សហព័ន្ធខ្មែរក្រោមគ្រោងធ្វើយុទ្ធនាការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រកាស​ថា គេ​នឹង​បើក​យុទ្ធនាការ​អហិង្សា​ជាបន្ត​បន្ទាប់​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម។
លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ចាប់​ពី​ខែ​មីនា​ខែ​នេះ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០០៩ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​ធ្វើ​យុទ្ធនាការ​សំខាន់ៗ​ដែល​រួម​មាន​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មីនា​នេះ ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​រំឭក​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​វិរសមណ្ណៈ និង​វិរបុរស​ជាតិ រៀបចំ​ធ្វើ​នៅ​វត្ត​រតនមណ្ឌល​នៅ​ទីក្រុង Fresno នៃ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

ព្រះតេជគុណ សឺង យ៉ឹងរតនា ជា​នាយក​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​និង​ជា​ចាងហ្វាយកាសែត​ព្រៃនគរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ដីកា​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​អំពី​យុទ្ធនាការ​អហិង្សា​នា​ថ្ងៃ​សៅរ៍​នេះ​ដែល​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ជិត​២០០​នាក់។

ព្រះតេជគុណ សឺង យ៉ឹងរតនា បាន​មាន​ដីកា​ថា ៖ «កម្មវិធី​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ធ្វើនៅ​ទីក្រុង Fresno គឺ​ខាង​បង​ប្អូន​ខ្មែរ​ក្រោម​ហើយ​និង​បង​ប្អូន​ខ្មែរ​នៅ​ទីនោះ​រៀបចំ​ពិធី​បុណ្យ​រំឭក​ខួប​ព្រះ​វិញ្ញាណក្ខន្ធ​និង​វិញ្ញាណក្ខន្ធ​វិរសមណ្ណៈ​និង​វិរបុរស​ដែល​បាន​ស្នេហា​ជាតិ បាត់បង់​ទៅ​វិញ​ហ្នឹង។ នៅ​ទី​នោះ​មាន​កម្មវិធី​ការឃោសនា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​នោះ​ក៏​មាន​លោក​ប្រធាន ថាច់ ង៉ុកថាច់ ទៅ​ចូលរួម​ផ្ទាល់​ដើម្បី​ពន្យល់​អំពី​ទិសដៅ​ឬ​ក៏​ការស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​នៅ​ទីក្រុង​ប្រេស្នូ​នោះ»។

សហព័ន្ធ​ខ្មែរ​ក្រោម​នឹង​រៀបចំ​កិច្ចប្រជុំ​ពិសេស​នៅ​ទីក្រុង Sanjose
លុះ​ដល់​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា​នេះ​ដែរ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ​ទៀត ប៉ុន្តែ​ធ្វើ​នៅ​ឯ​វត្ត​ខេមរង្សី នៃ​ទីក្រុង Sanjose នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែល​នឹង​មាន​សកម្មជន​និង​ឥស្សរជន​របស់​សហព័ន្ធ​ពី​តាម​តំបន់​នានា​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រញ៉ា​ទៅ​ចូលរួម​ដែរ​ដែលមាន​ចំនួន​ទាំងអស់​ប្រមាណ​ជិត​៤០​នាក់។

ព្រះតេជគុណ សឺង យ៉ឹងរតនា មាន​ដីកា​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​ថា កិច្ចប្រជុំ​នៅថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា​នេះ នឹង​រៀបចំ​ឡើង​ចាប់​ពី​ម៉ោង​១​ដល់​ម៉ោង៤រសៀល។

ព្រះតេជគុណ ស៊ឺង យ៉ឹងរតនា បាន​មាន​ដីកា​ថា ៖ «ថ្ងៃ​អាទិត្យ ទី​២២ នៅ​ទីក្រុងSanjose នៃ​វត្ត​ខេមរង្សី​ហ្នឹង​ក៏​មាន​កិច្ច​ពិភាក្សា​អំពី​បញ្ហា​ខ្មែរ​ក្រោម​ដែល​ស្លាប់​ក្នុង​ជំនាន់​ខ្មែរ​ក្រហម។ កិច្ច​ពិភាក្សា​នោះ​ក៏​មាន​ឌុកទ័រ​មក​ពី​ស្ទេនផត​ផងដែរ។ ឌុកទ័រ​ហ្នឹង​គាត់​សរសេរ​អំពី​រឿង​ខ្មែរ​ក្រោម​ដែល​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ហ្នឹង»។

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែមថា ជំនួប​នា​ថ្ងៃ​អាទិត្យ​នេះ​នឹង​ផ្តោត​អំពី​សោកនាដកម្ម​របស់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ពិភាក្សា​អំពី​ថា​តើ​មូលហេតុ​អ្វី​បាន​ជា​ខ្មែរ​ក្រោម​ត្រូវ​បាន​សម្លាប់​ផ្តាច់​ពូជ​រាប់​ពាន់​គ្រួសារ​នា​សម័យ​នោះ​និង​អំពី​លទ្ធភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​ការចូលរួម​ដំណើរការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នៅ​ឯ​ប្រទេស​កម្ពុជា។

សូម​រំឭក​ជូន​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​យុទ្ធនាការ​ជា​បន្ត​បន្ទាប់​នេះដោយ​ផ្តើម​ចាប់​ពី​ខែ​មីនា​នេះ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០០៩។
ក្នុង​រយៈពេល​នេះ​ដែរ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ធ្វើ​មហា​បាតុកម្មអហិង្សា​ពិសេស​មួយ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០០៩​ខាង​មុខ​នេះ នៅ​ចំពេល​និង​នៅ​មុខ​អគារ​ដែល​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កោះ​អញ្ជើញ​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ឲ្យ​ទៅ​បង្ហាញ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម​ដោយ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​នៅ​ឯ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស៕
អត្ថបទ៖ វិទ្យុអាស៊ីសេរី.