សាលាវិទ្យាស្ថានព្រះពុទ្ធសាសនាខ្មែរ នៅខែត្រព្រែកឬស្សីកំពុង ស្ថិតក្រោមគំនាបបក្សកុម្មុយនីស្តយួន

របបគ្រប់គ្រង់ក្រុងហាណូយនៃបក្សកុម្មុយនីស្តសព្វថ្ងៃ កំពុងតែប្រើល្បិចមហិច្ឆិតារំលោភសិទ្ធិ មនុស្សខ្មែរក្រោម ឥតឈប់ឈរ ទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា ជាដើម ជាក់ស្តែងកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១០ កន្លងទៅនេះ អាជ្ញាធរយួន ខែត្រព្រះត្រពាំង អតីតទឹកដីកម្ពុជាក្រោម បានចុះទៅចាប់ពង្រត់លោកគ្រូ ថាច់ សោភ័ណ្ឌ ជាអតីតព្រះចៅអធិការវត្តកំពង់និគ្រោធកំពង់ក្សាន្ត ដោយស្ងាត់ៗ និងអាថ៌កំបាំងបំផុត គឺរហូតមកទល់ពេលនេះ ក្រុមគ្រួសារ ឬសាច់ញាតិមិនទាន់បាន ទទួលដំណឹងពីអាជ្ញាធរយួន នៅឡើយ។

សូមចុចស្តាប់សេចក្តីរាយការណ៍របស់កញ្ញា ថាច់ សុជាតា វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក

កាលពីថ្ងៃអង្គារ ទី ១៧ សីហា នេះ ប្រភពពត៌មានពីខែត្រព្រែកឬស្សី បានប្រាប់វិទ្យុសំឡេង កម្ពុជាក្រោម នៅថ្ងៃនេះថា ក្រុមមជ្ឈឹមបក្សកុម្មុយនីស្តយួន ដែលដឹកនាំដោយលោក ស៊ើង ភឿក ហ្វាង រួមទាំងមន្រ្តីយួនជាច្រើនរូបទៀត បានចុះទៅបើកកិច្ចប្រជុំមួយ នៅសាលា វិទ្យាស្ថានព្រះពុទ្ធសាសនាខ្មែរ នៅវត្តអូម៉ុល ទីរួមខែត្រព្រែកឬស្សី ដោយមានមន្រ្តីសង្ឃ និងថ្នាក់ដឹកនាំបក្សកុម្មុយនីស្តយួន ទៅពីខែត្រក្រមួនសរ ឃ្លាំង ទីក្រុងព្រៃនគរ ទីក្រុងហាណូយ រួមទាំងខែត្រព្រែកឬស្សី ប្រមាណជាង៤០អង្គនិងរូប។ ដើម្បីជួបជុំគ្នា ជាមួយនឹងសមណៈនិស្សិតខ្មែរក្រោម នៅក្នុងសាលាវិទ្យាស្ថានព្រះពុទ្ធសាសនាខ្មែរនៃវត្ត អូម៉ុល។ ប្រភពបានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម បន្ថែមទៀតថា នៅក្នុងកិច្ចប្រជុំអស់ រយៈពេលមួយថ្ងៃនោះ គឺមន្រ្តីកុម្មុយនីស្តយួន បានថ្លែងអំពីគោលនយោបាយខ្មោចហូជីមិញ និងគំរាមទៅដល់សមណៈនិស្សិត  នៃសាលាវិទ្យាស្ថានព្រះពុទ្ធសាសនាខ្មែរនោះថា ប្រសិនបើ មានអង្គណាមួយប្រព្រឹត្តប្រាស់ចាគនឹងគោលនយោបាយរបស់បក្ស ពួកគេ នឹងបញ្ឈប់ ការសិក្សារួចចាប់ដាក់គុកជាកំហិត។ សូមជំរាបថា នៅក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមានសង្ឃ យួន និងប៉ុលីសសន្តិសុខយួនចំនួន៤នាក់ ចូលរួមតាមដាន និងអង្កេតការណ៍ផងដែរ។

.