សិទ្ធិមនុស្ស គឺជាគ្រឹះមូលដ្ឋានរបស់សេរីភាព ។ យោងតាមសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស និងសិទ្ធិប្រជាពលរដ្ឋ ឆ្នាំ ១៩៤៨ សិទ្ធិមនុស្ស ចាប់ផ្តើមមានតាំងពីធម្មជាតិរបស់មនុស្ស ដែលកើតចេញពីផ្ទៃម្តាយមកម្ល៉េះ ហើយមានលក្ខណៈស្មើ ៗ គ្នា ដោយពុំមានការរើសអើង ឬត្រូវគេរំលោភជិះជាន់ឡើយ ។ ពោលគឺមនុស្សគ្រប់រូប មានសិទ្ធិរស់រានមានជីវិត, បញ្ចេញមតិ, ទទួលបានព័ត៌មាន, ទទួលបានការអប់រំ, ការព្យាបាល, ការងារធ្វើ, មានជំរក, មានសញ្ជាតិ, វប្បធមិ, ធ្វើដំណើរ, បង្កើតអង្គការ-សមាគម ធ្វើនយោបាយ និងសិទ្ធិជំនឿសាសនា ។ល។
ចុះខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមអាណានិគមយួនបច្ចុប្បន្ននេះយ៉ាងណាដែរ? តើអាជ្ញាធរយួនគ្រប់លំដាប់ថ្នាក់មានគោរពសិទ្ធិព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមដែរឬទេ? តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថា រដ្ឋាភិបាលកុម្មុយនិស្តយួនបានរំលោភបំពានដល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រហូតដល់ប្រើលទ្ធិផ្តាច់ការ បង្រ្កាបជនជាតិដើមខ្មែរកម្ពុជាក្រោមទាំងកំរោលជួរជាតិ?
ពេលវេលាកន្លងមក យួនមិនដែលចាត់ទុកខ្មែរក្រោមជាម្ចាស់ទឹកដីឡើយ ផ្ទុយទៅវិញយួនបន្តធ្វើអាណានិគមមកលើខ្មែរក្រោមពីជំនាន់មួយទៅជំនាន់មួយ ដោយប្រើអំណាចផ្តាច់ការអមនុស្សធមិគ្មានទីបំផុត ។ រូបភាពរដ្ឋបាលស៊ីវិលសម័យអាណានិគមនិយមបារាំង (1856-1954) ដែនដីកម្ពុជាក្រោម ត្រូវបានបារាំងដាក់ឈ្មោះថា “កូសាំងស៊ីន” ពេលនោះយួនបានជ្រៀតជ្រែកចូលក្នុងជួរមន្រ្តី ធំ ៗ អែបអបស៊ីខ្សែជាមួយបារាំង ក្នុងគោលបំណងក្តោបក្តាប់ប្រទេស និងអំណាចគ្មានខ្មែរក្រោម ។ ហោ ជី
មិញ បញ្ចុះបញ្ចូលស្តេចយួន បាវ ដាយ លួងលោមឲ្យបារាំងប្រគល់កូសាំងស៊ីឲ្យទៅយួនកាន់កាប់គ្រប់គ្រង ដូច្នេះហើយទើបមានសទ្ធិសញ្ញាទ្វេភាគីនៅឆ្នាំ ១៩៤៩ ហើយខ្មែរកម្ពុជាក្រោមបាត់បង់អំណាចតាំងពីពេលនោះមក ។ រូបភាពរដ្ឋបាលស៊ីវិលសម័យអាណានិគមនិយមអាមេរិក (1954-1975) អាមេរិកកាន់កាប់យួនខាងត្បូង ក្នុងនោះមានកូសាំងស៊ីនផង រដ្ឋាភិបាលយួន ធៀវ គី បើកទូលាយសិទ្ធិឲ្យខ្មែរក្រោមខ្លះ ៗ ប៉ុន្តែធាតុពិត ធៀវ គី គិតតែពីផលប្រយោជន៍ជាតិរបស់ពួកគេ ។
ឈានចូលសម័យកាលសាធារណៈរដ្ឋ សង្គមនិយម
យៀកណាម (១៩៧៥-បច្ចុប្បន្ន) ខ្មែរកម្ពុជាក្រោមត្រូវបាត់បង់អំណាចទាំងស្រុង សូម្បីតែសិទ្ធិបញ្ចេញមតិ និងការតវ៉ាសូមកុំឲ្យ
