ដោយៈ សឺង សុជាតិ
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប បានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ២២ តុលា កន្លងទៅថ្មីៗនេះ សមាជិកសភាអឺរ៉ុប និងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានព្រះសង្ឃនិមន្តចូលរួមផងនោះ បានរួបរួមគ្នាធ្វើបាតុកម្មអហិង្សាមួយនៅ ខាងមុខទីស្នាក់ការសភាអឺរ៉ុប នាទីក្រុង Strasbourg ប្រទេសបារាំង ប្រយោជន៍ទាមទារឲ្យសភាអឺរ៉ុបគាំទ្រការតវ៉ា របស់សហព័ន្ធខ្មែរកម្ពុ ជាក្រោម ដែលទាក់ទិនទៅនឹងការរំលោភសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ ខ្មែរកម្ពុជាក្រោម ករណីរំលោភដីធ្លី និងចាប់បង្ខំផ្សឹកព្រះសង្ឃខ្មែរ នៅលើទឹកដីកម្ពុជាក្រោមបច្ចុប្បន្ន ។
លទ្ធផលនៃកិច្ចប្រជុំ ដែលមានសមាជិកសភានៅទីក្រុង Strasbourg បានសំរេចចិត្តបោះឆ្នោតគាំទ្រក្នុងសំឡេង៤៧៩ ប្រឆាំង២១ សំឡេង និងអនុបវាទ៤សំឡេង។ នៅក្នុងសំឡេងគាំទ្រដ៏ច្រើនលើសលុបនោះ សភាអឺរ៉ុបបានយល់ព្រមទទួលស្គាល់ករណីរំលោភសិទ្ធិ នានា ទៅជនជាតិភាគតិច និងជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅក្នុងប្រទេសយួន នឹងដាក់គំនាប ផ្នែកសេដ្ឋកិច្ច ទៅលើប្រទេស យួន ប្រសិនបើប្រទេសកុម្មុយនិស្តមួយនេះ មិនគោរពគោលការណ៍ច្បាប់អន្តរជាតិ ដែលខ្លួនបានចុះហត្ថលេខាទេនោះ ។
នៅក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងករណីព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង្ស ខេត្តតាកែវ ដែលត្រូវស្តេចសង្ឃស្រុកខ្មែរចាប់បង្ខំផ្សឹក រួចបញ្ជូនទៅដាក់ពន្ធនាគារក្នុងស្រុកយួន កាលពីចុងខែមិថុនា ឆ្នាំ២០០៧។
លោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ដែលបានចូលរួមក្នុងក្បួនបាតុកម្មនោះ បានមានប្រសា សន៍ប្រាប់អ្នកសារព័ត៌មានថា៖ “ ការធ្វើបាតុកម្មអហឹង្សានេះ គឺដើម្បីចែកចាយនូវខិតប័ណ្ណស្តីពីរដ្ឋាភិបាលយួនរំលោភសិទ្ធិមនុស្ស ទៅលើប្រជាពលរដ្ឋខែ្មរក្រោម និងបញ្ជូនពត៌មានបន្ថែមទៅឲ្យសភាអឺរ៉ុបនៅពេលដែលពួកគេចូលប្រជុំ ហើយសហព័ន្ធខែ្មរកម្ពុជា ក្រោម បានរាយរ៉ាប់ប្រាប់អំពីព្រឹត្តិការណ៏ថ្មីៗ ដែលទាក់ទិននឹងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលយួន ធ្វើទុក្ខបុកម្នេញ រំលោភសិទ្ធិ មនុស្ស និងសេរីភាពជំនឿសាសនា ចំពោះប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោម ក្នុងនោះមានការធ្វើឃាត ព្រះតេជគុណ អៀង សុខធឿន នៅវត្តទ្រនំជ្រឹង ខែត្រកណ្តាល នៃកម្ពុជា, ចាប់បង្ខំផ្សឹក ព្រះតេជគុណ ទឹម សាខន នៅវត្តភ្នំឌិន ខែត្រតាកែវ និងចាប់ផ្សឹកព្រះសង្ឃ៥អង្គ នៅ ខែត្រឃ្លាំង ជាដើម ” ។
ព្រះតេជគុណ អ៊ូង សុខ គង់នៅវត្តកម្ពុជាក្រោមមួយ ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង ដែលនិមន្តចូលរួមក្នុងបាតុកម្ម ដើម្បីទាមទារឲ្យសភាអឺរ៉ុប ជំរុញប្រទេសយួនគោរពសិទ្ធិមនុស្ស ជំនឿសាសនា សិទ្ធិកាន់កាប់ដីធ្លី នៅលើដែនដីកម្ពុជាក្រោម បានមាន សង្ឃដីកាឲ្យដឹងដែរថា៖ ព្រះអង្គមានការឈឺចាប់នឹងអាជ្ញាធរយួនដែលបានរំលោភសិទ្ធិមនុស្ស និងគាបសង្កត់លើសេរីជំនឿសាសនា របស់ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោម ហើយខ្ញុំព្រះករុណា អាត្មាភាព មានសេចក្តីត្រេកអរយ៉ាងខ្លាំង ចំពោះសភាអឺរ៉ុប ដែលបានជួយ ជ្រុមជ្រែងយកចិត្តទុកដាក់ដល់ខែ្មរក្រោម ដែលត្រូវអាជ្ញាធរយួនរំលោភសិទ្ធិមនុស្សសព្វថ្ងៃ “។
នៅក្នុងបាតុកម្មអហឹង្សានោះដែរ សមាជិកសភាអឺរ៉ុបមួយរូប ឈ្មោះលោក ម៉ាកូកាបប៉ាតុ តំណាងរាស្រ្តជនជាតិអ៊ីតាលី ក្នុងចំណោមសភាអឺរ៉ុបទាំងអស់ ដែលបានគាំទ្រសេចក្តីស្នើសុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនោះ បានមានប្រសាសន៍ឲ្យដឹងពីគោល
ជំហរគាំទ្ររបស់លោកថា៖ ” ប្រទេសយួននឹងគោរពទៅតាមការសំរេចរបស់សភាអឺរ៉ុប និងរដ្ឋាភិបាលយួនត្រូវតែដោះលែងព្រះតេជ គុណ ទឹម សាខន ចេញពីការឃុំខ្លួនក្នុងផ្ទះឲ្យបានឆាប់ៗ មុននឹងកិច្ចសន្យាត្រូវបានចុះហត្ថលេខា។
ក្រោយពីការទទួលបានជោគជ័យ ក្នុងការស្នើសុំឲ្យមានការដាក់សម្ពាធទៅលើប្រទេសយួននោះ លោក ថាច់ វៀន ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកុម្មុយនិស្តយួន ដោះលែងព្រះតេជគុណ ទឹម សាខន និងព្រះ សង្ឃខែ្មរក្រោម៥អង្គ ផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារ ក្នុងខេត្តឃ្លាំង ឲ្យបានឆាប់ផងដែរ៕.