សហព័ន្ធខ្មែរកម្ពុជាក្រោមបញ្ចប់ការរៃអង្គាសថវិកានៅបារាំង

មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកបានបង្ហើយការរៃអង្គាស របស់ខ្លួននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរាត្រីថ្ងៃសៅរ៍នេះ ដោយមានមនុស្សចូលរួមប្រមាណ៣០០នាក់។
លោក ថាច់ វៀន អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកប្រចាំនៅអឺរ៉ុប បានឲ្យដឹងថា លោកមានក្តីសង្ឃឹមច្រើនណាស់ថា ការជួបជុំគ្នាធ្វើបាតុកម្មនៅមុខទីស្នាក់ការក្រុមប្រឹក្សាកិច្ចការ សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនឹងមានជនជាតិ ខ្មែរទៅចូលរួមច្រើនលើសពីសព្វដង។
លោក ថាច់ វៀន បានឲ្យដឹងថា ៖ «រហូតមកដល់ថ្ងៃនេះមានការរំភើប ហើយការសង្ឃឹមច្រើន ព្រោះថា កាលឆ្នាំ២០០៧ នៅខាងរ៉ូនអាល់ ខាងលីយ៉ុងហ្នឹង ដូចមានតែមួយទេ ឥឡូវហ្នឹងមានដល់៣ឡាន ហើយខាងមីលូសិនហ្នឹងមាន២ឡាន ហើយមានបងប្អូនខាងប៉ារីសហ្នឹងក៏មានច្រើន ហើយបងប្អូនខាងប្រទេសប៊ែលហ្សិក ខាងប្រ៊ូសែលក៏មានទៅ ខាងហុល្លង់ក៏មានទៅ រហូតដល់ខាងស៊ុយអែតខាងជើងក៏មានទៅដែរ។ បងប្អូននៅខាងអូទ្រីសហើយនិងនៅអាល្លឺម៉ង់ ហើយនិងតាមរយៈបងប្អូនយើងសមាគមនៅស្វ៊ីសហ្នឹងក៏មានមួយចំនួនធំគេ ចូលរួមដែរ។ ដូច្នេះយើងនឹងមានការកក់ក្ដៅមានមនុស្សចូលរួមច្រើន»។
លោកអនុប្រធាន ថាច់ វៀន ដែលជាតំណាងសហព័ន្ធខ្មែរក្រោមប្រចាំទ្វីបអឺរ៉ុបនោះបានឲ្យដឹងទៀត ថា បន្ថែមលើក្តីសង្ឃឹមថា នឹងមានការចូលរួមកុះករពីជនជាតិខ្មែរនៅគ្រប់ប្រទេសនៅសហគមន៍អឺរ៉ុប នោះក៏នឹងមានជនជាតិខ្មែរមកពីប្រទេសដទៃទៀតនៅជុំវិញពិភពលោកមាន ប្រទេសកាណាដា, អូស្រ្តាលី និងពីរដ្ឋនានានៃសហរដ្ឋអាមេរិកជាដើមផងដែរ។
ព្រឹត្តិការណ៍មហាបាតុកម្មរបស់ពលរដ្ឋខ្មែរក្រោមទាមទារឲ្យប្រទេស វៀតណាមគោរពនូវសិទ្ធិសេរីភាពនៃជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក ក្នុងឱកាសដែលវៀតណាមត្រូវឆ្លើយបំភ្លឺចំពោះសមាជិកក្រុមប្រឹក្សា កិច្ចការសិទ្ធិមនុស្សទាំង៤៧ប្រទេសរបស់អង្គការសហប្រជាជាតិនៅថ្ងៃ ទី៨ ខែឧសភានោះ បានធ្លាក់ចំថ្ងៃពេញបូណ៌មីខែពិសាខជាថ្ងៃអន្តរជាតិដែលពុទ្ធបរិស័ទ អ្នកកាន់ពុទ្ធសាសនាជុំវិញពិភពលោកនឹងប្រារព្ធពិធីបុណ្យពិសាខបូជា ផងដែរ។
