ដោយៈ VOKK
យោងតាមស្ថានភាពរំលោភសិទ្ធិមនុស្ស សិទ្ធិកាន់កាប់ដីធ្លី និងជំនឿសាសនា នៅក្នុងឆ្នាំ ២០០៧ ដោយរបបអាណានិគមថ្មីយួន សហព័ន្ធខ្មែរកម្ពុជាក្រោមមានសេចក្តីទោមនស្សយ៉ាងខ្លាំង ចំពោះសកម្មភាពបំពានទាំងងងើល កាលពីថ្មី ៗ នេះសហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើរបាយការណ៍ និងដាក់ជូនទៅអនុគណៈកម្មការសិទ្ធិមនុស្សសភាអឺរ៉ុប ដូចដែលមានសេចក្តីខាងក្រោម ។
ស្តីពីសេរីភាពសាសនា៖ នៅថ្ងៃ ៣០ ខែមិថុនា ឆ្នាំ២០០៧ ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរនៃប្រទេសកម្ពុជាចាប់ផ្សឹក ហើយនិរទេសខ្លួនទៅកាន់ប្រទេសយួន ។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការយួនខេត្តមាត់ជ្រូកកាត់ទោសព្រះអង្គឲ្យជាប់ពន្ធនាគារមួយឆ្នាំ ។ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៨ ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរយួនដោះលែងពីពន្ធនាគារ ប៉ុន្តែត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងអះអាងថាព្រះអង្គត្រូវបានកម្លាំងប៉ូលិសយួន តាមយាមកាង ២៤/២៤ ម៉ោង ដោយពុំមានសេរីភាពបន្តិចសោះ ។
ការរំលោភសិទ្ធិដីធ្លី៖ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០០៧ ប្រជាកសិករជនជាតិដើមខ្មែរកម្ពុជាក្រោមរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងមុខរដ្ឋសភាយួន ដែលមានទីតាំងនៅឯទីក្រុងព្រៃនគរ ដើម្បីដាក់ពាក្យបណ្តឹងទាមទារឲ្យរដ្ឋាភិបាលយួនប្រគល់ដីធ្លីដែលបានរឹបអូសយកកាលពីចុងឆ្នាំ ១៩៧៨ ជូនពួកគាត់វិញ ។ ប៉ុន្តែរដ្ឋាភិបាលយួន នៅតែគ្មានលទ្ធភាពដោះស្រាយពាក្យបណ្តឹងជូនពួកគាត់ដដែល ។ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០០៨ ប្រជាកសិករខ្មែរក្រោមក្នុងខេត្តឃ្លាំងប្រមាណជាង ៤០ នាក់ ទៅតវ៉ារឿងដីធ្លីនៅខាងមុខគណៈកម្មការជនជាតិតំបន់ភ្នំ នាទីក្រុងព្រែកឫស្សី ស្របពេលមានប្រជាកសិករខ្មែរក្រោមប្រមាណជាង ២០០ នាក់ផ្សេងទៀតទៅពីស្រុកក្របៅ ខេត្តមាត់-ជ្រូក ធ្វើការតវ៉ាដោយសន្តិវិធីនៅឯទីក្រុងបារាជ ឬហៅ (Long Xuyen) ។ លោក ថាច់ រ៉ាន តំណាងក្រុមអ្នកតវ៉ានៅខេត្តឃ្លាំងត្រូវបានរដ្ឋំណាចយួនកោះហៅទៅសួរចំលើយ និងព្រមានឲ្យ បញ្ឈប់ការតវ៉ាបែបនេះ បើមិនដូច្នោះទេនឹងត្រូវបាត់ខ្លួន ។ ចំណែកក្រុមអ្នកតវ៉ានៅខាងខេត្តមាត់ជ្រូកវិញ ត្រូវបានអាជ្ញាធរប្រើដំបងឆក់វាយដំបង្រ្កាបយ៉ាងចាស់ដៃ ដែលបណ្តាលឲ្យ មនុស្សប្រមាណ ២០ នាក់រងរបួសធ្ងន់ ក្នុងនោះមានឈ្មោះ នាង នី ត្រូវបានក្រុមអាជ្ញាធរយួនប្រើដំបងឆក់វាយសំពងបែកក្បាលហូរឈាមជោគខ្លួន ។ នៅចុងខែមករា និងចុងខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមប៉ូលិសយួននៅខេត្តឃ្លាំងបានចុះច្រូតស្រូវនៅលើដីស្រែអ្នកស្រី លី ធីហឿង, បង្ករបួសស្នាមដល់ក្រុមគ្រួសារ និងដុតផ្ទះអ្នកស្រីចោលទៀត ។ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៨ វេលាម៉ោង ៨ យប់ នៅក្នុងការតវ៉ារឿងដីធ្លីមួយឯខេត្តមាត់ជ្រូក អាជ្ញាធរយួនបានប្រើដំបងឆក់ វាយសំពងទៅលើក្រុមបាតុករខ្មែរក្រោម ដែលបណ្តាលឲ្យពួកគាត់សន្លប់បាត់ស្មារតីជាច្រើននាក់ លើសពីនោះរដ្ឋអំណាចយួន បានបញ្ជាឲ្យចាប់ក្រុមបាតុករបោះឡើងរថយន្តដឹកត្រឡប់ទៅផ្ទះរៀងៗ ខ្លួន ដោយពុំមានទំនួលខុសត្រូវដោះស្រាយរឿងដីធ្លីជូនពួកគាត់ឡើយ ។ ក្នុងការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃនោះ យ៉ាងហោចណាស់មានមនុស្សចំនួន ៦ នាក់ទទួលរងរបួសធ្ងន់ រួមមានអ្នកស្រី នាង យ៉ន, នាង យ៉ូន, នាង ធី, នាង ហ៊ុង, នាង ឃុំ និងអ្នកស្រី នាង សម្បត្តិ ហើយស្រ្តីទាំង ៦ រូបខាងលើនេះ ទើបត្រូវតុលាការយួនខេត្តមាត់ជ្រូកកាត់ទោសកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០៨ ឲ្យជាប់ពន្ធនាគារពី ៩ ខែ ទៅ ២ ឆ្នាំ ។
រដ្ឋាភិបាលយួនគំរាមចាប់ខ្មែរក្រោមនៅកម្ពុជា៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០៨ អាជ្ញាធរយួនបានគំរាមចាប់ខ្លួនបុរសខ្មែរក្រោមមួយរូប និងព្រះសង្ឃខ្មែរក្រោមមួយអង្គ ។ ព្រះសង្ឃ និងបុរសខ្មែរទាំងពីររូបនេះ ត្រូវបានរដ្ឋាភិបាលយួនចោទប្រកាន់ថា បានញុះញុងឲ្យបងប្អូនខ្មែរក្រោមនៅខេត្តមាត់ជ្រូក និងខេត្តឃ្លាំង ក្រោកប្រឆាំងនឹងរដ្ឋអំណាចយួនពីរឿងអាជ្ញាធរយួនរឹបអូសយកដីធ្លី ។
