សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រមទាំងកុមារា កុមារី និងសប្បុរសជនមួយចំនួនប្រមាណជា៥០រូប បានជួបជុំគ្នានៅទីស្នាក់ការកណ្ដាល នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឋិតក្នុងកុដិលេខ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២ ដើម្បីប្រារព្ធពិធីផ្តល់អាហារូបករណ៍ដល់សមាជិក សមាជិកា ប្រចាំឆ្នាំ។
ព្រះតេជព្រះគុណ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានមានថេរដីកាថា សមាជិក សមាជិកានៃគណៈកម្មការសម្រាប់អាណត្តិទី៤នេះ និងសមាជិក សមាជិកាគាំទ្រនៃសម្ព័ន្ធសមណ និស្សតិ-និស្សិតខ្មែរកម្ពុជាក្រោមទាំងអស់មានប្រមាណជាជាង៣០០រូប។ សម្រាប់ការផ្តល់អាហារូបករណ៍ ប្រចាំ ឆ្នាំ២០១២នេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានផ្អែលទៅលើលក្ខណៈសម្បត្តិដែលសមាជិក សមាជិការូបណា ដែលជាគណៈកម្មការក្ដី និងជាសមាជិកគាំទ្រក្តីដែលមានការខ្វះខាតពិតប្រាកដ និងខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រពិតប្រាកដ ព្រមទាំងមានការចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ទើបសម្ព័ន្ធ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សម្រេចផ្តល់អាហារូបករណ៍ឲ្យ “គណៈកម្មការសម្ព័ន្ធ បានពិភាក្សាគ្នា ជាពិសេសសម្លឹងទៅលើគណៈកម្មការ ក៏ដូចជាសមាជិក សមាជិកា ដែលសព្វថ្ងៃកំពុងសិក្សា នៅក្នុង ប្រទេសកម្ពុជាយើង ហើយមានភាពខ្វះខាតជាក់ស្ដែង ហើយទន្ទឹមនឹងភាពខ្វះខាតនោះដែរ ក៏ឲ្យគណៈកម្មការ សម្ព័ន្ធបានសម្រេច គឺផ្តល់អាទិភាពទៅដល់គណៈកម្មការ ដ៏ដូចជាសមាជិក សមាជិកទាំងអស់ ដែលធ្វើ ការងារសកម្ម”។
ព្រះអង្គបានមានថេរដីកាទៀតថា ឆ្នាំនេះសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ដល់សមាជិករបស់ខ្លួនបានត្រឹមតែ៨អង្គ និងរូប តិចជាងឆ្នាំកន្លងទៅដែលមានចំនួន ១៧ អង្គ និងរូបនេះ ដោយសារ ការស្វែងរកអាហារូបករណ៍ឆ្នាំនេះបានតិចតួច។ ព្រះអង្គក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភដល់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឲ្យបានច្រើនថែមទៀត សម្រាប់ឆ្នាំក្រោយៗ ដើម្បីផ្គត់ផ្គង់ដល់សមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម បានសិក្សារៀនសូត្រជោគជ័យ សម្រាប់ជាធនធានមនុស្សរបស់សង្គម “សម្រាប់ទីអនាគតនោះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នឹងមានគោលការណ៍ដើម្បីស្វែងរកនូវម្ចាស់ជំនួយក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ដើម្បីប្រមូលបាន ការជំនួយ នេះមកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ដើម្បីយកថវិកានេះមកជួយដល់សមណនិស្សិត ក៏ដូចជានិស្សិតដែល កំពុងសិក្សានៅកម្ពុជា ជាពិសេសគណៈកម្មការ និងសមាជិក សមាជិកា”។
បេក្ខសមណនិស្សិត-និស្សិតដែលទទួលបានអាហារូបករណ៍ចំនួន៨អង្គនិងរូបនោះគឺ៖
- ព្រះតេជគុណ យ៉ឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សិក្សានៅមជ្ឈមណ្ឌលអូស្ដ្រាលីសម្រាប់ការបណ្ដុះបណ្ដាល។
- ព្រះតេជគុណ កែ អ៊ុក អនុប្រធានទី២ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សិក្សា នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យសាស្ដ្រសេដ្ឋកិច្ចថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣។ និងជាសមណ និស្សិតនៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤។