លោក ថាច់ វៀន ឲ្យដឹងថា ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទច្រើនទៀតនឹងចូលរួមក្នុងពិធីប្រពៃណី និងជាអន្តរជាតិមួយនេះបន្ថែមទៅលើព្រឹត្តិការណ៍បាតុកម្មនោះ។
លោក ថាច់ វៀន បានបញ្ជាក់ថា ៖ «ធ្វើរួមជាមួយគ្នាហ្នឹងគឺពិធី ពិសាខបូជា។ យើងធ្វើនៅហ្ស៊ឺណែវចាប់ពីម៉ោង៨ព្រឹកទៅ ធ្វើពិធីពិសាខបូជាគឺថាឲ្យត្រឹមត្រូវតាមដូចជាប្រពៃណីព្រះពុទ្ធ សាសនាអ៊ីចឹងនៅមុខអង្គការសហប្រជាជាតិតែម្ដង»។
ប្រធានអង្គការសភាខ្មែរពិភពលោកដែលមានទីតាំងនៅសហរដ្ឋអាមេរិកបាន ឲ្យដឹងព័ត៌មានដាច់ដោយឡែកមួយទៀតទាក់ទងនឹងខ្មែរកម្ពុជាក្រោមនេះ ថាក្រុមលោកកំពុងប្រមូលហត្ថលេខាពីជនជាតិខ្មែរលើញត្តិទាមទារមួយ ជូនលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បីសុំលោកពិនិត្យរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅភាគ ខាងត្បូងប្រទេសវៀតណាម។
លោក កាល់ ម៉ន ប្រធានសភាខ្មែរពិភពលោកមានប្រសាសន៍ថា ក្រុមលោកដោយមានការចូលរួមផ្តួចផ្តើមគំនិតពីលោកសាស្រ្តាចារ្យបណ្ឌិត នរញ្ញគិរី ទិត្យ ផង បានកត់សម្គាល់ដោយយកចិត្តទុកដាក់ថា ប្រទេសវៀតណាមបានប្រើឥទ្ធិពលរបស់ខ្លួនគាបសង្កត់ទាំងជនជាតិខ្មែរ នៅទឹកដីកម្ពុជាក្រោមនិងជនជាតិខ្មែរនៅលើទឹកដីខ្មែរបច្ចុប្បន្ន នេះ។
លោក កាល់ ម៉ន បានមានប្រសាសន៍ថា ៖ «រឿងធំ គឺរឿងខ្មែរឈឺចាប់អំពីការឈ្លានពានមិនចេះឈប់ឈររបស់រដ្ឋាភិបាលយួន កុម្មុយនីស្តមកលើប្រជាពលរដ្ឋខ្មែរ ខ្មែរក្រោម និងជាពិសេសមកលើប្រទេសខ្មែរទាំងមូល។ រឿងព្រះតេជគុណ ទឹម សាខន ហ្នឹងជាឧទាហរណ៍ជាក់ស្ដែងបង្ហាញឲ្យឃើញថា រដ្ឋាភិបាលយួនកុម្មុយនីស្តមានអំណាចបំពានជិះជាន់ប៉ុណ្ណាមកលើ រដ្ឋាភិបាលខ្មែរនិងរាស្រ្ដខ្មែរទាំងខ្មែរក្រោមនិងខ្មែរកណ្ដាល។ ហើយហេតុផលមួយទៀតដែលសំខាន់ដែរនោះ គឺសាសន៍ដទៃគេចាប់អារម្មណ៍មកលើរឿងខ្មែរយើង។ ឧទាហរណ៍ចុងឆ្នាំ២០០៥ លោក ខែល ប៊ិនត្រា ដែលជាអតីត Chairman of Secretary General ហៅថា ICSG គឺលោកបានផ្សព្វផ្សាយថាមានជនអន្តោប្រវេសន៍យួនចំនួនដល់ទៅ៤លាន កន្លះហើយដែលរស់នៅស្រុកខ្មែរ»។
