សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹងធ្វើ​បាតុកម្ម នៅមុខ​អង្គការសហប្រជាជាតិ ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​

ដោយ ថាច់ ​ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹងធ្វើ​បាតុកម្ម​នៅមុខ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ សហប្រជាជាតិ នៅ ទីក្រុង ស្សឺ​ណែវ ប្រទេស​ស្វិ​ស នៅ​ថ្ងៃទី ០៥ ខែកុម្ភៈ ខាងមុខនេះ ដើម្បី​ជម្រុញ​ឲ្យ មានការ​ចាប់អារម្មណ៍ ពី​សហគមន៍ អន្តរជាតិ និង​ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​វៀតណាម ត្រូវគោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា ក្រោម ។ ការធ្វើ​បាតុកម្ម​នេះ ស្រប​ពេលដែល​វៀតណាម​ចូល ឆ្លើយបំភ្លឺ​អំពី​ប្រវត្តិ​សិទ្ធិមនុស្ស​របស់ខ្លួន នៅ​ការិយាល័យ​ក្រុមប្រឹក្សា សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ នាទី​ក្រុង ស្សឺ​ណែវ ប្រទេស​ស្វិ​ស ថ្ងៃទី ២៨ ខែមករា ខាងមុខនេះ ។​

កុនខ្មែរក្រោមម្នាក់ចេញធ្វើបាតុកម្មនៅមុខសភាអ៊ឺរ៉ុប ទាមទារឲ្យវៀតណាម ដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម ។
កុនខ្មែរក្រោមម្នាក់ចេញធ្វើបាតុកម្មនៅមុខសភាអ៊ឺរ៉ុប ទាមទារឲ្យវៀតណាម ដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម ។

​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ នឹង​ហៅ​វៀតណាម​ចូល​ឆ្លើយបំភ្លឺ អំពី​ស្ថានភាព​សិទ្ធិ មនុស្ស នៅក្នុង កិច្ចប្រជុំ “​ពិនិត្យមើល​នូវ​ប្រវត្តិ​សិទ្ធិមនុស្ស​ជា​សកល​តាម​កាលកំណត់ (UPR)” នា​ថ្ងៃទី ២៨ ខែមករា ខាងមុខនេះ ។​

​តាម​ព័ត៌មាន វៀតណាម​នឹងធ្វើ​សេចក្ដីរាយការណ៍ និង​ឆ្លើយបំភ្លឺ​អំពី​កិច្ច​ប្រតិបត្តិ​ដែល​ខ្លួន​បាន និង​មិនបាន ធ្វើ​ផ្នែក​សិទ្ធិ មនុស្ស​ជាច្រើន​ដូចជា សេរីភាព​សាសនា សិទ្ធិ​ជនជាតិដើម និង ជនជាតិភាគតិច​, សេរីភាព ក្នុង​ការទទួល និង​ផ្សព្វផ្សាយ ព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ​ជាដើម ។​

​តាម​ព័ត៌មាន​ពី​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ក៏បាន​ធ្វើ របាយការណ៍ និង​ដាក់​ជា​សំនួរ​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្សរ​បស់​រដ្ឋាភិបាល​វៀតណាម មកលើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា ក្រោម ទៅកាន់​ក្រឹម​ប្រឹក្សា​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​វៀតណាម​បកស្រាយ​ផង ដែរ ។​

​ប្រធានបទ​សំខាន់​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ឆ្លើយបំភ្លឺ​នោះ គឺ ការដែល​វៀតណាម​បាន ចាប់​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង ដាក់ពន្ធនាគារ កាលពី​ឧសភា ឆ្នាំ ២០១៣ កន្លង ទៅនេះ និង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ផ្សេងទៀត ។​

​សូមបញ្ជាក់ កាលពី​ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម បាន ប្រកាស​សាល ក្រម ផ្ដន្ទាទោស​ព្រះសង្ឃ​វត្ត​សេរី​តាសេក ២ អង្គ និង​ពលរដ្ឋ ២ រូប និង អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់​ទៀត​ឲ្យ​ជាប់គុក​ម្នាក់ ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ​អ្វីមួយ​ដែល​បក្សកុម្មុយនិស្ត​យួន​ហៅថា “​ប្រឆាំង រដ្ឋាភិបាល និង​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ទីសាធារណៈ​” ៕​

​ទាក់ទងនៅព័ត៌មាននេះដែរ នៅថ្ងៃទី ០៧ ខែមករា នេះ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់វិទ្យុ សំឡេងកម្ពុជាក្រោមថា ការធ្វើបាតុកម្មដែលនឹងធ្វើនៅថ្ងៃទី ២៨ ខែមករា នេះ អាចនឹងមានការចូលរួមពលរដ្ឋ ខ្មែរក្រោម អ្នក នៅប្រទេសអ៊ឺរ៉ុប មួយចំនួន ដូចជាអ៊ីតាលី ស្វិស បារាំង និង ហូឡង់ ជាដើម ។

លោក ថាច់ ង៉ុក ថាច់ បានថ្លែងថា៖

 “បាតុកម្មហ្នឹង បងប្អូនចូលរូមអាចមកពីប្រទេសអ៊ីតាលី នៅប្រទេសបារាំង នៅទីក្រុងនានាទាំងអស់ នៅប្រទេសស្វិសហ្នឹងផង ប្រទេសអាល្លឺម៉ង់ ហូឡង់ ដានណាម៉ាក់ នៅជុំវិញអ៊ឺរ៉ុបហ្នឹង ដូចដែលបានធ្វើ សព្វមួយដងចឹង” ។

​លោកប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ថាច់ ង៉ុក ថាច់ ក៏បានបញ្ជាក់ដែរ សម្រាប់លោកអ្នកដែលមានបំ ណងចង់ចូលរួមធ្វើ បាតុកម្មជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម លោកអ្នកអាចទាក់ទង ទៅលោក ថាច់ វៀន អធិវបតីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅ ប្រទេសបារាំង ៕

—————

ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទង៖

នៅ លី យ៉ង់ ប្រទេសបារាំង (LYON  –  FRANCE)    លោក ខួន ណាកា

00 (33)  475 323998  ទូរស័ព្ទដៃ 00 (33) 6 19 53 69 21

នៅ ទីក្រុង ប៉ារិស ប្រទេសបារាំង (PARIS-FRANE)  លោក ថាច់ វៀន

00  (33) 143 83 51  87   ទូរស័ព្ទដៃ 00 (33)  6 25 61 19

នៅ ទីក្រុង ម៉ន់តាវ៉ា ប្រទេសអ៊ីតាលី (Mantova-ITALIA)   ព្រះតេជព្រះគុណ ថាច់ វាសនា

00 (39) 0376  655 498  ទូរស័ព្ទដៃ 00 (39) 380  283  0094