- ព្រះតេជគុណ សម សុជាតិ អតីតអគ្គលេខាធិការ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សិក្សានៅសកលវិទ្យាល័យ SIAM ប្រទេសថៃ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី១។
- ព្រះតេជគុណ កៀង សនប្រសិទ្ធិ៍ ប្រធានការិយាល័យសង្គមកិច្ច នៃសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម សិក្សានៅសកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤។
- ព្រះតេជគុណ រិន្ទ ភិរម្យ សហការីនៃការិយាល័យស្រាវជ្រាវវប្បធម៌ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សិក្សានៅសកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២។
- ព្រះតេជគុណ សួន សុនី អនុប្រធានការិយាល័យស្ថិតិ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សិក្សានៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២ និងជាសមណសិស្ស នៅសាលាបញ្ញាសាស្ដ្រអន្តរជាតិកម្ពុជា។
- កញ្ញា ពៅ កេសរ ជាអនុប្រធានទី២ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី១។
- លោក ថាច់ ចក្ក្រាវុឌ្ឍ អនុប្រធានការិយាល័យសង្គមកិច្ច នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សិក្សានៅសកលវិទ្យាល័យបញ្ញាជាតិ ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣។
កញ្ញា ពៅ កេសរ បានមានប្រសាសន៍ថា នាងមានសេចក្ដីសោមនស្សរីករាយដោយបានទទួលអាហារូបករណ៍ ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នាងបានថ្លែងអំណរអរគុណ និងសច្ចចំពោះសម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងសប្បុរសជនដែលបានឧបត្ថម្ភថា នឹងខិត្តខំប្រឹងប្រែងសិក្សារៀនសូត្រ ឲ្យបានកាន់តែល្អថែមទៀតទៅថ្ងៃក្រោ “នាងខ្ញុំនឹងរំពឹងទុកសម្រាប់ខ្លួនឯងថា នាងខ្ញុំបានចូលរួមជ្រោមជ្រែង ក្នុងកិច្ចការសង្គម ក៏ដូចជាខំប្ដេជ្ញាចិត្តដើម្បីសិក្សាតទៅមុខទៀត ដើម្បីទទួលបាននូវលទ្ធផល ល៏ដូចជាជំនួស ឲ្យការទទួលបាននូវអាហារូបករណ៍នេះផងដែរ”។
ប្រធានការិយាល័យសិក្សាធិការ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម លោក កៃ ចាន់សុធា បានមានប្រសាសន៍ឲ្យដឹងថា សព្វថ្ងៃសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមប្រមាណជា១០០អង្គ និងរូប កំពុង សិក្សានៅតាមបណ្ដាសកលវិទ្យាល័យនានា នៅកម្ពុជា មានថ្នាក់បរិញ្ញាបត្រផង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផង “ក្នុងនោះសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាអនុបណ្ឌិត និងបណ្ឌិត សរុបមកជាង១០០អង្គនិងរូប ហើយក្នុង ១០០ អង្គហ្នឹងគឺអ្នកខ្លះក៏បានសិក្សា អ្នកខ្លះត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ការិយាល័យសិក្សាធិការរបស់លោកមានផែនការបើកវគ្គបណ្ដុះ បណ្ដាលជាច្រើនដូចជាវគ្គវិជ្ជានិពន្ធ កុំព្យូទ័រ ភាសាអង់គ្លេសជាដើម។ បច្ចុប្បន្ន ដោយសារ ទីស្នាក់ការតូចចង្អៀត ក៏មិនបានពង្រីកកម្មវិធីបណ្ដុះបណ្ដាលថែមទៀតទេ តែសម្ព័ន្ធនឹងបន្តកម្មវិធីនេះទៀត នៅពេលដែល សាងសង់ ទីស្នាក់ការថ្មី ព្រោះសម្ព័ន្ធកំពុងសន្សំថវិកាទិញដីមួយកន្លែងដោយបង់រំលោះ។
សូមជម្រាបផងដែរថា អាហារូបករណ៍នេះ ដែលបេក្ខជននីមួយៗទទួលបាន គិតជាចំនួន៥០% នៃតម្លៃពេញ នៅតាមបណ្ដាសកលវិទ្យាល័យ ដោយគិតជាទឹកប្រាក់មានចំនួន ២៥០ ដុល្លារ សហរដ្ឋអាមេរិក។ ដោយៈ គឹម បុរី/VOKK