ដោយៈ ចៅ មុនីខេមរា
កាលពីចុង ខែសីហា នេះ សហព័ន្ធខ្មែរកម្ពុជាក្រោមទើបនឹងបានបញ្ចប់មហាសន្និបាតមួយក្នុងវត្តខ្មែរហាមិនតុន ខេត្តអាង់តារីយ៉ូ ប្រទេសកាណាដ ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថែមទៀតអំពីគោលការណ៍អហិង្សា នៃការតស៊ូស្វែងរកសិទ្ធិស្វ័យសម្រែចវាសនាខ្លួនដោយខ្លួននៅលើអតីតទឹកដីកម្ពុជាក្រោម ។
ព្រះសង្ឃចំនួន ៨ អង្គ និងមន្រ្តីជាន់ខ្ពស់របស់សហព័ន្ធខ្មែរ
កម្ពុជាក្រោមទៅពីបណ្តាលប្រទេសនានាជាង ១០០ រូប មួយអន្លើដោយសហគមន៍ខ្មែរប្រចាំនៅប្រទេសកាណាដាផង បានជួបប្រជុំពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ហើយសហព័ន្ធខ្មែរកម្ពុជាក្រោមក៏បានបង្ហាញពីយុទ្ធសាស្រ្តនានា ដើម្បីការពារខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់អាណានិគមយួន ។
លោក ថាច់ ង៉ុក ថាច់ នាយកប្រតិបត្តិសហព័ន្ធ បានឲ្យដឹងបណ្តាញសារព័ត៌មានដឹងអំពីវត្ថុបំណង ដែលសហព័ន្ធរៀបចំមហាសន្និបាតដូច្នេះថា៖ «ទី១ ចង់ជម្រាបដល់បងប្អូនខ្មែរទូទៅ រួមទាំងបងប្អូនខ្មែរក្រោមនៅទីនេះផង ពីគោលជំហរនយោបាយ ការដឹកនាំ និងគោលបំណងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ថា តើធ្វើយ៉ាងណាបានផលប្រយោជន៍អ្វីខ្លះសម្រាប់ឲ្យបងប្អូនខ្មែរ ជាពិសេសគឺខ្មែរក្រោម ព្រះសង្ឃយើងដែលនៅទឹកដីកម្ពុជាក្រោម។ ទីពីរ គូសបញ្ជាក់នូវគោលនយោបាយថា តើដំណើរឆ្ពោះទៅកាន់មាតុភូមិ សហព័ន្ធខ្មែរកម្ពុជាក្រោម មានផែនការ មានយុទ្ធសាស្ត្រយ៉ាងណា ដើម្បីសង្ឃឹមថានឹងទទួលជ័យជម្នះក្នុងចលនាតស៊ូអហិង្សានេះ។ ទី៣ ជម្រាបជូននូវសកម្មភាពក្នុងពេលបច្ចុប្បន្ននេះ ដែលទាក់ទងទៅលើទិសដៅ សហព័ន្ធខ្មែរកម្ពុជាក្រោមដែលសំដៅទៅលើទិសដៅ៣។ ទី១ កិច្ចការអន្តរជាតិ ទី២ កិច្ចការដែលទាក់ទងនឹងរឿងរ៉ាវខ្មែរក្រោមក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទី៣ ក៏យើងចង់ឃើញទាំងអស់គ្នាហ្នឹង គឺមិនថាតែខ្មែរក្រោមទេ ថាតើត្រូវធ្វើយ៉ាងណាសម្រាប់ឲ្យបងប្អូនខ្មែរក្រោម ព្រះសង្ឃខ្មែរក្រោម មានសិទ្ធិសេរីភាពគ្រប់គ្រាន់សម្រាប់សម្រេចវាសនាខ្លួនដោយខ្លួនឯង ថាខ្លួនជាម្ចាស់ស្រុកនោះ»។