រដ្ឋាភិបាលយួនគាបសង្កត់ និងជិះជាន់ ក៏ត្រូវហាមឃាត់ដែរ ។ ជាក់ស្តែងព្រឹត្តិការណ៍ឆ្នាំ ១៩៧៦ រដ្ឋាភិបាលយួន បើកយុទ្ធនាការ កំចាត់ខ្មែរក្រោមតាមរូបភាពកម្លាំងប្រដាប់អាវុធ (យកលេះថា ខ្មែរក្រោមបំរើយួន ធៀវ គី) ក្នុងគោលបំណងកំចាត់ផ្តាច់ពូជ ឬសគល់អ្នកតស៊ូប្លុកសេរី និងប្រជាជនខ្មែរស្លូតត្រង់ ។ ព្រឹត្តិការណ៍ឆ្នាំ ១៩៧៨ របបយួនកុម្មុយនិស្ត បានជន្លៀសខ្មែរក្រោមនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ទៅរស់នៅតំបន់សេដ្ឋកិច្ចថ្មី (Vung Kinh Te Moi) ក្នុងគោលបំណងប្លន់យកដីធ្លីស្រែចំការ និងផ្តាច់ការទំនាក់ទំនងជាមួយខ្មែរនៅកម្ពុជា ។ ព្រឹត្តិការណ៍ឆ្នាំ ១៩៨៦ រដ្ឋាភិបាលយួនកុម្មុយនិស្ត បានបើកយុទ្ធនាការបោសសំអាតវប្បធមិ សាសនា ទំនៀមទំលាប់ខ្មែរដែលមានតាំងពីបូរាណកាលមក ក្នុងគោលបំណងយួនតូបនិយកម្ម បង្ខំឲ្យខ្មែរក្រោមបោះបង់ចោល
វប្បធមិកេរដូនតា ញុះញង់បញ្ចុះបញ្ចូលគំរាមកំហែង កាឡៃខ្មែរឲ្យទៅជាយួនតែមួយ ងាយស្រួលឈានឡើងរបបសង្គមនិយម ដែលមានបក្សកុម្មុយនិស្តតែមួយស្អីគេនោះ ។ សោកនាដកម្មដ៏
សាហាវយង់ឃ្មងបំផុតនោះ គឺយួនបានប្រើប្រាស់កម្លាំងយោធា និងប៉ូលិសទៅចាប់ព្រះសង្ឃរាប់ពាន់អង្គ ចាប់អាចារ្យ និងពុទ្ធបរិស័ទរាប់ពាន់នាក់ ដែលគ្មានកំហុកដាក់ពន្ធនាគារយ៉ាងរលូន ដោយពុំមានការកោតក្រែង ឬគោរពសិទ្ធិមនុស្សជាតិបន្តិចណាសោះឡើយ ។
អាកប្បកិរិយាបង្ហាញពីភាពព្រហើនកោងកាច និងប្រកបដោយគំនិតពិលពុលរបស់រដ្ឋាភិបាលយួន បានបន្តមកដល់ សព្វថ្ងៃនេះ ។ ព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងមួយទៀត នោះកាលពីឆ្នាំ ២០០៧ រដ្ឋាភិបាលយួនកុម្មុយនិស្ត បានរំលោភមកលើព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមយ៉ាងក្រឡេះខេះ ដោយរដ្ឋាភិបាល
ផ្តាច់ការមួយនេះបានចាប់ផ្សឹកព្រះសង្ឃអស់ ១៩ អង្គ ហើយបន្តឃុំខ្លួនព្រះសង្ឃក្នុងពន្ធនាគារចំនួន ៥ អង្គថែមទៀត ។ លើសពីនោះ រដ្ឋាភិបាលអញនិយមនេះដែរ បានអនុវត្តន៍ច្រាសបណ្តោយ ចាប់ប្រជាពលរដ្ឋខ្មែរឃុំឃាំង ធ្វើទារុណ្ឌកម្ម គំរាមកំហែងដល់ក្រុមគ្រួសារដែលបានចូលរួមធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលកុម្មុយនិស្តយួនគោរពសិទ្ធិដីធ្លី និងទាមទារឲ្យប្រគល់មកវិញចំនួនដីធ្លី ដែលត្រូវបានរឹបអូសយកកាលពីអំឡុងឆ្នាំ ១៩៧៨ ។
