គឺ “ដើម្បីភាពយូរអង្វែងរបស់ទីបេ” ទើប ព្រះអង្គ សម្រេចបោះបង់តួនាទីនយោបាយ មិនមែនព្រោះតែព្រះអង្គបាក់ទឹកចិត្ត នឹងការ តស៊ូទេ! នេះជាសង្ឃដីការបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា ពីទីក្រុង Dharamsala ប្រទេសឥណ្ឌា ក្នុងពិធីរំលឹកខួបលើកទី៥២ឆ្នាំ (១០មីនា)នៃការនិរទេសខ្លួនចេញពីទីបេ។ ប៉ុន្តែ ព្រះអង្គ បានធានាអះអាង ដល់បណ្តាជនទីបេថា ទោះលែងមានតួនាទីនយោបាយ ក៏ព្រះអង្គនៅតែបន្តដើរតួតស៊ូ ដើម្បីបុព្វហេតុទីបេជានិច្ច។ ពេលវេលាដ៏សក្តិសមបានមកដល់ហើយ តាំងពីឆ្នាំ១៩៦០មក ព្រះអង្គតែងទន្ទេញចង់ផ្ទេរអំណាចទៅឲ្យមេដឹកនាំថ្មី ដែលជ្រើសតាំងដោយប្រជាជន និងដោយសេរី ពីព្រោះនេះជាសេចក្តីត្រូវការពិតរបស់ទីបេ។
សេចក្តីប្រកាសចាកចេញពីឆាកនយោបាយ ជាផ្លូវការ ដែលសភាត្រូវផ្តល់សច្ចាប័ននៅចន្ទសប្តាហ៍ក្រោយ នឹងអនុញ្ញាតឲ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទីបេ ថ្មី នៅក្នុងខែនេះ និងអនុញ្ញាតឲ្យរដ្ឋាភិបាលនិរទេសទីបេ ធ្វើទំនើបកម្ម មានអំណាចថ្មីលើឆាកអន្តរជាតិ។ ពីព្រោះបេក្ខជននាយករដ្ឋមន្ត្រីទាំងបីរូប ដែលអាចនឹងមកបន្តតំណែងពីសម្តេចសង្ឃ សុទ្ធតែជនសាមញ្ញ មិនមែនជាបព្វជិតទេ។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ចេញប្រតិកម្មថា សម្តេច ដាឡៃ ឡាម៉ា ធា្លប់បានប្រកាសដកខ្លួនពីរដ្ឋាភិបាលនិរទេស ជាច្រើនលើកច្រើនសារាប់មិនអស់ ដូច្នេះសេចក្តីថ្លែងការណ៍លើកនេះគ្រាន់តែជា “ល្បិចកល” ចង់បន្លំភ្នែកសហគមន៍អន្តរជាតិ ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ទោះបីជាមានព្រះជន្ម៧៥ព្រះវស្សាទៅហើយ និងមានជំងឺបៀតបៀនទៀតក៏ដោយ ក៏ព្រះអង្គនៅតែធ្វើដំណើរគ្រប់ទិសទី លើពិភពលោកដើម្បីការពារបុព្វហេតុរបស់ព្រះអង្គ និងប្រជាជនទីបេ ក្នុងការទាមទារស្វ័យភាពវប្បធម៌ ពីអាជ្ញាធរចិន៕ ប្រភព៖ RFI