ចំណែកឯ លោក តោ គឹមថុង អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោមបានមានប្រសាសន៍ថា ទិសដៅសំខាន់មួយទៀតរបស់សហព័ន្ធនោះ គឺសេចក្ដីប្រាថ្នាផ្ដល់ព័ត៌មានគ្រប់សព្វពីចលនាតស៊ូអហិង្សារបស់សហព័ន្ធខ្មែរក្រោមនេះ ឲ្យទៅជាការយកចិត្តទុកដាក់របស់ខ្មែរទូទៅ និងរបស់អន្តរជាតិទៀតផង។ លោក តោ គឹមថុង បានឲ្យដឹងថា ៖ «ក្នុងរវាងមួយថ្ងៃនេះ សហព័ន្ធនឹងធ្វើជារបាយការណ៍ជម្រាបជូនបងប្អូនរួមជាតិយើង ឲ្យយកចិត្តទុកដាក់រឿងសង្គមជាតិទូទៅ។ អ្វីដែលជាការគួរកត់សម្គាល់ហ្នឹង ឃើញថាចលនាសហព័ន្ធខ្មែរកម្ពុជាក្រោមហ្នឹង ក្លាយទៅជាបញ្ហាខ្មែរទូទៅ មិនសម្រាប់តែកម្ពុជាក្រោម អានេះស្របតាមបំណងរបស់លោកអតីតប្រធាន សឺង ទួន ដែលគាត់ថា ធ្វើយ៉ាងណាឲ្យការឈឺចាប់របស់កម្ពុជាក្រោម ក្លាយទៅជាការឈឺចាប់របស់ខ្មែរទូទៅ មិនត្រឹមតែប៉ុណ្ណោះ វាឈឺចាប់របស់អន្តរជាតិ»។
ក្រោមកិច្ចប្រជុំនោះដែរ ព្រះតេជព្រះគុណ ថាច់ ធម្មោទ្រឿង ព្រះគ្រូចៅអធិការវត្តខ្មែរ Hamilton បានថ្លែងបញ្ជាក់ជម្រាបអង្គប្រជុំ ក្នុងឋានៈជាតំណាងឲ្យព្រះសង្ឃក្នុងទីនោះអំពីមុខនាទីវត្តក្នុងសង្គមខ្មែរ ។
ព្រះតេជព្រះគុណ ថាច់ ធម្មោទ្រឿង បានថេរដីកាថា ៖ «វត្តមិនមែនកន្លែងសម្រាប់សមាធិ តែម្យ៉ាងនោះទេ ជាងហ្នឹងទៅទៀត វត្តគឺជាកន្លែងសាធារណៈទូទៅ សម្រាប់ទាក់ទងកិច្ចការសង្គមកិច្ច ហើយក៏ជាកន្លែងមិនប្រកាន់និន្នាការនយោបាយ ។ សូមប្រកាសទូទៅសម្រាប់អស់លោកដែលបានចូលរួមនៅក្នុងឱកាសនេះថា បើសិនជាត្រូវការប្រើប្រាស់ គឺសូមញាតិញោមអញ្ជើញប្រើប្រាស់ទៅតាមការគួរ»។
សូមជម្រាបថា កិច្ចប្រជុំលើកនេះគឺជាទំព័រប្រវត្តិសាស្រ្តមួយសំរាប់បងប្អូនខ្មែរនៅប្រទេសកាណាដា ។ នៅក្នុងកិច្ចប្រជុំនោះ គេសង្កេតឃើញមន្រ្តីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានរួមទាំងមកពីរដ្ឋនានាចំនួន ៧ ក្នុងសហរដ្ឋអាមេរិក ពីប្រទេសកម្ពុជា ពីសហភាពអឺរ៉ុប និងមកពីខេត្តចំនួន ៤ ក្នុងប្រទេសកាណាដា គឺខេត្តអង់តារីយ៉ូ ខេត្តកេបិច ខេត្តអាល់ប៊ែតា និងខេត្ត ប៊្រិតធិស ខឡឹមប៊ែ ពិសេសទទួលបានការគំទ្រពីសមាគមខ្មែរ ប្រចាំនៅកាណាដាយ៉ាងខ្លាំងទៀតផង ៕.