ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១០ លោក វិន វេន តំណាងអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក ប្រចាំនៅសហរដ្ឋអាមេរិក និងលោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បាន នាំយកថវិកាចំនួន ៨.០០០(ប្រាំបីពាន់)ដុល្លារ សហរដ្ឋអាមេរិក របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ពិភពលោក និងសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក មកជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលជាជនរងគ្រោះ ក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅនោះ ដែលសព្វថ្ងៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា នាទីក្រុងភ្នំពេញ។ប្រតិភូអមដំណើរដោយ៖ លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំព្រះរាជាណាចក្រកម្ពុជា, ព្រះតេជគុណ កាន សុផាណារិទ្ធិ៍ តំណាង សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម, ព្រះតេជគុណ គឹម ស៊ីសំណា តំណាងសម្ព័ន្ធសមណនិស្សិត និស្សិត ខ្មែរកម្ពុជាក្រោម ព្រមទាំងព្រះសង្ឃ និងមន្ដ្រីឥស្សរជនខ្មែរកម្ពុជាក្រោមជាច្រើនអង្គ និងរូបផ្សេងទៀត ប្រមាណជាជាង ១០រូប។
លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយក្ដីអាណិតអាសូរ និងការសោកស្ដាយចំពោះជីវិតយុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់ដែលបានទទួលមរណភាព និងរងរបួសយ៉ាងអាណោចអធ័មនោះ អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក បានចំណាយថវិកាផ្ទាល់ខ្លួន រួមទាំងការចូលរួមវិភាគទានពីសប្បុរសជនខ្មែរទូទៅ ដែលកំពុងតែរស់នៅឯសហរដ្ឋអាមេរិក ដើម្បីយកមកចែកជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ នៅលើស្ពានកោះពេជ្រប្រមាណជា ២០៦ នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ៤ គឺ ៖ មន្ទីរពេទ្យព្រះកុសុមៈ (ហៅមន្ទីរពេទ្យលោកសង្ឃ) មានចំនួន ៥៨ នាក់, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅមន្ទីរពេទ្យរ៉ូស្ស៊ី) មានចំនួន ៤៩ នាក់, មន្ទីរពេទ្យ កាល់ម៉ែត មានចំនួន ៨៩នាក់ និងមន្ទីរពេទ្យព្រះកេតុមាលា មានចំនួន ១០ នាក់។
ចាប់តាំងពីឧបទ្ទវហេតុបានកើតឡើង និងជនរងគ្រោះត្រូវបានបញ្ជូនយកមកដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យ គេឃើញមានសប្បុរសជននានាបានមកសួរសុខទុក្ខ និងចែកជូនអំណោយជាហូរហែរមកដែរ។ ក្នុងបន្ទប់ព្យាបាលនីមួយៗ យើងឃើញភ្នាក់ងារមន្ទីរពេទ្យបានបិទស្លាកសញ្ញាសំគាល់ “អ្នកជម្ងឺកោះពេជ្រ” ដើម្បីជាភាពស្រួលងាយសម្រាប់សប្បុរសជនស្វែងរក និងជូនអំណោយចំពោះជនរងគ្រោះទាំងនោះ ជៀសវាង ការភ័ន្តច្រឡំទៅនឹងអ្នកជម្ងឺទូទៅផ្សេងៗទៀត។
លោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម បានសម្ដែងការសោកស្ដាយ និងអាណិតអាសូរ រួមទាំងភាពក្តុកក្តួលចំពោះជនរងគ្រោះ ដែលជាភាគច្រើនសុទ្ធសឹងតែជាយុវជនមកពីតាមបណ្ដាខេត្តនានា ហើយកំពុងតែជាប់កាតព្វកិច្ចសិក្សាផងនោះ រហូតមកដល់ពេលនេះ នៅតែមិនទាន់បានចាកចេញពីមន្ទីរពេទ្យ ដើម្បីទៅជួបជុំឪពុក ម្ដាយ បងប្អូន មិត្តភក្តិ និងទៅសាលាបន្តការសិក្សារៀនសូត្រ។ លោកបានមាន ប្រសាសន៍បន្ថែមថា អង្គការ សមាគមខ្មែរកម្ពុជាក្រោម មានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក និងមិត្តសមាគមខ្មែរកម្ពុជាក្រោម ជាដើមនេះមានឆន្ទៈចូលរួមសុខរួមទុក្ខជាមួយនិងប្រជាពលរដ្ឋខ្មែរជានិច្ចកាល មិនថាខ្មែរក្រោម ខ្មែរលើ ឬខ្មែរកណ្ដាលអ្វីទេពីព្រោះថាជាខ្មែរតែមួយ ជាឈាមខ្មែរតែមួយ។
អំណោយ ដែលត្រូវបាននាំយកមកចែកជូន ដល់ជន រងគ្រោះនោះ ក្នុងម្នាក់ៗ ទទួល បានថវិកាចំនួន ១០០០០០ (ដប់ម៉ឺន) រៀល សារុងមួយ និងប្រេង កុឡាមួយដប ដែលជាស្នាដៃផលិតកម្មរបស់ ព្រះតេជគុណ កាន សុផាណារិទ្ធិ៍ ផ្ទាល់។ អ្នកជម្ងឺ គ្រប់ៗរូប បានបង្ខំចិត្តសម្ដែងនូវសេចក្ដីរីករាយ នឹង ទទួលយកនូវអំណោយ ពីគណៈប្រតិភួ ប្រកបដោយ សេចក្ដីរំភើបក្នុងចិត្ត បើទោះបីជាពួកគេកំពុងតែ ទទួលរងនូវជម្ងឺជាទម្ងន់ក៏ដោយ។ ពួកគេក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហព័ន្ធ ខ្មែរកម្ពុជាក្រោមពិភពលោក មិត្តសមាគមខ្មែរកម្ពុជាក្រោម និងសប្បុរសជនខ្មែរ ដែលនៅឯក្រៅប្រទសបានយកចិត្តទុកដាក់ ចូលរួមរំលែកទុក្ខដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងទទួលរងគ្រោះនេះ។ ពួកគេក៏បានប្រគេន និងជូនពរដល់ព្រះសង្ឃ និងគណៈប្រតិភូ អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក មិត្តសមាគមខ្មែរកម្ពុជាក្រោម និងសប្បុរសជនខ្មែរទាំងអស់បានជួបប្រទះតែសេចក្ដីសុខចម្រើន និងជោគជ័យ រាល់ភារកិច្ច។
លោក តាំង សារៈ បានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពអ្នកជម្ងឺ នៅក្នុងបណ្ដាមន្ទីរពេទ្យទាំង ៤ ខាងលើនោះថា អាការរោគរបស់អ្នកជម្ងឺមកដល់ពេលនេះនៅតែមានភាពដុនដាបនៅឡើយទេ ភាពធូរស្រាលនោះមានចំនួនតិចតួចជាទីបំផុត។ អ្នកជម្ងឺជាទូទៅរងរបួសត្រង់ជើងដូចៗគ្នា អ្នកខ្លះរងរបួស និងបាក់ជើងម្ខាង អ្នកខ្លះរងរបួសជើងទាំងសងខាង អ្នកខ្លះត្រូវបានបាក់ឆ្អឹងជំនី អ្នកខ្លះត្រូវបានវះកាត់ និងឈឺក្បាល ព្រមទាំងសតិស្មារតីហាក់ដូចជាខុសប្លែកពីប្រក្រតី។ ដោយឡែកអ្នកជម្ងឺ ៣ នាក់ផ្សេងទៀតដែលកំពុងតែ សម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់មែត មើលទៅហាក់ដូចជាគ្មានសង្ឃឹមថា នឹងអាច សង្គ្រោះឲ្យរស់រានមានជីវិតទេ។ លោក តាំង សារៈ ក្រៅពីការជូនអំណោយដោយទេយ្យវត្ថុប៉ុណ្ណេះនេះ លោកបានត្រឹមតែបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាពួកគេឲ្យរស់រានមានជីវិតជាយូរអង្វែង លោកក៏បានជូនពរដល់អ្នកជម្ងឺទាំងអស់ឆាប់ជាសះស្បើយ ដើម្បីឆាប់បានត្រឡប់ទៅជួបជុំ រួមរស់ជាមួយក្រុម គ្រួសារតរៀងទៅ។
ដំណើរចុះសួរសុខទុក្ខ និងចែកជូនអំណោយដល់ជនរងគ្រោះរបស់តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក មិត្តសមាគមខ្មែរកម្ពុជាក្រោម និងប្រតិភូអមដំណើរ ចាប់ផ្ដើមពីម៉ោង ៨ ព្រឹក ជាលំដាប់លំដោយ រហូតដល់បានសម្រេចជាស្ថានពរនៅវេលាប្រមាណជាម៉ោង ៤ ល្ងាច នាថ្ងៃ ខែ ឆ្នាំដដែល។ ដោយ៖ រដ្ឋ បុរី (UKKBS)