ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានដឹកនាំសមាជិករបស់ខ្លួន និងពលរដ្ឋខ្មែរមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រទេសកាណាដា ដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជាសុំទោសពល រដ្ឋខ្មែរជាសាធារណៈ និងឲ្យវៀតណាមទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានទាមទារឲ្យប្រទេសវៀតណាមទទួលស្គាល់ “ខ្មែរក្រោម” ថាជា “ជនជាតិដើម” នៃដែន ដីកម្ពុជាក្រោម ផងដែរ ។បាតុកម្មនេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែកក្កដា ដោយមានការចូលរួមពីលោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរជាច្រើនរូប ។

លោក ថាច់ ង៉ុក ថាច់ បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ការធ្វើបាតុកម្មនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់ញត្តិទៅស្ថានទូតវៀតណាម និងមន្ត្រីរដ្ឋសភា នៃប្រទេសកាណាដា ផងដែរ ដើម្បីទាមទារឲ្យវៀតណាម ធ្វើតាមអនុសាសន៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ៥ ចំណុច ។ អនុសាសន៍ទាំងនេះ រួមមាន មន្ត្រីស្ថាន ទូតវៀតណាម ត្រូវសុំទោសពលរដ្ឋខ្មែរជាសាធារណៈ ចំពោះសម្ដីដែលខ្លួនបានថ្លែងថា កម្ពុជាក្រោមជាទឹកដីរបស់ ប្រទេសវៀតណាមជាយូរយារណាស់មកហើយ , រដ្ឋាភិបាលវៀតណាមត្រូវទទួលស្គាល់អតីតកាល, ត្រូវសរសេរប្រ វត្តិសាស្ត្រដែនដីកម្ពុជាក្រោមឲ្យត្រឹមត្រូវជាលក្ខណៈអន្តរជាតិឡើងវិញ, ត្រូវទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ហើយត្រូវគោរពសិទ្ធិខ្មែរក្រោមទៅតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម ដែល វៀតណាមជាប្រទេសហត្ថលេខី និងត្រូវបង្កើតគណៈការ មួយសម្រាប់អនុវត្តតាមផែនការ របស់អង្គការសហ ប្រជាជាតិ ។
“ចំណុចទីពីរឲ្យទទួលស្គាល់អតីតកាលប្រវត្តិសាស្ត្រនៅកម្ពុជាក្រោមហ្នឹង ហើយឲ្យបង្កើត គណៈកម្មការរៀបចំឡើងដោយបញ្ញវ័ន្តខាងផ្នែកប្រវត្តិសាស្ត្រហ្នឹង បង្កើតឲ្យមានជា សៀវភៅ រៀបចំឲ្យមានការទទួលខុសត្រូវទៅតាមលក្ខណៈអន្តរជាតិ”
លោក ថាច់ ង៉ុក ថាច់ បានថ្លែងថា នៅថ្ងៃទី ២៥ ខែកក្កដា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងដឹកនាំធ្វើបាតុកម្ម មុខស្ថានទូតវៀតណាម នៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ។ ចំណែកប្រទេសបារាំងវិញនឹងធ្វើនៅថ្ងៃទី ១ ខែសីហា ។
យោងតាមសេចក្ដីជូនដំណឹងមួយពីលោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា សហព័ន្ធខ្មែរ កម្ពុជាក្រោម នៅអ៊ឺរ៉ុបនឹងធ្វើមហាបាតុកម្មមួយនៅមុខស្ថានទូតវៀតណាម នៅទីក្រុងប៉ារិស នៅថ្ងៃទី ១ ខែសីហា ខាងមុខនេះ ដើម្បីប្រឆាំងនឹងអ្វីមួយដែលលោកហៅថា “ការបំភ្លៃប្រវត្តិសាស្ត្រ” ពីមន្ត្រីស្ថានទូតវៀតណាម ប្រចាំប្រ ទេសកម្ពុជា ។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយពីលោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លិខិតអំពាវនាវបាតុកម្មនេះមានសេចក្ដីថា៖ “ការបំភ្លៃ និងក្លែងដោយចេតនានូវប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ដោយ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យស្ថានទូតយួនប្រចាំភ្នំពេញ បានធ្វើឲ្យសាធារណជនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមអាក់អន់ចិត្តជាខ្លាំង ព្រោះជាការមើលងាយយ៉ាងជាក់ស្ដែងដល់អត្តសញ្ញាណរបស់គេជាម្ចាស់ទឹកម្ចាស់ដី ” [នៃដែនដីកម្ពុជាក្រោម] ។