បន្ថែមលើរបាយការណ៍លោក ប៊ិន ត្រា កាលពីចុងឆ្នាំ២០០៥នោះ លោក កាល់ ម៉ន បានឲ្យដឹងថា របាយការណ៍ជាខ្សែភាពយន្ត ជាក់ស្តែងមួយទៀតក្រោមចំណងជើងថា “ការបំបាត់ខ្មែរក្រោមដោយគ្មានស្រក់ឈាមមួយដំណក់” ផលិតដោយសកម្មជនសិទ្ធិមនុស្សជនជាតិអាល្លឺម៉ង់ស្តីពីយុទ្ធសាស្រ្ត ប្រទេសវៀតណាមក្នុងការរំលាយជនជាតិខ្មែរក្រោម គឺជាហេតុផលមួយទៀតដែលជនជាតិខ្មែរមិនអាចនៅស្ងៀមពុំមានសកម្មភាព អ្វីនោះឡើយ។
លោក កាល់ ម៉ន ឲ្យដឹងទៀតថា របាយការណ៍របស់អង្គការសិទ្ធិមនុស្សនានា មានជាអាទិ៍អង្គការ Human Rights Watch ជាដើម និងបទពិសោធន៍ផ្ទាល់របស់អ្នកតំណាងរាស្រ្តនៃសហគមន៍អឺរ៉ុបពីរនាក់ ដែលបានត្រូវរារាំងដោយអាជ្ញាធរវៀតណាមមិនឲ្យចូលទៅពិនិត្យស្ថានភាព សិទ្ធិមនុស្សពិតនៅលើទឹកដីកម្ពុជាក្រោមនោះ រឹតតែបង្ហាញ នូវភាពអាថ៌កំបាំង នៃការរំលោភសិទ្ធិមនុស្សថែមទៀត។
លោក កាល់ ម៉ន មានសង្ឃឹមថា ញត្តិដែលក្រុមលោកបានស្នើសុំអន្តរាគមន៍ពីលោក បារ៉ាក់ អូបាម៉ា ដើម្បីពិនិត្យមើលសេចក្តីពិតនៃរបាយការណ៍នានាដែលមានលើកមកហើយនេះ និងការគាំទ្ររបស់ពលរដ្ឋខ្មែរក្នុងការចុះហត្ថលេខាលើញត្តិមួយនេះ នឹងបានជាកម្លាំងដ៏ធំសម្រាប់ស្រាយបញ្ហាដែលពលរដ្ឋខ្មែរកំពុងជួប នាបច្ចុប្បន្នដោយសារតែឥទ្ធិពលប្រទេសវៀតណាមនោះ។
លោក កាល់ ម៉ន បានថ្លែងថា ៖ «យើងសង្ឃឹមថា លោក អូបាម៉ា ប្រធានាធិបតីអាមេរិកាំងថ្មី ដែលលោកស្រឡាញ់យុត្តិធម៌ ហើយលោកថែមទាំងបានសន្យាថានឹងធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុង សង្គមអាមេរិកាំងហ្នឹង ព្រមទាំងនៅក្នុងពិភពលោកផងដែរ។ ហ្នឹងជាក្ដីសង្ឃឹមមួយធំរបស់យើងដែរ។ ហើយសេចក្ដីសង្ឃឹមរបស់យើងដែលធំដែលយើងជឿថា គួរឲ្យជាក្ដីសង្ឃឹមបាន គឺបើខ្មែរយើងទាំងអស់ហ៊ានងើបផ្លាស់ប្ដូរចេញមុខមកតស៊ូមកជួយ ស៊ីញ៉េញត្តិអីហ្នឹង ហ្នឹងហើយដែលយើងសង្ឃឹម»៕
អត្ថបទៈ គេហទំព័រវិទ្យុអាស៊ីសេរី.