សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្ញើ​សារ និង​ផ្ដល់ជំនួយ​ដល់​ជនរងគ្រោះ​ដោយ​គ្រោះ​រំ​ជួយ​ដី​នៅ​នេ​ប៉ាល​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ផ្ញើ​សារ​ជូន​ចំពោះ​តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​នេ​ប៉ាល់ ប្រចាំ​អង្គការ​សហ​ប្រ ជា​ជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក លោក ទុ​រ​គា ប្រាសាទ ភត្ត​រាយ (Durga Prasad Bhattarai) ដើម្បី ចូលរួម​រំលែក​ទុក្ខ​ចំពោះ គ្រោះមហន្តរាយ​រំ​ជួយ​ផែនដី​នៅ​ប្រទេស​នេ​ប៉ាល ។​

ជនរងគ្រោះនៅ នេប៉ាល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៥ ។
ជនរងគ្រោះនៅ នេប៉ាល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៥ ។

​យោងតាម​លិខិត​មួយច្បាប់​ចុះហត្ថលេខា ដោយ​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា​៖

“​តាងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​អង្គការ​មួយ​តំណាងឱ្យ​ប្រជាជន​ខ្មែរក្រោម​ជា​ជនជាតិដើម​នៅ​ដែនដី សណ្ត​ទន្លេមេគង្គ​នៃ​ប្រទេស​វៀតណាម សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដោយស្មោះ​របស់ខ្ញុំ ចំពោះ​ប្រជាជន​នៃ​ប្រទេស នេ​ប៉ាល់ ដែល​ត្រូវ​រង​ផលប៉ះពាល់​ដោយ​ការ​រំ​ជួយ​ដី​ដ៏​ធំ នៅ​ថ្ងៃ​សៅរ៍​ទី ២៥ ខែមេសា ឆ្នាំ ២០១៥ ។​

ខ្ញុំ​មានទុក្ខ​ជា​ទម្ងន់ ពេល​បានទទួល​ដំណឹង​ថា សោកនាដកម្ម​នេះ​បានធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​រាប់ពាន់នាក់​នៃ ប្រជាជន និង​មនុស្ស រាប់មិនអស់​បាន​បាត់បង់​ជា​មូលដ្ឋាន​នៃ​ជីវិត​របស់​ពួកគេ ។​

ខ្ញុំ​សូម​បួងសួង​ឲ្យ​អ្នក​ដែល​បាន​ស្លាប់​បាន​ទៅបាន​ទៅ​កើត​ក្នុង​សុគតិភព និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុម គ្រួសារ​ជន​គ្រោះ ដែល​រង​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ​នេះ ។​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​បរិច្ចាគ​លុយ​មួយចំនួន​តូច​ដល់​មូលនិធិ​សង្គ្រោះ​ពី​ការ​រំ​ជួយ​ដី​នៅ​ប្រទេស​នេ​ប៉ាល់ ។ សូម​លោក​ទទួលយក​នូវ​ការអាណិតអាសូរ​ដ៏​ស្មោះត្រង់​ពី​ខ្ញុំ ។ ខ្ញុំ​សូម​សម្ដែង​នូវ​សមានចិត្ត​ជាមួយនឹង​ជន​រង គ្រោះ​និង​គ្រួសារ​របស់​ពួកគេ​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​”​។​

​យោងតាម​ដំណឹង​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដដែល​ថា នៅ​ថ្ងៃ​ចន្ទ ទី ១១ ខែឧសភា ខាងមុខនេះ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​នឹង​ផ្ញើ​ថវិកា​មួយចំនួន​សម្រាប់​ជួយ​ឧ​ប​ម្ថ​ម្ភ ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះ​រំ​ជួយ​ផែនដី​នៅ​ប្រទេស  នេ​ប៉ាល ផងដែរ ។ ប្រសិនបើ សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានបំណង​ចង់​ផ្ដល់ជំនួយ​ជា​ថវិកា​តាម រយៈ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​សូម​ផ្ញើ​ប្រាក់​ទៅ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាម​ការគួរ ។ ពុំ​នោះទេ លោកអ្នក អាច​ផ្ញើ​ត្រង់​ទៅ​កា​កក​បាត​ក្រហម​នៅ​អាមេរិក​ផ្ទាល់​ក៏បាន ។​

​ពួក​អាជ្ញាធរ​ជួយសង្គ្រោះ​នៃ​ប្រទេស​នេ​ប៉ាល់​និយាយថា គិត​មកដល់​ថ្ងៃ​អង្គារ ទី ៥ ខែឧសភា ចំនួន​អ្នកស្លាប់​ដោយសារ​ការ​រំ​ជួយ​ដី​នៅ​ជាយ​រដ្ឋធានី​ប្រទេស​នេ​ប៉ាល់ កើនឡើង​ដល់ ៧.៥៥៧ នាក់ ហើយ​អ្នករងរបួស​កើនឡើង ១៤.៥៣៦ នាក់ ខណៈ​ការ​ចែកចាយ​ជំនួយ​ស្ថិតក្នុង​ស្ថានភាព​តានតឹង​ជាខ្លាំង ។​

​រដ្ឋាភិបាល​នេ​ប៉ាល់​បញ្ជាក់ថា គេ​បានដាក់​ពង្រាយ​កងទ័ព និង​ប៉ូលិស​ជាង ១៣១.៥០០ នាក់ ដើម្បី​ជួយសង្គ្រោះ ហើយ​ក្នុងនោះ​មាន​ក្រុម​សង្គ្រោះ​បរទេស ១០០ ក្រុម ៕​

………………………………

KKF_Condelence_Letter_to_People_Nepal