ការធ្វើបាតុកម្មនេះ បន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោមបានចេញសេចក្ដីអំពាវនាវមួយ ចុះថ្ងៃទី ១១ ខែកក្កដា ឲ្យ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម “ដើម្បីថ្កោលទោស តំណាងស្ថានទូតវៀតណាមនៅប្រទេសកម្ពុជាដែលបំភ្លៃការពិត និង កែប្រែប្រវត្តិសាស្ត្រ និងទាមទារឲ្យរដ្ឋាភិបាល វៀតណាមទទួលស្គាល់ការពិតប្រវត្តិសាស្ត្រ នៃដែនដីកម្ពុជាក្រោមថា ដែនដី “កម្ពុជាក្រោម” ជាអតីតទឹកដីមួយ ភាគរបស់ប្រទេសកម្ពុជា” ។
កាលពីខែមិថុនាកន្លងទៅនេះ អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅក្នុងប្រទេសកម្ពុជា លោក ត្រឹង វ៉ាំង ថុង (Tran Van Thong) បានអះអាងប្រាប់វិទ្យុអាស៊ីសេរីជាខេមរភាសាថា ដែនដីកម្ពុជាក្រោម ជាទឹកដីរបស់ប្រទេសវៀតណាមជាយូរយារណាស់មកហើយ និងថា គ្មានភស្តុតាងណាមួយជាមូលដ្ឋានដើម្បីបញ្ជាក់ថា ដែនដីកម្ពុជា ក្រោម ត្រូវបានបាត់ទៅភាគីវៀតណាមទេ ។ ការថ្លែងបែបនេះធ្វើឡើង ដើម្បីឆ្លើយតបនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសនានាទូទាំងពិភពលោក នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំនេះ បានប្រារព្ធខួប ៦៥ ឆ្នាំ នៃទិវាបារាំងកាត់ដែន ដីកម្ពុជាក្រោមប្រគល់វៀតណាមធ្វើអាណានិគមបន្តលើពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃ ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។
លោកនិយាយថា៖ «បារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ តែកម្ពុជាក្រោមជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ ព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភ័ស្តុតាងទេ»។
ដោយខឹងសម្បានឹងសម្ដីរបស់មន្ត្រីស្ថានទូតវៀតណាម ទើបនៅថ្ងៃអង្គារ ទី ៨ ខែកក្កដា ប្រជាពលរដ្ឋ និង ព្រះសង្ឃដែលដឹកនាំដោយសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ជាច្រើនរយនាក់បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខស្ថានទូតវៀតណាម ដើម្បីទាមទារឱ្យអ្នកនាំពាក្យស្ថានទូតនេះ ចេញមុខសុំទោសជាសាធារណៈចំពោះអ្វីដែលខ្លួនធ្លាប់បានអះអាងថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីដើមមក មិនមែនបានមកពីការកាត់ទឹកដីរបស់ខ្មែរដោយបារាំងនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៤៩ នោះទេ ។
ការធ្វើបាតុកម្មពេលនោះ ក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែល ជាគណបក្សមួយត្រូវបានគេមើលឃើញថា នៅក្រោមរណបយួននោះ បានចេញមុខសារជាថ្មីមកវាយបង្ក្រាបលើការតវ៉ាបណ្ដាលឲ្យមនុស្សយ៉ាងតិច ១០ នាក់រងរបួសស្រាល ក្នុងខណៈដែលពួកគេបានព្យាយាមបុករបាំងការពាររបស់ប៉ូលិសឆ្ពោះទៅកាន់ស្ថានទូតវៀតណាម ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែក ។
មកដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ មានរយៈពេល ៦៥ ឆ្នាំ ហើយ ដែលបារាំងបានកាត់ដែនដី កម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រង ។ ចាប់តាំងពីពេលនោះមក ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ត្រូវបានអាជ្ញធរវៀតណាមចាត់ទុកថា ជនជាតិភាគតិច នៅលើដែនដីកំណើតរបស់ខ្លួន ៕