ដោយ ថាច់ ប្រីជា គឿន I សារព័ត៌មាន ព្រៃនគរ
គណៈកម្មការទទួលបន្ទុកសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានៅប្រទេសកាណាដា ទើបតែ បាន ផ្ញើលិខិតមួយច្បាប់ទៅគណៈមហាសន្និបាតវិសាខបូជានៃអង្គការសហប្រជាជាតិ (United Nations Day of Vesak) ភ្ជាប់ជាមួយនឹងឈ្មោះ តំណាងរបស់ខ្លួន ៧ រូប ដើម្បីសុំចូលរួមក្នុងពិធីបុណ្យមួយនេះ ដែលនឹង រៀបចំនៅរដ្ឋធានីហាណូយ នាខែឧសភា ខាងមុខនេះ ។ តែលិខិតស្នើសុំនេះ នៅមិនទាន់បានទទួលការ ឆ្លើយតប យ៉ាងនៅឡើយពី គណៈ កម្មការបុណ្យ មួយនេះទេ ។

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ដែលបានចុះឈ្មោះស្នើសុំចូលរួមពិធីបុណ្យវិសាខបូជានៃអង្គការ សហ ប្រជាជាតិ នៅហាណូយនៅខែឧសភា ខាងមុខនេះ មានចំនួន ៧ រូប ក្នុងនោះ មានព្រះតេជព្រះគុណ ធីធី ធម្មោ នាយក គណៈក ម្មការទទួលបន្ទុកសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកាណាដា លោក តាំង សារៈ តំណាង សហព័ន្ធខ្មែរកម្ពុជា ក្រោមនៅកម្ពុជា និង ព្រះសង្ឃខ្មែរក្រោមនៅប្រទេសថៃ និង នៅប្រទេស ឥណ្ឌា ។ នេះ បើយោងតាម លិខិត មួយច្បាប់ របស់គណៈកម្មការទទួលបន្ទុក សាសនានៃសហព័ន្ធខ្មែរកម្ពុជា ក្រោមចុះថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៤ ដែលការិយា ល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបាននៅថ្ងៃទី ១២ ខែមីនា ពីព្រះតេជព្រះគុណ ធី ធី ធម្មោ នាយកគណៈ ក ម្មការ ទទួលបន្ទុកសាសនា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
យោងតាមលិខិតនេះដដែល មហាសន្និបាតវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំនេះ នឹងរៀបចំនៅរដ្ឋធានី ហាណូយ ភាគខាងជើង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៧ ដល់ ១១ ខែឧសភា ដោយមានការចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រមាណ ១០.០០០ រូប ក្នុងនោះ មាន ១,៥០០ រូប ជាតំណាងឲ្យសមាគមព្រះពុទ្ធសាសនា មកពីប្រទេសនានា ក្នុង ពិភពលោក ។

ពិធីបុណ្យវិសាខបូជារៀបចំឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ទាំង ៣ នៅក្នុងព្រះពុទ្ធសាសនា គឺ ទីមួយរំឭក ដល់ថ្ងៃ ព្រះ សម្មាសម្ពុទ្ធ ទ្រង់ប្រសូត ទីពីរ ទ្រង់បានត្រាស់ និងទីបី ទ្រង់បរិនិព្វាន ។វៀតណាមរៀបចំពិធីបុណ្យវិសាខ បូជានៃអង្គការ សហប្រជាជាតិនេះ ត្រូវបានគេមើលឃើញថា ជារូបភាពមួយដើម្បី ឲ្យសហគមន៍ជាតិ និងអន្តរជាតិមើល ឃើញថា ខ្លួនបានគោរពសិទ្ធិដល់ពលរដ្ឋក្នុងការប្រតិបត្តិសាសនា ។
នៅពេលថ្មីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញរបាយការណ៍ប្រចាំឆ្នាំថា នៅក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ វត្តអារាម ព្រះពុទ្ធសាសនាខ្មែរ នៅដែនដីកម្ពុជាក្រោម នៅតែត្រូវបានរដ្ឋាភិបាលវៀតណាម ត្រួតពិនិត្យ តាមដាន ធ្វើទុកបុក ម្នេញ និងប្រើកម្លាំងសមត្ថកិច្ចបង្ក្រាប និងធ្វើទារុណកម្មលើព្រះសង្ឃជាបន្តបន្ទាប់ ។
