ដោយៈ សឺង សុជាតិ
ប្រតិភូសហព័ន្ធខែ្មរកម្ពុជាក្រោម បាននិមន្តនិងអញ្ជើញ ទៅប្រទេសញូវស្សេឡែន ដើម្បីជំនួប ព្រះសង្ឃនិងបងប្អូនរួមជាតិខែ្មរ និងខែ្មរក្រោម នៅទីក្រុង Auckland និង Wellington ក្នុងគោលបំណង ស្វែងរកការគាំទ្រ និងថ្លែងអំពីសកម្មភាព សហព័ន្ធខែ្មរកម្ពុជាក្រោម កំពុងធ្វើចលនា តស៊ូ ដោយ អហឹង្សា លើឆាកអន្តរជាតិ ដែលដឹកនាំដោយលោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ, រួមដំណើរជា មួយលោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិ ផែ្នកទំនាក់ទំនងកិច្ចការបរទេស និងព្រះតេជគុណ ថាច់ ប៊ីរង្គ សង្ឃនាយក នៃសហព័ន្ធផែ្នកអន្តរសាសនា កាលពីថ្ងៃសៅរ៏ និងអាទិត្យ ទី២១/២២ ខែវិច្ឆិកា ឆ្នាំ២០០៨ កន្លងទៅពីម្សិលមិញនេះ។
ក្នុងកិច្ចជំនួបព្រះសង្ឃនិងបងប្អូនរួមជាតិនៅប្រទេស NewZealand លើកដំបូងនោះ ប្រតិភូសហព័ន្ធ ខែ្មរកម្ពុជាក្រោម បានថ្លែងអំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីជំនឿសាសនា របស់ប្រជាពលរដ្ឋខែ្មរ ក្រោម សព្វថ្ងៃ ត្រូវបានរដ្ឋអំណាចយួនរំលោភសិទ្ធិមនុស្ស, ការទំនាក់ទំនងអន្តរជាតិ ក្នុងនោះ មានជំនួបជាមួយនឹងអង្គការសិទ្ធិមនុស្ស, សភាអឺរ៉ុប, ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងមន្រ្តីអន្តរសាសនា ជាដើម។ ជាពិសេសសហព័ន្ធខែ្មរកម្ពុជាក្រោម បានអំពាវនាវដល់បងប្អូនរួមជាតិទាំងអស់ ចូលរួមគាំ ទ្រទាំងកម្លាំងស្មារតី និងធនធាន ចំពោះសហព័ន្ធខែ្មរកម្ពុជាក្រោម ដែលបច្ចុប្បន្នកំពុងធ្វើចលនា តស៊ូដោយអហឹង្សា ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីរបបគ្រប់គ្រងផ្តាច់ការក្រុង ហាណូយ។ ជាងនេះទៅទៀត សហព័ន្ធខែ្មរកម្ពុជាក្រោម ក៏បានលើកឡើងអំពីយុទ្ធសាស្រ្តផែនការ ដំណើរឆ្ពោះទៅកាន់មាតុភូមិ និងជុំវិញផលប្រយោជន៏សន្និសីទអន្តរជាតិ របស់សហព័ន្ធខែ្មរកម្ពុជា ក្រោម ដែលគ្រោងនឹងរៀបចំឡើង នាសប្តាហ៏ទីមួយ ដើមខែឆ្នូ នៅប្រទេសអូស្រ្តាលីខាងមុខនេះ។
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ បានរាយការណ៏តាមរយៈអីម៉ែលបន្ទាប់ពីជំនួបជាមួយ នឹងព្រះសង្ឃនិងបងប្អូនរួមជាតិនៅទីនោះថា៖ បងប្អូនខែ្មរនិងខែ្មរក្រោម ចូលរួមស្តាប់របាយការណ៏ យ៉ាងច្រើនកុះករ ហើយមានទឹកចិត្តសប្បាយរីករាយ និងគាំទ្រចំពោះចលនា តស៊ូ របស់សហព័ន្ធ ខែ្មរកម្ពុជាក្រោម យ៉ាងពេញទំហឹង ទាំងកម្លាំងស្មារតី និងថវិកា ព្រមទាំងស្ថានីយវិទ្យុផ្សាយជាខេមរ ភាសានៅទីក្រុង Auckland បានធ្វើកិច្ចសម្ភាសន៏ជុំវិញសកម្មភាពជោគជ័យ និងទិសដៅបន្តមហា យាត្រាឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោមផងដែរ៕.