ការបំរាមមិនឲ្យតម្លើងថាសផ្កាយរណប៖ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០០៨ តាមសេចក្តីរាយការណ៍ពីបងប្អូនខ្មែរក្រោមស្រុកស្វាយទង ខេត្តមាត់ជ្រូក បានឲ្យដឹងថា អាជ្ញាធរយួនស្រុកខាងលើបានបំរាមឲ្យមិនខ្មែរក្រោមនៅក្នុងស្រុកនេះ តម្លើងថាសផ្កាយរណប ឬអង់តែនទូរទស្សន៍ទេ ទោះក្រុមគ្រួសារខ្មែរក្រោមចំនួនតិចតួចមានលទ្ធភាពក៏ដោយ ។ ដូចដែលអស់លោកអ្នក បានឃើញរបាយ-ការណ៍ខាងនេះហើយ គឺរដ្ឋាភិបាលយួនកំពុងពឹងផ្អែកទៅលើអំពើហិង្សា ដើម្បីបញ្ឈប់សកម្មភាពខ្មែរក្រោម ។ យើង (សហ-ព័ន្ធខ្មែរកម្ពុជាក្រោម) មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះជីវិតប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមយើងទាំងនៅប្រទេសកម្ពុជា និងយៀកណាម ។
យើងសូមស្នើឲ្យអស់លោក មានបទអន្តរាគមន៍ និងថ្កោលទោសប្រទេសយៀកណាមជាបន្ទាន់ និងអះអាង ថាប្រទេសកុម្មុយនិស្តមួយនេះ កំពុងតែប្រើអំពើហិង្សារំលោភ និងសាបព្រួសទៅលើសន្ធិសញ្ញាសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ ដែលប្រទេសយៀកណាបានចុះសច្ចាប័ន ជាពិសេសគឺចាប់តាំងពីប្រទេសយៀកណាម បានចុះហត្ថលេខាលើសេចក្តីអនុម័តថ្មីមួយ នៃសេចក្តីប្រកាសសកលស្តីពីសិទ្ធិជនជាតិដើម កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ កន្លងមកនេះ ។
សិទ្ធិទទួលការអប់រំត្រូវបានដាក់កម្រិត៖ គម្លាតនៃការអប់រំរវាងជនជាតិយួន និងជនជាតិដើមខ្មែរកម្ពុជាក្រោម នៅតែមានគម្លាតឆ្ងាយ ជាពិសេសគឺភាពទទួលបានការអប់រំខ្ពស់ ។ ជាទូទៅមានប្រជាជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោមរាប់លាននាក់ ប៉ុន្តែមានជនជាតិដើមខ្មែរក្រោមតែមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលបានការអប់រំខ្ពស់ ដូចជាថ្នាក់អនុបណ្ឌិត និងបណ្ឌិតជាដើម ។ ចំពោះការគាំទ្រ ឧបត្ថម្ភឲ្យខ្មែរក្រោមទទួលបានភាពជឿនលឿក្នុងវិស័យអប់រំ គឺត្រូវបានបិតបាំងទាំងស្រុង ដោយសាររដ្ឋាភិបាលយួនបានចងភ្ជាប់ការឧបត្ថម្ភទាំងនេះជាគោលនយោបាយជាតិ ។
ស្រ្តីខ្មែរក្រោមប្រឈមនឹងការរើសអើងទ្វេដង៖ ស្រ្តីជនជាតិដើមខ្មែរក្រោម ក៏កំពុងប្រឈមនឹងភាពអន្តរាយ និងការរើសអើងទ្វេដងនៅក្នុងប្រទេសយួន ។ ជាដំបូង ពួកគាត់ត្រូវបានគេរើសអើង ដោយសារពួកគាត់ជាស្រ្តី ពិសេសគឺជាស្រ្តីជនជាតិដើមខ្មែរក្រោម ។ ស្រ្តីដែលបានចូលរួមក្នុងការតវ៉ាដោយសន្តិវិធី គឺត្រូវបានរដ្ឋអំណាចយួន ប្រើដំបងឆក់វាយសំពងយ៉ាងសាហាវព្រៃផ្សៃ ហើយបានចោទប្រកាន់ពីបទបានតាមដានមើលសកម្ម-ភាពណាមួយដែលទាក់ទិននឹងសិទ្ធិមនុស្ស ។ កត្តាខ្លះឱកាសការងារនៅក្នុងតំបន់ខេត្ត គឺបានន័យថាស្រ្តីទាំងអស់កំពុងត្រូវគេបង្ខំឲ្យចំណាកស្រុក និងកំពុងក្លាយទៅជាជនរងគ្រោះដោយប្រការជួញដូរផ្លូវភេទណាមួយ ។