នៅក្នុងរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សសកល ឆ្នាំ ២០១៣ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានកត់សម្គាល់អំពីសេរីភាពសាសនានៅក្នុងប្រទេសវៀតណាមថា “បន្ទាប់ពីនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើ សេចក្ដីសម្រេច លេខ ៩២ នៅក្នុងខែមករា ឆ្នាំ ២០១៣ ក្នុងការបង្កើនការត្រួតពិនិត្យលើក្រុម សាសនា នោះមក ។ ក្នុងអំឡុងពេលនៃការត្រួតពិនិត្យ រដ្ឋាភិបាលបានតាមដាន, ធ្វើទុកបុកម្នេញ និងប្រើកម្លាំង សមត្ថកិច្ចបង្ក្ រាបនិងធ្វើទារុណ កម្ម ទៅក្រុមសាសនាដែលធ្វើសកម្មភាពខាងក្រៅសមាគមសាសនាដែលបានចុះ ឈ្មោះផ្លូវការឲ្យឋិតនៅក្រោមការត្រួត ត្រា របស់រដ្ឋាភិបាល ។ ក្នុងឆ្នាំ ២០១៣ ក្រុមសាសនាដែលត្រូវបានរដ្ឋាភិ បាលដាក់ចូលក្នុងបញ្ជីនៃការឃ្លាំមើលនោះ រួមមាន ក្រុមសាសនាកាវដាយ (Cao Dai) ដែលរដ្ឋាភិបាលមិន បាន ទទួលស្គាល់ ពុទ្ធសាសនាវ៉ាហាវ (Hoa Hao), ទីសក្ការៈរបស់ ក្រុមសាសនាប្រូតិស្តង់ឯករាជ្យ និង ក្រុមសាសនា កាតូឡិកនៅតាមផ្ទះ (Catholic) នៅតំបន់ខ្ពង់រាប និង នៅកន្លែងផ្សេង ទៀត, ព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោម និង សមាគមព្រះពុទ្ធសាសនាឯកភាពវៀតណាម (Unified Buddhist Church of Vietnam)” ។
នៅក្នុងសៀវភៅរបាយការណ៍ ឆ្នាំ ២០១៤ កម្រាស់ ៦៦៧ ទំព័រ ស្ដីពីស្ថានភាពសិទ្ធិមនុស្សសកលឆ្នាំ ២០១៣ ដែលបានចេញ ផ្សាយ នៅថ្ងៃទី ២១ ខែមករា បានឲ្យដឹងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមកាន់តែ “អាក្រក់ទៅៗ” នៅក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ ។
ក្នុងរបាយការណ៍នេះ អង្គការឃ្លាំងមើលសិទ្ធិមនុស្ស (HRW) បានចំណាយ ៥ ទំព័រ គឺ ពីទំព័រ ៣៩៩ ដល់ ទំព័រ ៤០៣ និយាយ ពីប្រ ទេសវៀតណាម ។ ក្នុង ៥ ទំព័រ នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកយកស្ថានភាពនៃ ការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសវៀតណាម ទាក់ទងនឹងករណី អ្នកទោសនយោបាយ, ច្បាប់ព្រហ្មទណ្ឌ , សិទ្ធិ នៃការបញ្ចេញមតិ, ការផ្សព្វផ្សាយ និង ទទួលព័ត៌មាន , សិទ្ធិនៃការបង្កើតក្រុម និង ជួបជុំ , សិទ្ធិដើរហើរ , សេរីភាព សាសនា, ការធ្វើទារុណកម្ម លើអ្នកទោស, បញ្ហាកែទម្រង់ច្បាប់ និង ការចាប់មនុស្សទាំងទាំងកម្រោល ។
ការរំលោភសិទ្ធិសាសនាពីរដ្ឋាភិបាលវៀតណាមនេះ ត្រូវបានគេមើលឃើញថា កាលពីខែឧសភា ឆ្នាំ ២០១៣ ព្រះតេជ ព្រះគុណ លី ចិន្ដា ព្រះសង្ឃខ្មែរក្រោម នៅវត្តព្រៃជាប់ ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក ហើយច្រកចូលបាវយកទៅធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និង នៅ ថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ដដែល តុលាការខេត្តឃ្លាំងសម្រេចផ្ដន្ទាទោសព្រះសង្ឃ ២ អង្គ នៅវត្តវត្តសិរីតាសេក ឲ្យជាប់គុកពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅដើម្បីប្រឆាំងរដ្ឋាភិបាល” ។ ការចោទប្រកាន់នេះ គ្រាន់តែព្រះសង្ឃទាំពីរអង្គនេះបាន ទាក់ទងខ្មែរក្រោមនៅក្រៅប្រទេស និងផ្ដល់បទសម្ភាសន៍តិចតួចដល់វិទ្យុអាស៊ីសេរីនិងវិទ្យុសំឡេងកម្ពុជា ក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ៕