ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ២៨ ខែធ្នូ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញផ្សាយអត្ថបទមួយបដិសេធនូវអត្ថបទការ សែតវៀតណាមមួយ ដែលបានសរសេរសំដៅខ្មែរក្រោមថាជា “ជនជាតិភាគតិច” ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាត់ទុកខ្មែរក្រោមជា “ជន ជាតិ ដើម” ដោយមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ។

អត្ថបទជាភាសាអង់គ្លេសបានចុះផ្សាយនៅលើគេហទំព័រសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានសរសរ ដោយ លោក សឺន ហួរ អគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៣ កាសែតញ៉ឹងយ៉ឹង (Nhan Dan) របស់បក្សកុម្មុយនិស្តវៀតណាមបានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា “សិទ្ធិមនុស្សដើម្បីការ អភិវឌ្ឍដល់ជន ជាតិភាគតិច” នៅវៀតណាម សម្រាប់ពលរដ្ឋ ខ្មែរក្រោម ដែលលោក សឺង ហួរ បានបញ្ជាក់ថា អត្ថបទនេះមានការបំផ្លើ សព័ត៌មានមួយចំនួន ។
ឆ្លើយតបនឹងអត្ថបទកាសែតនេះ លោក សឺង ហួរ បានបញ្ជាក់ថា “ខ្មែរក្រោម មិនមែនជាជនជាតិភាគតិច តាមការ កំណត់ របស់រដ្ឋាភិបាលវៀតណាមនោះទេ ។ ពួកគេជាជនជាតិដើមតាមការកំណត់របស់អង្គការ សហប្រជាជាតិ” ។
លោក បានបន្តទៀតថា ខ្មែរក្រោម និង កូនចៅរបស់ពួកគេ បានរស់នៅៗកម្ពុជាក្រោម ដែលជាដែនដីកេរដូនតារបស់ពួក គេមុនគេទាំងអស់ ។ វប្បធម៌ និង ប្រពៃណី អក្សរសាស្ត្ររបស់ពួកគេមានមកជាយូរហើយ នៅដែនដីកម្ពុជាក្រោម ដែលខុស ពី ជនជាតិភាគតិចនានា នៅក្នុងប្រទេសវៀតណាម ។
ផ្ទុយទៅវិញ រដ្ឋាភិបាលវៀតណាមនៅតែបន្តបង្ក្រាបលើពលរដ្ឋខ្មែរក្រោមដោយការរើសអើងពូជសាសន៍ ដោយការចាប់ព្រះ សង្ឃ និងពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ ជាបន្តបន្ទាប់ ។ វប្បធម៌ខ្មែររបស់ពលរដ្ឋខ្មែរក្រោមត្រូវបានកែកាឡៃបន្តិចម្ដងៗ ។
អត្ថបទនេះ ក៏បានជម្រុញឲ្យរដ្ឋាភិបាលវៀតណាមអនុវត្តតាមអនុសាសន៍មួយចំនួនដូចជា ត្រូវដោះលែង ព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធឿន, លោក ត្រា វណ្ណ ថា និង លោក ថាច់ ភូមិរិទ្ធ ជាបន្ទាន់ ។ រដ្ឋាភិបាលវៀត ណាម ត្រូវដោះ លែង អ្នកស្រី លី ធី យ៉ាន់ , អ្នកស្រី លឹម ធី ឡង, លោក លី មិន ហាយ និង លោក តាំង ផល្លា ជាបន្ទាន់ ។ អនុញ្ញាតឲ្យព្រះសង្ឃ បង្កើតសមាគមព្រះសង្ឃឯករាជ្យ របស់ពួកគេមួយនៅកម្ពុជាក្រោម ដោយមានមិនការជ្រៀតជ្រែក ពីរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។
យោងតាមអត្ថបទនេះដដែល លោក សឺង ហួរ បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការក្រៅរដ្ឋាភិបាលមួយ ស្រប ច្បាប់ មិនយកកម្រៃ មានមូលដ្ឋានៅសហរដ្ឋអាមេរិក ធ្វើការផ្នែកសិទ្ធិមនុស្ស សម្រាប់បំរើខ្មែរក្រោមនៅកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោមផ្ដល់ឱកាសឲ្យយុវជនខ្មែរក្រោម មាន សមត្ថភាពបញ្ចេញនូវសំឡេងរបស់ពួកគេ ដើម្បីនាំមកនូវ ការ ផ្លាស់ប្ដូរមួយក្នុងសង្គមខ្មែរក្រោម ។
អត្ថបទនេះ បានបន្តទៀតថា សហព័ន្ធខ្មែរកម្ពុជាក្រោម មិនមែនជាកងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងរដ្ឋា ភិបាលវៀតណាម ឡើយ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ជម្រុញឲ្យមានការបញ្ចេញសំឡេងតំណាងឲ្យខ្មែរ ក្រោម ពលរដ្ឋម្ចាស់ស្រុកនៃដែន ដី កម្ពុជាក្រោម ដែលត្រូវបារដ្ឋាភិបាលវៀតណាមបំបិទមាត់ និងរំលោភ បំពានសិទ្ធិមនុស្ស ។ វៀតណាមត្រូវទទួលស្គាល់ ខ្មែរក្រោម ថាជនជាតិដើម និងត្រូវតែគោរពសិទ្ធិពួកគេ ។
តួនាទីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម គឺការអនុវត្តតាមវិធីសាស្ត្រសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីស្វែង រកសេរីភាព យុត្តិធម៌ និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម តាមសេចក្ដីប្រកាសជា សកល ស្ដីពីសិទ្ធិជនជាតិដើម ។ ខ្មែរក្រោមត្រូវតែទទួលបាននូវកិច្ចគាំពារពីច្បាប់ អន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏កំពុង រកវិធី ដើម្បីធ្វើឲ្យជីវភាពជីវិត និងគ្រួសារខ្មែរក្រោមកាន់តែ ប្រសើរឡើង ៕