សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ប្រារព្ធពិធីបុណ្យផ្ការស្មីសាមគ្គីទ្រទ្រង់សមណនិស្សិត-និស្សិត ប្រចាំឆ្នាំ២០១៣

ដោយអនុវត្តផែនការគោលរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៣នេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរ​កម្ពុជាក្រោម ដែលមានមូលដ្ឋាននៅទីក្រុង​ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលថវិកាទ្រទ្រង់សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក្នុងការសិក្សារៀនសូត្រប្រចាំឆ្នាំ២០១៣។ អង្គពិធីធ្វើឡើង​នៅ​កុដិ​លេខ១៧ វត្តបទុមវតី សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការរៀបចំពិធីបុណ្យនេះឡើង គឺព្រោះតែភាពខ្វះ​ខាត និងសេចក្ដីត្រូវការរបស់សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងសិក្សាទាំងនៅក្នុង និងក្រៅប្រទេស។

ពិធីបុណ្យផ្កានេះត្រូវបានផ្តើមគំនិតរៀបចំឡើងដោយក្រុមប្រឹក្សាភិបាល គណៈកម្មការ និងសមាជិក សមាជិកា​នៃ​សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម។ ព្រះតេជព្រះគុណ យឿង តារា ដែលជាប្រធានសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម, ព្រះតេជព្រះគុណ ម៉ក់ សម្បូណ៌ ប្រធានកុដិលេខ១៧ វត្តបទុមវតី ព្រមទាំងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។ រីឯកម្មវិធីបុណ្យមានដូចជា នៅពេលថ្ងៃត្រង់មានការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល​ជូនដល់បុព្វការីជន។ នៅវេលាម៉ោង២រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ និងវេលាម៉ោង៤រសៀល ប្រារព្ធបទនមស្ការ សមាទាននិច្ចសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងអារាធនាធម្មកថិកសម្ដែងធម្មវិសេសទេសនាគ្រែពីរ និងទីបញ្ចប់នៃ​ធម៌ទេសនា គឺការឧទ្ទិសភាគផលជាកិច្ចបង្ហើយបុណ្យ។ ពិធីបុណ្យមានមនុស្សប្រមាណជាជាងមួយពាន់នាក់ចូលរួម។

ព្រះតេជព្រះគុណ កែ អ៊ុក ដែលជាអនុប្រធានទី១ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងជាអង្គធម្ម​កថិកសម្ដែងធម៌ទេសនា ក្នុងងារជាព្រះអនុត្ថេរនោះ បានមានថេរដីកាក្នុងឱកាសសម្ដែងធម៌ទេសនាថា ការធ្វើបុណ្យផ្កា​នេះគឺក្នុងគោលបំណងយកបច្ច័យកសាងធនធានមនុស្ស។

ស្ដ្រីម្នាក់ដែលរស់នៅភូមិទួលសង្កែ សង្កាត់ទួលគោក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា គាត់​តែងតែគាំទ្រជានិច្ចចំពោះការប្រារព្ធពិធីបុណ្យផ្កានេះ ដើម្បីស្វែងរកថវិកាជួយដល់អ្នកក្រីក្រមានឱកាសបន្តការសិក្សារៀន​សូត្រ។ គាត់ថាកម្មវិធីនេះមានភាពល្អប្រសើ។