ឋិតក្នុងឱកាសនេះ យើងខ្ញុំសូមអំពាវនាវអនុគណៈកម្មការសិទ្ធិមនុស្សសភាអឺរ៉ុប ដើម្បីសុំការជួយសង្គ្រោះជាបន្ទាន់៖
១-រំលឹកទៅដល់ប្រទេសយួន ឲ្យគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយបំបាត់ក្រុមមន្រ្តី នៃអាជ្ញាធរយួនដែលបាន និងកំពុងមានតួនាទីបំភិតបំភ័យ និងឃ្លាំមើលព្រះតេជគុណ ទឹម សាខន ២៤/២៤ ម៉ោង, ៧ ថ្ងៃក្នុងមួយសប្តាហ៍ ហើយបញ្ជូនព្រះអង្គត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដោយឥតលក្ខ័ណ ។
២-ជំរុញឲ្យរដ្ឋាភិបាលកុម្មុយនិស្តយួន ដោះលែងព្រះសង្ឃទាំង ៥ អង្គ ដែលកំពុងជាប់ពន្ធនាគារនៅឯខេត្តឃ្លាំងដោយឥតលក្ខ័ណ ។
៣-ជួយជនជាតិដើមខ្មែរក្រោម ដើម្បីទទួលបានការអនុវត្តន៍សិទ្ធិរបស់ពួកគាត់ ដោយអនុញ្ញាតឲ្យពួកគាត់បង្កើតនៅសមាគមព្រះពុទ្ធសាសនាថេរវាទឯករាជ្យមួយ ដោយពុំមានការជ្រៀតជ្រែកពីរដ្ឋាភិបាលកុម្មុយនិស្តយួន ដូចដែលមាត្រា ១២ នៃច្បាប់ជនជាតិដើមចែង៖ “ជនជាតិដើមគ្រប់រូប មានសិទ្ធិបញ្ចេញមតិ, អនុវត្តន៍, អភិវឌ្ឍន៍, បង្ហាត់បង្រៀននៅប្រពៃណីទំនៀមទំលាប់ និង កម្មវិធីបុណ្យទាននានា តាមបែបជំនឿសាសនា ។ ហើយជនជាតិដើមគ្រប់រូបមានសិទ្ធិថែរក្សា ការពារ និងដំណើរឈានទៅរកភាពឯកជន នៃការប្រតិបត្តិសាសនា និងវប្បធមិរបស់ពួកគេ ។ សិទ្ធិដើម្បីប្រើប្រាស់ និងត្រួតពិនិត្យនៅកម្មវិធីបុណ្យតាមប្រពៃណីពួកគេ និងសិទ្ធិធ្វើមាតុភូមិនិវត្តន៍តាមបែបមនុស្សជាតិ” ។
៤-ជំរុញប្រទេសយួន ឲ្យគោរពសិទ្ធិប្រជាពលរដ្ឋខ្មែរក្រោម ជាពិសេសគឺសិទ្ធិកម្មសិទ្ធិដីធ្លីកេរដូនតាពួកគាត់ ដូចដែល បានចែងក្នុងមាត្រា ២៦ នៃច្បាប់ជនជាតិដើម៖ “ជនជាតិដើមគ្រប់រូបមានសិទ្ធិកាន់កាប់ដីធ្លី បូរណភាពទឹកដី និងធន់ធាននានាដែលពួកគាត់បានគ្រប់គ្រង កាន់កាប់ ប្រើប្រាស់តាមបែបប្រពៃណីរបស់ពួកគាត់” ។
៥-អំពាវនាវដល់រដ្ឋាភិបាលយួន ផ្តើមនឹងលទ្ធិផលនៃការចរចា គ្មានបុរេលក្ខខ័ណ្ឌ ធ្វើកាចរចាដោយផ្ទាល់នឹងសហ-ព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីបង្ហាញទុក្ខព្រួយពិត ៗ របស់ពលរដ្ឋខ្មែរក្រោម និងផ្តល់ដំណោះស្រាយដ៏គួរសមមួយ ដែលថាគោរពសិទ្ធិមនុស្ស និងផ្តល់តំលៃថ្លៃថ្នូរដល់ខ្មែរក្រោមគ្រប់រូប ៕.