សម្ដេចសង្ឃ ទេព វង្ស បំពេញទស្សនកិច្ចខេត្តព្រះត្រពាំង

(សារព័ត៌មាន ព្រៃនគរ-ខេត្តព្រះត្រពាំង) ព្រឹកថ្ងៃទី ១៨ ខែកក្កដា  ប្រតិភូព្រះពុទ្ធសាសនាខ្មែរ ដឹកនាំដោយ សម្ដេចសង្ឃ ទេព វង្ស នៃប្រទេសកម្ពុជាបានមកបំពេញទស្សនកិច្ច នៅសាលាគណខេត្តព្រះត្រពាំង ឋិតនៅ ក្នុងវត្តពោធិលាលរាជ (កំពង់) ដែលជាមជ្ឈមណ្ឌលកិច្ចការសង្ឃខ្មែរក្រោមនៃខេត្តមួយនេះ ដោយមានកិច្ច ស្វាគមន៍ ពីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមប្រមាណជាង ២០០ អង្គ និងរូប ។ ដំណើរមកបំពេញ ទស្សនកិច្ចនៅវត្តកំពង់នេះ បន្ទាប់ពីក្រុមប្រតិភូនេះបានចូលបំពេញទស្សនកិច្ច នៅការិយាល័យសមាគម ព្រះពុទ្ធសាសនាវៀតណាម ប្រចាំខេត្តត្រាវិញ ដែលមានទីស្នាក់ការ នៅក្នុងវត្តឡឿងស្វៀង (chùa Lương Xuyên) ។

កិច្ចប្រជុំនៅសាលាគណខេត្តព្រះត្រពាំងព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១២ ។

ពេលចូលដល់វត្តពោធិសាលរាជ ( កំពង់ ) ក្រុមប្រតិភូ , មន្រ្តីព្រះសង្ឃខ្មែរក្រោម ,មន្រីសង្ឃមហាយាន ជនជាតិយួន និងតំណាងអាជ្ញាធរវៀតណាម បានចូលគោរពព្រះពុទ្ធបដិមានៅរោងឧបោសថាគារ និងបន្ទាប់ មកបានបើកកិច្ចប្រជុំមួយនៅសាលាគណខេត្ត ។ នៅក្នុងកិច្ចប្រជុំនេះ តំណាងព្រះសង្ឃខ្មែរក្រោម មានព្រះតេជ ព្រះគុណ ថាច់ សុខ សាន្ត ព្រះចៅអធិការវត្តអង្គររាជបូរី (អង្គ) និងជាប្រធានប្រតិបត្តិខេត្តព្រះត្រពាំង នៃសមាគមព្រះពុទ្ធសាសនាវៀតណាម, ព្រះតេជព្រះគុណ ថាច់ អង ព្រះមេគណខេត្តព្រះត្រពាំង , ព្រះតេជព្រះគុណ យ៉េបទើយ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេជាតិខេត្តព្រះត្រពាំង, ព្រះតេជព្រះគុណ ថាច់ ហ្វាយ ព្រះចៅអធិការវត្តពោធិសាលរាជ (កំពង់ ) និងមានព្រះចៅអធិការនានាវត្ត នៅក្នុងខេត្ត និមន្តមកផងដែរ ។ ខ្លឹមសារនៃដំណើរទស្សនកិច្ច និងកិច្ចប្រជុំនៅសាលាគណខេត្តនេះ  ធ្វើឡើង ដើម្បី រឹតបន្តឹងចំណង មិត្តភាពរវាងរដ្ឋនិងសាសនានៃប្រទេសទាំងពីរ គឺវៀតណាមនិងកម្ពុជា តាមវត្ថុបំណងសមាគម ព្រះពុទ្ធសាសនាវៀតណាម ដែលជាសមាគមព្រះពុទ្ធសាសនាមួយ បង្កើតឡើងបក្សកុម្មុយនិស្តវៀតណាម ។

ដំណើរទស្សនកិច្ចមកខេត្តព្រះត្រពាំងនេះ បន្ទាប់ពីក្រុមប្រតិភូព្រះពុទ្ធសាសនាខ្មែរបានបំពេញ ទស្សនកិច្ច នៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី ១០ ខែកក្កដា មក ក្នុងនោះ អាជ្ញាធរវៀតណាម ក៏បានផ្ដល់ឱកាសឲ្យ ចូលបំពេញទស្សកិច្ចនៅទីតាំងរបស់ខ្មែរក្រោមផងដែរ មានដូចជា វត្តចន្ទរង្សីនៅ ទីក្រុងព្រៃនគរថ្ងៃទី ១៥ , វិជ្ជាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ ឋិតនៅក្នុងវត្តពោធិសំរោង  ខេត្តព្រែកឫស្សី ថ្ងៃទី ១៦, សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឬ អតីតសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង នៅ ខេត្តឃ្លាំង ថ្ងៃទី ១៧ និងសាលាគណខេត្តព្រះត្រពាំង នៅវត្តពោធិសាលរាជ (កំពង់ ) នៅខេត្តព្រះត្រពាំង ថ្ងៃទី ១៨ ខែកក្កដា ។ តាមប្រភពព័តមានចេញផ្សាយដោយគេហទំព័រវៀតណាមក្នុងស្រុក នៅថ្ងៃទី ១៩ ខែកក្កដា នេះក្រុមប្រតិភូនេះ កំពុងទស្សនាតំបន់ទេសចរណ៍មួយចំនួន នៅទីក្រុងព្រៃនគរ ហើយចេញដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃនេះ ៕

រូបថតទិដ្ឋភាពប្រតិភូព្រះពុទ្ធសាសនាខ្មែរដឹកនាំដោយ សម្ដេចសង្ឃ ទេព វង្ស បំពេញទស្សនកិច្ច វត្តពោធិលាលរាជ (កំពង់) ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១២ ៖