ទង្វើដ៏កំសាករបស់រដ្ឋាភិបាលផ្តាច់ការយួនទាំងអស់ហ្នឹង គឺជាតឹងតាងបង្ហាញឲ្យឃើញថា រដ្ឋាភិបាលយួនមានការភិតភ័យ នឹងកម្លាំងជំទាស់នៅកម្ពុជាក្រោម ដែលមានចំនួនកាន់តែច្រើនឡើង ៗ ។ ពីមួយថ្ងៃទៅមួយថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោមសង្កេតឃើញប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង ៗ មានការយល់ដឹងអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពជាមនុស្សជាតិ ។ គឺការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរក្រោមអំពីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនេះហើយ ដែលជាកង្វល់ដ៏ធំមួយរបស់របបកុម្មុយនិស្តយួនទៅអនាគត ពីព្រោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនេះនឹងឆ្លុះបញ្ចាំងការពិត ឲ្យខ្មែរក្រោមដឹងពីរបៀបគ្រប់គ្រងដ៏ផ្តាច់ការ មហារើសអើងរបស់ក្រុងហាណូយ ។
គំនិតបក្សពួកនិយម មារយាទមេដឹកនាំមិនសូវថ្លៃថ្នូរ រឡិករឡក់ រើសអើងគាបសង្កត់ប្រជាពលរដ្ឋខ្មែរក្រោមទាំងអស់នេះហើយ ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោមមិនអាចទ្រាំបាន ។ ដូច្នេះដើម្បីឲ្យប្រជាជាតិទូទាំងពិភពលោក ក៏ដូជាខ្មែរក្រោមកាន់តែយល់ដឹងច្បាស់ពីសិទ្ធិរបស់ផងខ្លួន ក៏ដូចជាសេចក្តីថ្លែងការណ៍សកលរបស់សហប្រជាជាតិកាលពីឆ្នាំ ១៩៤៨ ក្នុងឱកាសខួបគំរប់ឆ្នាំទី ៦០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនេះដែរសហព័ន្ធខ្មែរកម្ពុជាក្រោមមានកត្តិយសធ្វើមហាសន្តិបាតមួយ ស្តីពីសិទ្ធិមនុស្សជាតិ នៅប្រទេសអូស្ត្រាលី ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០០៨ នាទីក្រុង Canberra និងថ្ងៃទី ៦-៧ ខែធ្នូ ធ្វើនៅឯទីក្រុង Melbeurne ។
មហាសន្និបាតនេះ នឹងបញ្ចប់របបផ្តាច់ការរបស់រដ្ឋាភិបាលក្រុងហាណូយ ព្រោះសព្វថ្ងៃប្រជាពលរដ្ឋមាន មធ្យោបាយតស៊ូមតិច្រើនណាស់ ហើយបើរដ្ឋាភិបាលក្រុងហាណូយ មិនចង់បន្សល់ឈ្មោះទុកឲ្យកូនចៅជំនាន់ ក្រោយជាប្រទេស ដែលស្អុយច្រាសខ្សល់អំពីបញ្ហារំលោភសិទ្ធិមនុស្ស, ការរើសអើង ផ្តាច់ការ និងសេរីជំនឿសាសនា របស់ជនជាតិភាគតិច ឬជនជាតិដើម រដ្ឋាភិបាលក្រុងហាណូយត្រូវចេះប្រើភាពឆ្លៀសវៃរបស់ខ្លួន រៀបចំប្រទេសឲ្យមាន របៀបរៀបរយ ដោយគ្មានការរើសអើង, គ្មានអំពើរំលោភសិទ្ធិមនុស្ស, គ្មានអំពើពុករលួយ និងគ្មានការដាក់កម្រិត ផ្នែកសេរីភាពជំនឿសាសនា ៕.