាក់ដឹកនាំ កំពូលរបស់ខ្លួន មានរួមទាំងលោកអធិបតី តោ គឹមថុង និងលោកនាយកប្រតិបត្តិ ថាច់ ង៉ុកថាច់ ផង។
លោក ឡឹម ផាត អនុប្រធានសាខាសហព័ន្ធខ្មែរក្រោមពិភពលោក ប្រចាំខែត្រកេបិក ប្រទេសកាណាដា ឲ្យដឹងថា ការជួបប្រជុំនោះនឹងប្រព្រឹត្តទៅនៅក្នុងវត្តពុទ្ធសុទ្ធារាម ក្នុងទីក្រុងម៉ុងរ៉េអាល់ ដើម្បីបានស្តាប់សេចក្តីថ្លែងរបស់មេដឹកនាំពីព័ត៌មានចុងក្រោយ ស្តីពីវឌ្ឍនភាពរបស់សហព័ន្ធលើឆាកអន្តរជាតិ។
លោកអនុប្រធានសាខា ឡឹម ផាត បានឲ្យដឹងថា លោកមានសុទិដ្ឋិនិយមជាខ្លាំងចំពោះភាពចម្រើនជឿនលឿននៃសហព័ន្ធខ្មែរ ក្រោមរបស់លោកនៅប្រទេសកាណាដា។
លោក ឡឹម ផាត បានមានប្រសាសន៍ថា ៖ «ថ្ងៃសៅរ៍ ទី១៨ លោកប្រធានប្រតិបត្តិ ថាច់ ង៉ុកថាច់… មកកាន់ទីក្រុងម៉ុងរ៉េអាល់ ដើម្បីបងប្អូនយើងនៅខាងម៉ុងរ៉េអាល់រៀបចំកម្មវិធីជួបជុំគ្នានៅវត្ត ពុទ្ធសុទ្ធារាម នៅម៉ោង៣ លោកសូត្រមន្តជយន្តោឲ្យបងប្អូនយើងទាំងអស់គ្នា។ សហព័ន្ធខ្មែរកម្ពុជាក្រោមយើងនៅម៉ុងរ៉េអាល់នេះ ឥឡូវបានរីកលូតលាស់សម្បើមណាស់ ព្រោះមានបងប្អូនខ្មែរយើងច្រើន ព្រមទាំងលោកសង្ឃជាដើម ចូលរួមលើកស្ទួយនូវកិត្តិយសខ្មែរយើងទាំងអស់គ្នា»។
លោកអនុ ប្រធានសាខា ឡឹម ផាត សង្ឃឹមថានឹងមានសមាជិកសមាជិកាច្រើនចូលរួមក្នុងពិធីជួបជុំគ្នា មួយនេះដើម្បីបានយល់ដឹងនូវវឌ្ឍនភាពពេលកន្លងមកនិងផែនការជា យុទ្ធនាការរបស់សហព័ន្ធក្នុងពេលបន្តទៀត៕
ប្រភព៖
វិទ្យុអាស៊ីសេរីជាភាសាខ្មែរ.