រីឯយុវជនម្នាក់ឈ្មោះ ស៊ុន ស៊ីណារាជ ដែលជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះយុគន្ធរ និងជាសិស្សនៅសាលា​បញ្ញា​សាស្ដ្រ​កម្ពុជា ដែលបានចូលរួមចាប់មគ្គផលក្នុងពិធីបុណ្យផ្កានោះ ​បានមានប្រសសាសន៍យល់ស្របផងដែរថា ជា​ការ​ល្អ និងជាការជួយគ្នាទៅវិញទៅមកក្នុងគ្រាក្រ។ យុវជនរូបនេះបានបន្តទៀតថាគាត់តែងតែចូលរួមក្នុងសកម្មភាពជា​ហូហែ​មក​ដែរជាមួយព្រះសង្ឃខ្មែរក្រោម។ យុវជនរូបនេះក៏សម្ដែងនូវសេចក្ដីសង្ឃឹមថា សមណនិស្សិត ឬនិស្សិតដែល​ទទួលបាន​​ជំនួយតាមរយៈបុណ្យផ្កាថ្ងៃនេះ នឹងខិត្តខំសិក្សាស្របតាមគោលបំណងរបស់ពុទ្ធបរិស័ទ​ដែល​ចង់​បាន។

រីឯលោក កៃ ចាន់សុធា ដែលជាប្រធានការិយាល័យសិក្សាធិការ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា​ក្រោម បានឲ្យដឹងផងដែរថា ផែនការសិក្សាប្រចាំឆ្នាំ២០១៣នេះមានដូចជា ការបញ្ជូនសមាជិកទៅសិក្សានៅក្រៅប្រទេស ការផ្តល់អាហារូបករណ៍ដល់សមាជិកដែលកំពុងសិក្សានៅក្នុងប្រទេស និងការបើកវគ្គបណ្ដុះបណ្ដាលផ្នែករដ្ឋ​បាលដល់​សមាជិកគណៈកម្មការ រួមទាំងផែនការផ្នែកអប់រំផងដែរ។ រីឯការចំណាយ គឺសម្ព័ន្ធបានគិតជារួមដែលត្រូវ​ចំណាយប្រ​មាណ​ជាជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ចំណែកថវិកាដែលបានមក គឺតាមរយៈសប្បុរសជន និងការធ្វើពិធី​បុណ្យ​ផ្កានេះជាដើម។ ក្នុងនាមជាប្រធានសិក្សាធិការ លោក កៃ ចាន់សុធា សង្ឃឹមដល់សមណនិស្សិត និស្សិតនឹងខិត្តខំ​ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានជោគជ័យ ដើម្បីកុំឲ្យម្ចាស់ទានមានការខកបំណង។

ព្រះតេជព្រះគុណ យឿង តារា ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានមានថេរដីកា​ឲ្យ​ដឹង​ថា សមាជិក សមាជិការបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមរហូតមកដល់ពេលនេះ មានប្រមាណ​ជា​៣៥០​រូប។ ក្នុងចំណោមសមាជិក សមាជិកាទាំងនោះមានទាំងនៅក្នុង និងក្រៅប្រទេសផង ហើយសមាជិកទាំងនោះភាគច្រើន​គឺ​សិក្សាត្រឹមកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)។ ព្រះអង្គបានមានថេរដីកាបន្តថា សមាជិកទាំង​អស់មានភាពខ្វះខាតស្ទើតែទាំងស្រុង ព្រោះមកពីកម្ពុជាក្រោមដែលជាអ្នកគ្មានទីលំនៅឋានផ្ទាល់ខ្លួន គឺភាគច្រើនរស់​នៅពឹងអាស្រ័យតាមបណ្ដាវត្តអារាម។ រីឯការជ្រើសរើសបេក្ខភាពដែលនឹងត្រូវបានទទួលអាហារូបករណ៍នោះ ព្រះ​អង្គ​បានមានថេរដីការឲ្យដឹងថា គឺពិនិត្យមើលទៅលើស្ថានភាពជាក់ស្ដែង និងសកម្មភាពការងារក្នុងសង្គម។

សូមជម្រាបផងដែរថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានផែនការសកម្មភាពគោលមួយនេះ​ចាប់តាំងពីឆ្នាំ២០១០មកម្លេះ ហើយសម្ព័ន្ធនឹងរក្សាផែនការសកម្មភាពមួយនេះជារៀងរាល់ឆ្នាំ។

គឹម បុរី VOKK